ម៉ាថាយ 21:1-11

ម៉ាថាយ 21:1-11 គកស១៦

ពេល​គេ​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម នៅ​ភូមិ​បេតផាសេ ត្រង់​ភ្នំ​ដើម​អូលីវ ព្រះ‌យេស៊ូវ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ​ទៅ ហើយ​ភ្លាម​នោះ​អ្នក​នឹង​ឃើញ​មេ​លា​មួយ ដែល​គេ​ចង​ទុក​ជា​មួយ​កូន​របស់​វា។ ចូរ​ស្រាយ​វា ហើយ​យក​មក​ឲ្យ​ខ្ញុំ។ ប្រសិន‌បើ​មាន​អ្នក​ណា​សួរ​អ្វី​ដល់​អ្នក ចូរ​ប្រាប់​គេ​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា" ហើយ​គេ​នឹង​ឲ្យ​វា​មក​ភ្លាម»។ ការ​នេះ​កើត​ឡើង​ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី ដែល​បាន​ថ្លែង​ទុក​មក​តាម​រយៈ​ហោរា​ថា៖ «ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល៍ ស្តេច​របស់​អ្នក​យាង​មក​រក​អ្នក​ហើយ ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា និង​លើកូន​លា ជា​កូន​របស់​មេ​លា» ។ សិស្ស​ទាំង​ពីរ​ក៏​ទៅ ហើយ​ធ្វើ​តាម​ដូច​ព្រះ‌យេស៊ូវ​បាន​បង្គាប់។ គេ​បាន​នាំ​មេ​លា និង​កូន​វា​មក ហើយ​ក្រាល​អាវ​របស់​គេ​លើ​ខ្នង​មេ​លា និង​កូន​វា រួច​ព្រះ‌អង្គ​ក៏​គង់​លើ​វា។ បណ្ដា‌ជន​ជា​ច្រើន​បាន​ក្រាល​អាវ​របស់​ខ្លួន​តាម​ផ្លូវ ខ្លះ​ទៀត​កាប់​មែក​ឈើ​យក​មក​រាយ​តាម​ផ្លូវ។ មហា‌ជន​ដែល​ដើរ​ហែ‌ហម​ពី​មុខ និង​ពី​ក្រោយ​ព្រះ‌អង្គ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសាណា ដល់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ! ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ! ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!» ពេល​ព្រះ‌អង្គ​យាង​ចូល​ក្រុង​យេរូ‌សាឡិម អ្នក​ក្រុង​ទាំង​មូល​មាន​ការ​រំជើប​រំជួល ហើយ​សួរ​ថា៖ «តើ​លោក​នេះ​ជា​អ្នក​ណា?» មហា‌ជន​ឆ្លើយ​ថា៖ «លោក​នេះ​ជា​ហោរា​យេស៊ូវ មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ»។

អាន ម៉ាថាយ 21