យ៉ូស្វេ 6:10-20

យ៉ូស្វេ 6:10-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូស្វេ​បង្គាប់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នាមិន​ត្រូវ​ស្រែក ឬ​ឲ្យ​មាន​ឮ​សំឡេង​អ្វី​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ឮ​ពាក្យ​ណា​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ រហូត​ដល់​ថ្ងៃដែល​ខ្ញុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ស្រែក នោះ​សឹម​ស្រែក»។ ដូច្នេះ លោក​ឲ្យ​គេ​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង​អស់​មួយ​ជុំ រួច​គេ​ត្រឡប់​ចូល​មក​ក្នុង​ជំរំ​វិញ ហើយ​សម្រាក​ពេល​យប់​ក្នុង​ជំរំ។ លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​នាំ​គ្នា​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា។ ពួក​សង្ឃ​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​ប្រាំ​ពីរ ដើរ​នាំ​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា ទាំង​ផ្លុំ​ត្រែ​បណ្តើរ។ ពួក​អ្នក​ប្រដាប់​អាវុធ​ដើរ​នៅ​ខាង​មុខ ហើយកម្លាំង​ការ​ពារ​ជួរ​ខាង​ក្រោយ ដើរបន្ទាប់​ពី​ហិប រី​ឯ​ពួក​សង្ឃ​ដើរ​ទៅ​មុខ​ទាំង​ផ្លុំ​ត្រែ​បណ្ដើរ។ នៅ​ថ្ងៃ​ទី​ពីរ គេ​ដើរ​ជុំ‌វិញ​ទី​ក្រុង​មួយ​ជុំ រួច​វិល​ចូល​មក​ក្នុង​ជំរំ​វិញ។ គេ​ធ្វើ​ដូច្នេះ​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ គេ​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាងៗ ហើយ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង​តាម​របៀប​ដដែល​ប្រាំពីរ​ជុំ។ មាន​តែ​ថ្ងៃ​នោះ​ទេ ដែល​គេ​ដើរ​ព័ទ្ធ​ទី​ក្រុង​ចំនួន​ប្រាំពីរ​ជុំ។ នៅ​ជុំ​ទី​ប្រាំពីរ កាល​ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ លោក​យ៉ូស្វេ​ក៏​បង្គាប់​ប្រជា‌ជន​ថា៖ «ចូរ​ស្រែក​ឡើង! ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទី​ក្រុង​នេះ​មក​អ្នក​រាល់​គ្នា​ហើយ។ ទី​ក្រុង​នេះ និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​បំផ្លាញ​ឲ្យ​អស់​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​តែ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ​ឲ្យ​នៅ​រស់ ព្រោះ​នាង​បាន​បំពួន​អ្នក​ស៊ើប​ការណ៍ ដែល​យើង​បាន​ចាត់​ឲ្យ​មក។ រី​ឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ប្រយ័ត្ន​ចំពោះ​របស់​ណា​ដែល​ត្រូវ​បំផ្លាញ ក្រែង​កាល​ណា​អ្នក​រាល់​គ្នា​ញែកអ្វីៗ​សម្រាប់​បំផ្លាញ ហើយ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​ទុក នោះ​អ្នក​នឹង​ធ្វើ​ឲ្យ​ជំរំ​អ៊ីស្រា‌អែល​ត្រូវ​បំផ្លាញ​ដែរ ព្រម​ទាំង​នាំ​ឲ្យជំរំ​អ៊ីស្រា‌អែល​កើត​មាន​ទុក្ខ​ទោស​ផង។ ប៉ុន្តែ ឯ​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ប្រដាប់‌ប្រដា​ធ្វើ​ពី​លង្ហិន និង​ពី​ដែក​ទាំង​ប៉ុន្មាន ត្រូវ​ញែក​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​របស់​ទាំងនោះ​ត្រូវ​ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះ‌យេហូវ៉ា»។ ដូច្នេះ ប្រជា‌ជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង។ កាល​ប្រជា‌ជន​ឮ​សូរ​ត្រែ គេ​ក៏​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​កំផែង​ក៏​រលំចុះ​នៅ​នឹង​កន្លែង។ ប្រជា‌ជន​នាំ​គ្នា​សម្រុក​ឡើង​ទៅ​មុខ​រៀង​ៗខ្លួន ហើយ​គេ​ចាប់​យក​ទី​ក្រុង​នោះ។

ចែក​រំលែក
អាន យ៉ូស្វេ 6

យ៉ូស្វេ 6:10-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ​បញ្ជា​ទៅ​ប្រជា‌ជន​ថា៖ «កុំ​ស្រែក​ជយ‌ឃោស កុំ​បន្លឺ​សំឡេង កុំ​និយាយ​ស្ដី​អ្វី​ទាំង​អស់ រហូត​ដល់​ថ្ងៃ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ស្រែក នោះ​សឹម​ស្រែក»។ លោក​ឲ្យ​គេ​សែង​ហិប​របស់​ព្រះ‌អម្ចាស់​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​បាន​មួយ​ជុំ រួច​ប្រជា‌ជន​វិល​ចូល​ជំរំ​វិញ ហើយ​សម្រាក​ពេល​យប់​នៅ​ទី​នោះ​ទៅ។ លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ក្រុម​បូជា‌ចារ្យ​នាំ​គ្នា​សែង​ហិប​ព្រះ‌អម្ចាស់​សា​ជា​ថ្មី។ បូជា‌ចារ្យ​ទាំង​ប្រាំ‌ពីរ​នាក់​ដែល​កាន់​ស្នែង​ចៀម​ដើរ​ខាង​មុខ​ហិប​ព្រះ‌អម្ចាស់ ក៏​ចេញ​ដំណើរ​ម្ដង​ទៀត ទាំង​ផ្លុំ​ស្នែង​ផង។ មាន​ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​តាម​ក្រោយ​ហិប​ព្រះ‌អម្ចាស់​ដែរ ពួក​គេ​ដើរ​ទៅ​មុខ​តាម​សំឡេង​ស្នែង។ នៅ​ថ្ងៃ​ទី​ពីរ​នោះ ពួក​គេ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​បាន​មួយ​ជុំ រួច​វិល​ចូល​ជំរំ​វិញ។ ពួក​គេ​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាងៗ ហើយ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​ប្រាំ‌ពីរ​ជុំ​តាម​របៀប​ដដែល គឺ​មាន​តែ​ថ្ងៃ​នោះ​ទេ ដែល​ពួក​គេ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​ចំនួន​ប្រាំ‌ពីរ​ជុំ។ នៅ​ជុំ​ទី​ប្រាំ‌ពីរ ពេល​ក្រុម​បូជា‌ចារ្យ​ផ្លុំ​ស្នែង លោក​យ៉ូស្វេ​បញ្ជា​ទៅ​ប្រជា‌ជន​ថា៖ «ចូរ​ស្រែក​ជយ‌ឃោស​ឡើង! ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រគល់​ទីក្រុង​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​បំផ្លាញ​ទីក្រុង និង​អ្វីៗ​ទាំង​អស់​ក្នុង​ទីក្រុង ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ តែ​ត្រូវ​ទុក​ជីវិត​ឲ្យ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ ព្រោះ​នាង​បាន​លាក់​អ្នក​ស៊ើប‌ការណ៍ ដែល​យើង​ចាត់​ឲ្យ​មក។ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ប្រយ័ត្ន! កុំ​ប៉ះ‌ពាល់​របស់​អ្វី​ដែល​ត្រូវ​បំផ្លាញ​នោះ​ជា​ដាច់​ខាត ក្រែង‌លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ប៉ះ‌ពាល់​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ! មួយ​វិញ​ទៀត បើ​ធ្វើ​ដូច្នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​ឲ្យ​មហន្ត‌រាយ និង​ទុក្ខ​ទោស កើត​មាន​ដល់​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​អ៊ីស្រា‌អែល​មិន​ខាន។ រីឯ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ពី​ដែក​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​របស់​ព្រះអង្គ»។ ប្រជា‌ជន​ស្រែក​ជយ‌ឃោស ហើយ​ក្រុម​បូជា‌ចារ្យ​ក៏​ផ្លុំ​ស្នែង​ដែរ។ កាល​ប្រជា‌ជន​ឮ​ស្នូរ​សំឡេង​ស្នែង​គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ខ្លាំង ពេល​នោះ កំពែង​ក្រុង​ក៏​រលំ​ចុះ​នៅ​នឹង​កន្លែង។ ប្រជា‌ជន​សម្រុក​ឡើង​ទៅ​មុខ​រៀងៗ​ខ្លួន ហើយ​ដណ្ដើម​យក​ទីក្រុង។

ចែក​រំលែក
អាន យ៉ូស្វេ 6

យ៉ូស្វេ 6:10-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​យ៉ូស្វេ​ក៏​បង្គាប់​បណ្តាជន​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ស្រែក​ឡើង ឬ​ឲ្យ​មាន​ឮ​សំឡេង​ឡើយ ក៏​មិន​ត្រូវ​មាន​ពាក្យ​ណា​មួយ​ចេញ​ពី​មាត់​ឯង​ដែរ ដរាប​ដល់​ថ្ងៃ ដែល​អញ​ប្រាប់​ឲ្យ​ស្រែក​ឡើង នោះ​ទើប​ត្រូវ​ឲ្យ​ឯង​ស្រែក​ចុះ ដូច្នេះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​អស់​១​ជុំ រួច​គេ​ត្រឡប់​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ ហើយ​ឈប់​នៅ​ទី​នោះ។ ឯ​យ៉ូស្វេ​លោក​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​ក៏​នាំ​គ្នា​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា មាន​ទាំង​ពួក​សង្ឃ​៧​រូប​នោះ កាន់​ត្រែ​ស្នែង​ចៀម​៧ ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ទាំង​ផ្លុំ​ត្រែ​បណ្តើរ​ផង ឯ​ពួក​កាន់​គ្រឿង​សស្ត្រា‌វុធ គេ​ក៏​ដើរ​ពី​ខាង​មុខ ហើយ​មាន​ពួក​អ្នក​ខាង​ក្រោយ ដើរ​តាម​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដែរ ពួក​សង្ឃ​ក៏​ដើរ​ទៅ​ទាំង​ផ្លុំ​ត្រែ​បណ្តើរ ថ្ងៃ​ទី​២​នោះ គេ​ដើរ​ជុំវិញ​ទី​ក្រុង​១​ជុំ រួច​ក៏​ត្រឡប់​មក​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ គេ​ធ្វើ​យ៉ាង​ដូច្នេះ​អស់​៦​ថ្ងៃ។ លុះ​ដល់​ថ្ងៃ​ទី​៧ គេ​ក្រោក​ឡើង​ពី​ព្រលឹម កាល​ទើប​នឹង​ភ្លឺ​ស្រាង នោះ​ក៏​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​បែប​ដដែល​អស់​៧​ជុំ ថ្ងៃ​នោះ​ខុស​ពី​ថ្ងៃ​មុន​តែ​ប៉ុណ្ណេះ គឺ​គេ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ដង​វិញ លុះ​បាន​គ្រប់​៧​ជុំ​ហើយ កាល​ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ នោះ​យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​ជន​ថា ចូរ​ស្រែក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ទី​ក្រុង​នេះ​មក​ឯង​រាល់​គ្នា​ហើយ ឯ​ទី​ក្រុង​នេះ ជា​ទី​ក្រុង​សំរាប់​តែ​បំផ្លាញ​អស់​រលីង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្រប់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​នេះ​ផង រស់​នៅ​បាន​តែ​នាង​រ៉ាហាប​ជា​ស្រី​សំផឹង​១ នឹង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង​ប៉ុណ្ណោះ ពី​ព្រោះ​នាង​បាន​នាំ​អ្នក​២​នាក់ ដែល​យើង​បាន​ចាត់​មក ទៅ​លាក់​បំពួន​ទុក ឯ​ឯង​រាល់​គ្នា ត្រូវ​ប្រយ័ត​តែ​នឹង​របស់​ដែល​សំរាប់​បំផ្លាញ ក្រែង​កាល​ណា​ឯង​ញែក​របស់​ណា​ទុក​សំរាប់​នឹង​បំផ្លាញ នោះ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​នោះ​ចេញ​វិញ ហើយ​ដូច្នេះ​នឹង​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រូវ​បំផ្លាញ​ទាំង​អស់​គ្នា​ដែរ ព្រម​ទាំង​មាន​សេចក្ដី​វឹកវរ​ផង ប៉ុន្តែ ឯ​ប្រាក់ នឹង​មាស​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា​ធ្វើ​ពី​លង្ហិន នឹង​ដែក នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​នាំ​យក​ទាំង​អស់ ចូល​មក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌យេហូវ៉ា​វិញ ដូច្នេះ​ពួក​បណ្តាជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង គឺ​កាល​ពួក​បណ្តាជន​បាន​ឮ​សូរ​ត្រែ នោះ​គេ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ស្រាប់​តែ​កំផែង​ក៏​រលំ​ដួល​ទៅ ដើម្បី​ឲ្យ​ពួក​បណ្តាជន​បាន​ឡើង​ទៅ​ក្នុង​ទី​ក្រុង​ចំ​មុខ​គេ​រៀង​ខ្លួន ហើយ​គេ​ក៏​ចាប់​យក​ទី​ក្រុង​នោះ​ទៅ

ចែក​រំលែក
អាន យ៉ូស្វេ 6