ម៉ាថាយ 21:1-11

ម៉ាថាយ 21:1-11 ពគប

គ្រា​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម​ហើយ ដល់​ភូមិ​បេត‌ផាសេ ខាង​ភ្នំ​ដើម​អូលីវ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​នៅ​ខាង​មុខ​នោះ អ្នក​នឹង​ឃើញ​មេ​លា​១​គេ​ចង​ទុក នឹង​កូន​វា​នៅ​ជា​មួយ​គ្នា ចូរ​ស្រាយ​ដឹក‌នាំ​វា​មក​ឯ​ខ្ញុំ បើ​អ្នក​ណា​ថា​អ្វី​ឲ្យ នោះ​ត្រូវ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ ការ​ទាំង​នេះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ដែល​ជា​កូន​របស់​មេ​លា» សិស្ស​នោះ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេស៊ូវ ហើយ​នាំ​មេលា​នឹង​កូន​វា​មក រួច​ក្រាល​អាវ​ខ្លួន​លើ​ខ្នង​ថ្វាយ​ទ្រង់​គង់ ឯ​ហ្វូង​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​បាន​ក្រាល​អាវ​ខ្លួន​នៅ​ផ្លូវ ខ្លះ​ក៏​កាប់​មែក​ឈើ​យក​មក​រាយ​តាម​ផ្លូវ​ផង ហើយ​បណ្តា​មនុស្ស​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ដល់​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ព្រះ‌អង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត រួច​កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​កើត​មាន​សេចក្ដី​ជ្រួល‌ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា ហ្វូង​មនុស្ស​ឆ្លើយ​ឡើង​ថា នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ។

អាន ម៉ាថាយ 21