លេវីវិន័យ 5:10-18
លេវីវិន័យ 5:10-18 ពគប
ឯសត្វទី២ នោះត្រូវថ្វាយជាដង្វាយដុតតាមទំលាប់ ដូច្នេះត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាប ដែលអ្នកនោះបានប្រព្រឹត្ត ហើយអ្នកនោះនឹងបានរួចចាកទោស។ បើអ្នកនោះខ្វះខាត គ្មានល្មមនឹងយកលលក២ ឬព្រាបជំទើរ២បានទេ នោះត្រូវយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង មកទុកជាដង្វាយលោះបាប ដោយព្រោះអំពើដែលខ្លួនបានប្រព្រឹត្ត តែមិនត្រូវចាក់ប្រេងឬដាក់កំញានទេ ដ្បិតជាដង្វាយសំរាប់លោះបាប ត្រូវឲ្យអ្នកនោះនាំយកទៅឯសង្ឃ ហើយត្រូវឲ្យសង្ឃយក១ក្តាប់ ទុកជាទីរំឭកទៅដុតលើអាសនា តាមរបៀបដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នេះហើយជាដង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ចំពោះការដែលបានប្រព្រឹត្តរំលងក្នុងបទណាមួយនោះ រួចអ្នកនោះនឹងបានរួចចាកទោស ឯម្សៅដែលនៅសល់ នោះត្រូវបានសំរាប់សង្ឃវិញ ដូចជាក្នុងដង្វាយម្សៅដែរ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅម៉ូសេថា បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធនៃព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកដង្វាយដែលសំរាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ សំរាប់ជាដង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង ហើយត្រូវសងតាមដំឡៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែម១ភាគក្នុង៥ផង ប្រគល់ទៅឲ្យសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនោះទុកជាដង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។ បើអ្នកណាធ្វើបាប ដោយប្រព្រឹត្តការអ្វីដែលព្រះយេហូវ៉ាបានហាមមិនឲ្យធ្វើ ទោះបើមិនបានដឹងក៏ដោយ គង់តែអ្នកនោះមានទោស ហើយត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន ត្រូវឲ្យអ្នកនោះយកចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ មកប្រគល់ដល់សង្ឃតាមដែលគិតថ្លៃ សំរាប់ជាដង្វាយដែលថ្វាយដោយព្រោះការរំលង ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងការកំហុស ដែលអ្នកនោះបានប្រព្រឹត្តដោយឥតដឹង រួចអ្នកនោះនឹងបានរួចចាកទោស

