ម៉ាថាយ 21:1-11
ម៉ាថាយ 21:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលគេបានមកជិតក្រុងយេរូសាឡិម នៅភូមិបេតផាសេ ត្រង់ភ្នំដើមអូលីវ ព្រះយេស៊ូវចាត់សិស្សពីរនាក់ឲ្យទៅ ដោយមានព្រះបន្ទូលទៅគេថា៖ «ចូរទៅភូមិខាងមុខនោះទៅ ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយ ដែលគេចងទុកជាមួយកូនរបស់វា។ ចូរស្រាយវា ហើយយកមកឲ្យខ្ញុំ។ ប្រសិនបើមានអ្នកណាសួរអ្វីដល់អ្នក ចូរប្រាប់គេថា "ព្រះអម្ចាស់ត្រូវការវា" ហើយគេនឹងឲ្យវាមកភ្លាម»។ ការនេះកើតឡើងដើម្បីឲ្យបានសម្រេចសេចក្ដី ដែលបានថ្លែងទុកមកតាមរយៈហោរាថា៖ «ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល៍ ស្តេចរបស់អ្នកយាងមករកអ្នកហើយ ទ្រង់សុភាព ហើយគង់លើសត្វលា និងលើកូនលា ជាកូនរបស់មេលា» ។ សិស្សទាំងពីរក៏ទៅ ហើយធ្វើតាមដូចព្រះយេស៊ូវបានបង្គាប់។ គេបាននាំមេលា និងកូនវាមក ហើយក្រាលអាវរបស់គេលើខ្នងមេលា និងកូនវា រួចព្រះអង្គក៏គង់លើវា។ បណ្ដាជនជាច្រើនបានក្រាលអាវរបស់ខ្លួនតាមផ្លូវ ខ្លះទៀតកាប់មែកឈើយកមករាយតាមផ្លូវ។ មហាជនដែលដើរហែហមពីមុខ និងពីក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ! ថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!» ពេលព្រះអង្គយាងចូលក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលមានការរំជើបរំជួល ហើយសួរថា៖ «តើលោកនេះជាអ្នកណា?» មហាជនឆ្លើយថា៖ «លោកនេះជាហោរាយេស៊ូវ មកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ»។
ម៉ាថាយ 21:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងមកជាមួយពួកសិស្ស* ជិតដល់ក្រុងយេរូសាឡឹមហើយ។ កាលមកដល់ភូមិបេតផាសេ ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីរនាក់ឲ្យទៅមុន ទាំងមានព្រះបន្ទូលថា៖ «ចូរទៅភូមិដែលនៅមុខអ្នករាល់គ្នា។ ពេលទៅដល់ភ្លាម អ្នកនឹងឃើញមេលាមួយដែលគេចងនៅទីនោះ ហើយមានកូនវានៅជាមួយដែរ។ ចូរស្រាយវាដឹកមកឲ្យខ្ញុំ។ ប្រសិនបើមាននរណាសួរ ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន»។ ព្រឹត្តិការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលមានចែងទុកតាមរយៈព្យាការី*ថា៖ «ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថា: មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ។ ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់លើខ្នងលា ហើយគង់លើខ្នងកូនលាផងដែរ» ។ សិស្សទាំងពីរនាំគ្នាចេញទៅ ធ្វើតាមបញ្ជារបស់ព្រះយេស៊ូ ដឹកមេលា និងកូនវាមក។ គេយកអាវក្រាលពីលើខ្នងលា និងលើខ្នងកូនលាផង ហើយព្រះយេស៊ូឡើងគង់លើខ្នងវា។ នៅពេលនោះ មានបណ្ដាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។ មហាជនដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! ព្រះរាជវង្សរបស់ព្រះបាទដាវីឌ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!» ។ កាលព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹម ប្រជាជននៅក្នុងទីក្រុងទាំងមូលនាំគ្នាជ្រួលច្របល់ សួរថា៖ «តើលោកនោះជានរណា?»។ មហាជនឆ្លើយថា៖ «លោកជាព្យាការី*យេស៊ូមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ»។
ម៉ាថាយ 21:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រាបានមកជិតក្រុងយេរូសាឡិមហើយ ដល់ភូមិបេតផាសេ ខាងភ្នំដើមអូលីវ នោះព្រះយេស៊ូវទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ដោយបន្ទូលថា ចូរទៅឯភូមិនៅខាងមុខនោះ អ្នកនឹងឃើញមេលា១គេចងទុក នឹងកូនវានៅជាមួយគ្នា ចូរស្រាយដឹកនាំវាមកឯខ្ញុំ បើអ្នកណាថាអ្វីឲ្យ នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេនឹងឲ្យវាមកហើយ ការទាំងនេះកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល ស្តេចនៃនាង ទ្រង់យាងមកឯនាង ទ្រង់សុភាព ហើយគង់លើសត្វលា គឺជាលាជំទង់ ដែលជាកូនរបស់មេលា» សិស្សនោះក៏ទៅធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយនាំមេលានឹងកូនវាមក រួចក្រាលអាវខ្លួនលើខ្នងថ្វាយទ្រង់គង់ ឯហ្វូងមនុស្សស្ទើរតែទាំងអស់បានក្រាលអាវខ្លួននៅផ្លូវ ខ្លះក៏កាប់មែកឈើយកមករាយតាមផ្លូវផង ហើយបណ្តាមនុស្សដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត រួចកាលទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិមហើយ នោះកើតមានសេចក្ដីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា លោកនេះជាអ្នកណា ហ្វូងមនុស្សឆ្លើយឡើងថា នេះគឺជាហោរាយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ។