លេវីវិន័យ 5:10-18
លេវីវិន័យ 5:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯសត្វទីពីរ នោះត្រូវថ្វាយជាតង្វាយដុតតាមទម្លាប់ ដូច្នេះ សង្ឃត្រូវថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយអ្នកនោះនឹងបានរួចពីទោស។ បើអ្នកនោះខ្វះខាត គ្មានល្មមនឹងយកលលកពីរ ឬព្រាបជំទើរពីរបានទេ នោះត្រូវយកម្សៅយ៉ាងម៉ដ្តមួយខ្ញឹង មកទុកជាតង្វាយលោះបាប ដោយព្រោះអំពើដែលខ្លួនបានប្រព្រឹត្ត តែមិនត្រូវចាក់ប្រេង ឬដាក់កំញានទេ ដ្បិតជាតង្វាយសម្រាប់លោះបាប ត្រូវឲ្យអ្នកនោះយកទៅជូនសង្ឃ ហើយសង្ឃត្រូវយកមួយក្តាប់ ទុកជាទីរំឭកទៅដុតលើអាសនា តាមរបៀបតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នេះហើយជាតង្វាយលោះបាប។ សង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកនោះ ចំពោះការដែលបានប្រព្រឹត្តរំលងក្នុងបទណាមួយនោះ រួចអ្នកនោះនឹងបានរួចចាកទោស ឯម្សៅដែលនៅសល់ នោះត្រូវបានសម្រាប់សង្ឃវិញ ដូចជាក្នុងតង្វាយម្សៅដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធរបស់ព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកតង្វាយដែលសម្រាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង។ ហើយត្រូវសងតាមតម្លៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែមមួយភាគប្រាំផង ប្រគល់ទៅឲ្យសង្ឃ ហើយសង្ឃត្រូវថ្វាយចៀមឈ្មោលនោះទុកជាតង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។ បើអ្នកណាធ្វើបាប ដោយប្រព្រឹត្តការអ្វីដែលព្រះយេហូវ៉ាបានហាមមិនឲ្យធ្វើ ទោះបើមិនបានដឹងក៏ដោយ គង់តែអ្នកនោះមានទោស ហើយត្រូវទ្រាំទ្រចំពោះអំពើទុច្ចរិតរបស់ខ្លួន ត្រូវឲ្យអ្នកនោះយកចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ មកប្រគល់ដល់សង្ឃតាមដែលគិតថ្លៃ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការរំលង សង្ឃត្រូវថ្វាយឲ្យធួននឹងកំហុស ដែលអ្នកនោះបានប្រព្រឹត្តដោយឥតដឹង រួចអ្នកនោះនឹងបានរួចពីទោស។
លេវីវិន័យ 5:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកបូជាចារ្យថ្វាយសត្វទីពីរជាតង្វាយដុតទាំងមូល ស្របតាមច្បាប់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។ ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្ដមួយភាគដប់នៃអេផា* មកថ្វាយជាយញ្ញបូជារំដោះបាប។ ប៉ុន្តែ គេមិនត្រូវចាក់ប្រេង ឬដាក់គ្រឿងក្រអូបពីលើម្សៅនោះទេ ព្រោះជាយញ្ញបូជារំដោះបាប។ គេយកម្សៅនោះទៅជូនលោកបូជាចារ្យ។ លោកបូជាចារ្យ យកម្សៅពេញមួយក្ដាប់ ទុកជាទីរំឭក* ហើយដុតម្សៅនោះនៅលើអាសនៈ រួមជាមួយយញ្ញបូជាឯទៀតៗដែលគេដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាតង្វាយរំដោះបាប។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបណាមួយដែលអ្នកនោះបានប្រព្រឹត្ត ហើយគាត់ក៏បានរួចពីបាប។ បូជាចារ្យធ្វើដូច្នេះ ដូចថ្វាយតង្វាយម្សៅឯទៀតៗដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើក្រឹត្យវិន័យស្ដីអំពីវត្ថុសក្ការៈដែលត្រូវថ្វាយព្រះអម្ចាស់ នោះគាត់ត្រូវនាំយកចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកថ្វាយព្រះអង្គ ដើម្បីរំដោះខ្លួនឲ្យរួចពីបាប។ សត្វនោះត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើនៅក្នុងទីសក្ការៈ។ ម្យ៉ាងទៀត អ្នកនោះត្រូវតែសងវត្ថុសក្ការៈដែលខ្លួនបានយកទៅជូនបូជាចារ្យវិញ ដោយបន្ថែមមួយភាគប្រាំនៃតម្លៃវត្ថុនោះផង។ លោកបូជាចារ្យធ្វើពិធីរំដោះបាបឲ្យគាត់ ដោយយកចៀមឈ្មោលទៅធ្វើយញ្ញបូជាលោះបាប ហើយព្រះជាម្ចាស់នឹងអត់ទោសឲ្យគាត់។ ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាប ដោយមិនដឹងខ្លួន គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលឲ្យខ្លួនមានទោស គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួន មកជូនលោកបូជាចារ្យ ដោយគិតតាមតម្លៃយញ្ញបូជា សម្រាប់រំដោះខ្លួនឲ្យរួចពីបាប។ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលគាត់បានប្រព្រឹត្តដោយអចេតនា ហើយគាត់ក៏បានរួចពីបាប។
លេវីវិន័យ 5:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសត្វទី២ នោះត្រូវថ្វាយជាដង្វាយដុតតាមទំលាប់ ដូច្នេះត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាប ដែលអ្នកនោះបានប្រព្រឹត្ត ហើយអ្នកនោះនឹងបានរួចចាកទោស។ បើអ្នកនោះខ្វះខាត គ្មានល្មមនឹងយកលលក២ ឬព្រាបជំទើរ២បានទេ នោះត្រូវយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង មកទុកជាដង្វាយលោះបាប ដោយព្រោះអំពើដែលខ្លួនបានប្រព្រឹត្ត តែមិនត្រូវចាក់ប្រេងឬដាក់កំញានទេ ដ្បិតជាដង្វាយសំរាប់លោះបាប ត្រូវឲ្យអ្នកនោះនាំយកទៅឯសង្ឃ ហើយត្រូវឲ្យសង្ឃយក១ក្តាប់ ទុកជាទីរំឭកទៅដុតលើអាសនា តាមរបៀបដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នេះហើយជាដង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ចំពោះការដែលបានប្រព្រឹត្តរំលងក្នុងបទណាមួយនោះ រួចអ្នកនោះនឹងបានរួចចាកទោស ឯម្សៅដែលនៅសល់ នោះត្រូវបានសំរាប់សង្ឃវិញ ដូចជាក្នុងដង្វាយម្សៅដែរ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅម៉ូសេថា បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធនៃព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកដង្វាយដែលសំរាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ សំរាប់ជាដង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង ហើយត្រូវសងតាមដំឡៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែម១ភាគក្នុង៥ផង ប្រគល់ទៅឲ្យសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនោះទុកជាដង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។ បើអ្នកណាធ្វើបាប ដោយប្រព្រឹត្តការអ្វីដែលព្រះយេហូវ៉ាបានហាមមិនឲ្យធ្វើ ទោះបើមិនបានដឹងក៏ដោយ គង់តែអ្នកនោះមានទោស ហើយត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន ត្រូវឲ្យអ្នកនោះយកចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ មកប្រគល់ដល់សង្ឃតាមដែលគិតថ្លៃ សំរាប់ជាដង្វាយដែលថ្វាយដោយព្រោះការរំលង ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងការកំហុស ដែលអ្នកនោះបានប្រព្រឹត្តដោយឥតដឹង រួចអ្នកនោះនឹងបានរួចចាកទោស