លេវីវិន័យ 5:10-18
លេវីវិន័យ 5:10-18 គកស១៦
ឯសត្វទីពីរ នោះត្រូវថ្វាយជាតង្វាយដុតតាមទម្លាប់ ដូច្នេះ សង្ឃត្រូវថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយអ្នកនោះនឹងបានរួចពីទោស។ បើអ្នកនោះខ្វះខាត គ្មានល្មមនឹងយកលលកពីរ ឬព្រាបជំទើរពីរបានទេ នោះត្រូវយកម្សៅយ៉ាងម៉ដ្តមួយខ្ញឹង មកទុកជាតង្វាយលោះបាប ដោយព្រោះអំពើដែលខ្លួនបានប្រព្រឹត្ត តែមិនត្រូវចាក់ប្រេង ឬដាក់កំញានទេ ដ្បិតជាតង្វាយសម្រាប់លោះបាប ត្រូវឲ្យអ្នកនោះយកទៅជូនសង្ឃ ហើយសង្ឃត្រូវយកមួយក្តាប់ ទុកជាទីរំឭកទៅដុតលើអាសនា តាមរបៀបតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នេះហើយជាតង្វាយលោះបាប។ សង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកនោះ ចំពោះការដែលបានប្រព្រឹត្តរំលងក្នុងបទណាមួយនោះ រួចអ្នកនោះនឹងបានរួចចាកទោស ឯម្សៅដែលនៅសល់ នោះត្រូវបានសម្រាប់សង្ឃវិញ ដូចជាក្នុងតង្វាយម្សៅដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធរបស់ព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកតង្វាយដែលសម្រាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង។ ហើយត្រូវសងតាមតម្លៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែមមួយភាគប្រាំផង ប្រគល់ទៅឲ្យសង្ឃ ហើយសង្ឃត្រូវថ្វាយចៀមឈ្មោលនោះទុកជាតង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។ បើអ្នកណាធ្វើបាប ដោយប្រព្រឹត្តការអ្វីដែលព្រះយេហូវ៉ាបានហាមមិនឲ្យធ្វើ ទោះបើមិនបានដឹងក៏ដោយ គង់តែអ្នកនោះមានទោស ហើយត្រូវទ្រាំទ្រចំពោះអំពើទុច្ចរិតរបស់ខ្លួន ត្រូវឲ្យអ្នកនោះយកចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ មកប្រគល់ដល់សង្ឃតាមដែលគិតថ្លៃ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការរំលង សង្ឃត្រូវថ្វាយឲ្យធួននឹងកំហុស ដែលអ្នកនោះបានប្រព្រឹត្តដោយឥតដឹង រួចអ្នកនោះនឹងបានរួចពីទោស។

