យ៉ូស្វេ 3:1-7
យ៉ូស្វេ 3:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រលឹមស្រាងៗ លោកយ៉ូស្វេក្រោកឡើង ហើយនាំគ្នាចេញដំណើរពីស៊ីទីម ជាមួយពួកកូនចៅអ៊ីស្រាអែលទាំងអស់។ លុះមកដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។ បីថ្ងៃក្រោយមក ពួកនាយកក៏ដើរកាត់កណ្ដាលជំរំ ហើយបង្គាប់ប្រជាជនថា៖ «កាលណាអ្នករាល់គ្នាឃើញហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលពួកលេវីជាសង្ឃសែងទៅ អ្នករាល់គ្នាត្រូវចេញពីទីកន្លែងរបស់អ្នក ហើយដើរទៅតាមហិបនោះទៅ តែត្រូវស្ថិតនៅឃ្លាតពីហិបនោះ នៅចម្ងាយប្រមាណពីរពាន់ហត្ថ។ មិនត្រូវចូលទៅជិតឡើយ ដើម្បីឲ្យអ្នកបានស្គាល់ផ្លូវដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក អ្នករាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រោះថ្ងៃស្អែក ព្រះយេហូវ៉ានឹងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកសង្ឃថា៖ «ចូរលើកយកហិបនៃសេចក្ដីសញ្ញាឆ្លងទៅមុនប្រជាជនទៅ»។ ដូច្នេះ គេក៏លើកយកហិបនៃសេចក្ដីសញ្ញា ហើយទៅមុនប្រជាជន។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «នៅថ្ងៃនេះ យើងនឹងចាប់ផ្ដើមលើកតម្កើងអ្នក នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឲ្យគេដឹងថា យើងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ
យ៉ូស្វេ 3:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូស្វេក្រោកពីព្រលឹម ហើយចាកចេញពីជំរំស៊ីទីមជាមួយជនជាតិអ៊ីស្រាអែលទាំងអស់។ លុះទៅដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។ បីថ្ងៃក្រោយមក ពួកនាយក្រុមបានដើរកាត់ជំរំ ហើយបញ្ជាប្រជាជនថា៖ «ពេលណាអ្នករាល់គ្នាឃើញក្រុមបូជាចារ្យលេវី*សែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ពេលនោះ ត្រូវនាំគ្នាចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហិបនោះទៅ។ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់ផ្លូវដែលអ្នករាល់គ្នាត្រូវដើរ ដ្បិតតាំងពីដើមរៀងមក អ្នករាល់គ្នាមិនដែលបានដើរតាមផ្លូវនេះឡើយ។ ប៉ុន្តែ មិនត្រូវចូលទៅជិតហិបជាដាច់ខាត អ្នករាល់គ្នាត្រូវស្ថិតនៅចម្ងាយប្រមាណពីរពាន់ហត្ថពីហិបនោះ»។ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរញែកខ្លួនឲ្យវិសុទ្ធ ដ្បិតថ្ងៃស្អែក ព្រះអម្ចាស់នឹងសម្តែងការអស្ចារ្យនៅកណ្ដាលចំណោមអ្នករាល់គ្នា»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់អស់លោកបូជាចារ្យថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ឆ្លងទៅមុនប្រជាជនទៅ!»។ គេក៏សែងហិបឆ្លងទៅមុនប្រជាជន។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះ យើងចាប់ផ្ដើមពង្រឹងអំណាចរបស់អ្នក ឲ្យជនជាតិអ៊ីស្រាអែលទាំងមូលឃើញ ដើម្បីឲ្យគេដឹងថា យើងស្ថិតនៅជាមួយអ្នក ដូចយើងស្ថិតនៅជាមួយម៉ូសេកាលពីមុនដែរ។
យ៉ូស្វេ 3:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយ៉ូស្វេលោកក្រោកពីព្រលឹម ហើយពួកកូនចៅអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាចេញពីស៊ីទីម ទៅដល់ទន្លេយ័រដាន់ ក៏ស្នាក់នៅទីនោះសិនមុនដែលឆ្លងទៅ រួចក្រោយ៣ថ្ងៃមក ពួកនាយកក៏ដើរកាត់កណ្តាលទីដំឡើងត្រសាល បង្គាប់ដល់បណ្តាជនថា កាលណាឯងរាល់គ្នាឃើញហឹបនៃសេចក្ដីសញ្ញា ផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលពួកលេវីដ៏ជាសង្ឃសែងទៅ នោះត្រូវឲ្យឯងរាល់គ្នាចេញ ពីទីកន្លែងរបស់ឯងដើរទៅតាម តែត្រូវដើរឃ្លាតពីហឹបនោះ ចំនួនប្រហែលជា២ពាន់ហត្ថ កុំឲ្យចូលទៅជិតឡើយ ដើម្បីឲ្យឯងបានស្គាល់ផ្លូវដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក ឯងរាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ យ៉ូស្វេក៏ប្រាប់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធចុះ ពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង រួចលោកប្រាប់ដល់ពួកសង្ឃថា ចូរលើកយកហឹបនៃសេចក្ដីសញ្ញានាំទៅឯមុខបណ្តាជនទៅ នោះគេក៏លើកយកហឹបនៃសេចក្ដីសញ្ញាសែងនាំមុខបណ្តាជនទៅ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញនឹងចាប់តាំងលើកដំកើងឯង នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឲ្យគេដឹងថា អញនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ