បរិទេវ 1:1-4
បរិទេវ 1:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទីក្រុងដែលធ្លាប់មាន មនុស្សច្រើនកុះករ ម្ដេចឥឡូវបែរជានៅឯកោ ដូចជាស្ត្រីមេម៉ាយទៅវិញ ពីដើមជាបុត្រីនៅកណ្ដាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ ទៅចំណុះគេវិញ។ នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានអ្នកណាជួយដោះទុក្ខឡើយ ពួកមិត្តសម្លាញ់ទាំងអស់បានក្បត់នាងហើយ គេត្រឡប់ជាខ្មាំងសត្រូវវិញ។ ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបម្រើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្ដាលអស់ទាំងសាសន៍ ឥតបានសម្រាកឡើយ ពួកអ្នកបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត។ ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនយំទួញ ដ្បិតគ្មានអ្នកណាមកចូលរួមពិធីបុណ្យសោះ ទ្វារទីក្រុងទាំងប៉ុន្មាននៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានទុក្ខក្រៀមក្រំ ហើយទីក្រុងទាំងមូលមានពេញដោយភាពជូរចត់។
បរិទេវ 1:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ដេចក៏ក្រុងដែលធ្លាប់តែមាន ប្រជាជនច្រើនកុះករ បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ! ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ក្រុងដែលជាម្ចាស់ក្សត្រិយ៍លើអាណាខេត្តនានា ធ្លាក់ខ្លួនទៅជាទាសី! នៅពេលយប់ នាងយំឥតស្រាកស្រាន្ត ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន គ្មាននរណាម្នាក់សម្រាលទុក្ខនាងឡើយ មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។ កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី នាងតែលតោលនៅក្នុងចំណោម ប្រជាជាតិទាំងឡាយ រកកន្លែងស្នាក់អាស្រ័យពុំបាន។ ខ្មាំងសត្រូវឡោមព័ទ្ធនាង ធ្វើឲ្យនាងរកច្រកចេញពុំរួច។ ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំ ដ្បិតគ្មាននរណាឡើងទៅ ប្រារព្ធពិធីបុណ្យទៀតទេ។ ទ្វារក្រុងបាក់បែកអស់ បូជាចារ្យរបស់ក្រុងនេះនាំគ្នាយំថ្ងូរ ស្រីក្រមុំនៅក្រុងនេះត្រូវកើតទុក្ខក្រៀមក្រំ ហើយក្រុងនេះផ្ទាល់ត្រូវវេទនាឥតឧបមា។
បរិទេវ 1:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទីក្រុងដែលពីដើមមានពេញដោយមនុស្ស ឥឡូវបានត្រមោចនៅយ៉ាងណាហ្ន៎ នាងដែលពីដើមជាប្រធាននៅកណ្តាលអស់ទាំងសាសន៍ ឥឡូវនេះបានត្រឡប់ជាមេម៉ាយវិញយ៉ាងណាហ្ន៎ ពីដើមជាបុត្រីនៅកណ្តាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ បានទៅចំណុះគេវិញយ៉ាងណាហ្ន៎ នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានណាមួយជួយដោះទុក្ខឡើយ ពួកភឿនមិត្រទាំងអស់បានក្បត់នាងហើយ គេបានត្រឡប់ទៅជាខ្មាំងសត្រូវវិញ ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបំរើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្តាលអស់ទាំងសាសន៍ ឥតមានសេចក្ដីសំរាកឡើយ ពួកអ្នកដែលបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត អស់ទាំងផ្លូវនៃក្រុងស៊ីយ៉ូនកំពុងតែយំទួញ ពីព្រោះគ្មានអ្នកណាមកឯជំនុំមុតមាំសោះ អស់ទាំងទ្វារទីក្រុងនៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានសេចក្ដីទុក្ខ ហើយតួទីក្រុងក៏មានសេចក្ដីជូរចត់ដែរ