យ៉ូស្វេ 24:16-33
យ៉ូស្វេ 24:16-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនឆ្លើយដូចតទៅ៖ «យើងខ្ញុំនឹងមិនបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត! ដ្បិតមានតែព្រះអម្ចាស់នេះហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្តែងការអស្ចារ្យធំៗឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំតាមផ្លូវ ដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ ព្រះអម្ចាស់បណ្ដេញប្រជាជនទាំងប៉ុន្មានចេញពីមុខយើងខ្ញុំ ជាពិសេស ជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ យើងខ្ញុំក៏ចង់គោរពបម្រើព្រះអម្ចាស់ដែរ ដ្បិតព្រះអង្គជាព្រះនៃយើងខ្ញុំ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបម្រើព្រះអម្ចាស់បានទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាទេ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបម្រើព្រះដទៃទៀត ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមកហើយក៏ដោយ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំគោរពបម្រើព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាសាក្សីដឹងឮខ្លួនឯងផ្ទាល់ថា អ្នករាល់គ្នាសម្រេចចិត្តគោរពបម្រើព្រះអម្ចាស់»។ ពួកគេឆ្លើយថា៖ «ពិតមែនហើយ យើងខ្ញុំជាសាក្សី»។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្ដាលអ្នករាល់គ្នា ចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលវិញ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គផង»។ នៅថ្ងៃនោះ លោកយ៉ូស្វេបានចងសម្ពន្ធមេត្រីជាមួយប្រជាជននៅស៊ីគែម ហើយលោកចេញច្បាប់ និងវិន័យឲ្យពួកគេកាន់តាមទៀតផង។ លោកយ៉ូស្វេចារសេចក្ដីទាំងនេះទុកនៅក្នុងគម្ពីរនៃក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅក្រោមដើមជ្រៃ ដែលស្ថិតក្នុងកន្លែងសក្ការៈរបស់ព្រះអម្ចាស់។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ព្រះរបស់អ្នករាល់គ្នា»។ បន្ទាប់មក លោកយ៉ូស្វេបានឲ្យប្រជាជនវិលត្រឡប់ទៅកាន់ទឹកដី ដែលជាមត៌កគេរៀងៗខ្លួនវិញ។ ក្រោយព្រឹត្តិការណ៍ទាំងនោះមក លោកយ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។ គេបានបញ្ចុះសពលោក នៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់លោកនៅធីម៉្នាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំកាអាស។ ប្រជាជនអ៊ីស្រាអែលគោរពបម្រើព្រះអម្ចាស់ អស់មួយជីវិតរបស់លោកយ៉ូស្វេ។ ក្រោយពីលោកយ៉ូស្វេទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញព្រះអម្ចាស់សម្តែងការអស្ចារ្យទាំងប៉ុន្មាន ដើម្បីជាប្រយោជន៍ដល់អ៊ីស្រាអែល។ រីឯធាតុរបស់លោកយ៉ូសែប ដែលជនជាតិអ៊ីស្រាអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែម ក្នុងចម្ការដែលលោកយ៉ាកុបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅលោកយ៉ូសែប។ លោកអេឡាសារ ជាកូនលោកអើរ៉ុន ក៏បានទទួលមរណភាពដែរ។ គេបានបញ្ចុះសពលោកនៅលើភ្នំរបស់លោកភីនេហាស ជាកូន គឺទឹកដីដែលលោកបានទទួលនៅតំបន់ភ្នំអេប្រាអ៊ីម។
យ៉ូស្វេ 24:16-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ប្រជាជនឆ្លើយឡើងថា៖ «សូមឲ្យគំនិតដែលបោះបង់ចោលព្រះយេហូវ៉ា ទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះ បាននៅឆ្ងាយពីយើងខ្ញុំទៅ។ ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលយើងខ្ញុំធ្វើជាទាសករ ហើយព្រះអង្គបានធ្វើអស់ទាំងទីសម្គាល់ធំៗ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្ដាលសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានឆ្លងកាត់។ ព្រះយេហូវ៉ាបានបណ្តេញសាសន៍ទាំងប៉ុន្មាន ចេញពីមុខយើងខ្ញុំ ព្រមទាំងសាសន៍អាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ ដូច្នេះ យើងខ្ញុំនឹងគោរពបម្រើព្រះយេហូវ៉ាដែរ ដ្បិតព្រះអង្គជាព្រះរបស់យើងខ្ញុំ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះយេហូវ៉ាបានទេ ដ្បិតព្រះអង្គជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ព្រះអង្គនឹងមិនអត់ទោសអំពើរំលង ឬអំពើបាបរបស់អ្នករាល់គ្នាឡើយ។ ប្រសិនបើអ្នករាល់គ្នាលះចោលព្រះយេហូវ៉ា ហើយទៅគោរពប្រតិបត្តិដល់ព្រះដទៃ ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ទោះបើព្រះអង្គបានធ្វើល្អដល់អ្នករាល់គ្នាហើយក៏ដោយ»។ ប្រជាជនឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ!» លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា អ្នករាល់គ្នាបានរើសយកព្រះយេហូវ៉ា ដើម្បីគោរពប្រតិបត្តិដល់ព្រះអង្គ»។ ពួកគេឆ្លើយថា៖ «យើងខ្ញុំជាស្មរបន្ទាល់ពិតមែនហើយ»។ លោកមានប្រសាសន៍ថា៖ «ដូច្នេះ ចូរលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ ហើយផ្ចង់ចិត្តទៅរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើង ហើយយើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ លោកយ៉ូស្វេក៏តាំងសេចក្ដីសញ្ញាជាមួយប្រជាជននៅថ្ងៃនោះ ហើយដាក់ច្បាប់ និងបញ្ញត្តិឲ្យគេកាន់តាម នៅស៊ីគែម។ លោកយ៉ូស្វេក៏ចារសេចក្ដីទាំងនេះចុះនៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅទីនោះ នៅក្រោមដើមម៉ៃសាក់ ជិតទីបរិសុទ្ធរបស់ព្រះយេហូវ៉ា។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «មើល៍ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះបានឮអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកយើង។ ដូច្នេះ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ក្រែងអ្នករាល់គ្នាធ្វើជាមិនស្គាល់ព្រះរបស់អ្នករាល់គ្នា»។ ដូច្នេះ លោកយ៉ូស្វេក៏ឲ្យប្រជាជនត្រឡប់ទៅទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។ ក្រោយការទាំងនោះមក លោកយ៉ូស្វេ ជាកូនរបស់លោកនុន ជាអ្នកបម្រើនៃព្រះយេហូវ៉ា ក៏ស្លាប់ទៅ ចំនួនអាយុរបស់លោកបានមួយរយដប់ឆ្នាំ។ គេបានបញ្ចុះសពលោកនៅក្នុងទឹកដី ដែលជាមត៌ករបស់លោក នៅធីមណាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាស។ សាសន៍អ៊ីស្រាអែលបានគោរពបម្រើព្រះយេហូវ៉ា អស់មួយជីវិតរបស់លោកយ៉ូស្វេ និងជីវិតរបស់ពួកចាស់ទុំ ដែលរស់នៅក្រោយលោក ជាពួកអ្នកបានស្គាល់អស់ទាំងការដែលព្រះយេហូវ៉ាបានធ្វើសម្រាប់ពួកអ៊ីស្រាអែល។ រីឯឆ្អឹងសពរបស់លោកយ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេបញ្ចុះនៅស៊ីគែម ក្នុងដីដែលលោកយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុករបស់ស៊ីគែម មានតម្លៃជាប្រាក់មួយរយដួង ហើយដីនោះក្លាយជាមត៌ករបស់ពួកកូនចៅលោកយ៉ូសែប។ អេលាសារជាកូនរបស់លោកអើរ៉ុន ក៏បានស្លាប់ទៅដែរ ហើយគេបញ្ចុះសពលោកនៅគីបៀរ ជាក្រុងរបស់ភីនេហាសជាកូន ជាទឹកដីដែលដែលលោកបានទទួល នៅក្នុងស្រុកភ្នំអេប្រាអិម។:៚
យ៉ូស្វេ 24:16-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនឆ្លើយដូចតទៅ៖ «យើងខ្ញុំនឹងមិនបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត! ដ្បិតមានតែព្រះអម្ចាស់នេះហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្តែងការអស្ចារ្យធំៗឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំតាមផ្លូវ ដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ ព្រះអម្ចាស់បណ្ដេញប្រជាជនទាំងប៉ុន្មានចេញពីមុខយើងខ្ញុំ ជាពិសេស ជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ យើងខ្ញុំក៏ចង់គោរពបម្រើព្រះអម្ចាស់ដែរ ដ្បិតព្រះអង្គជាព្រះនៃយើងខ្ញុំ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបម្រើព្រះអម្ចាស់បានទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាទេ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបម្រើព្រះដទៃទៀត ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមកហើយក៏ដោយ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំគោរពបម្រើព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាសាក្សីដឹងឮខ្លួនឯងផ្ទាល់ថា អ្នករាល់គ្នាសម្រេចចិត្តគោរពបម្រើព្រះអម្ចាស់»។ ពួកគេឆ្លើយថា៖ «ពិតមែនហើយ យើងខ្ញុំជាសាក្សី»។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្ដាលអ្នករាល់គ្នា ចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលវិញ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គផង»។ នៅថ្ងៃនោះ លោកយ៉ូស្វេបានចងសម្ពន្ធមេត្រីជាមួយប្រជាជននៅស៊ីគែម ហើយលោកចេញច្បាប់ និងវិន័យឲ្យពួកគេកាន់តាមទៀតផង។ លោកយ៉ូស្វេចារសេចក្ដីទាំងនេះទុកនៅក្នុងគម្ពីរនៃក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅក្រោមដើមជ្រៃ ដែលស្ថិតក្នុងកន្លែងសក្ការៈរបស់ព្រះអម្ចាស់។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ព្រះរបស់អ្នករាល់គ្នា»។ បន្ទាប់មក លោកយ៉ូស្វេបានឲ្យប្រជាជនវិលត្រឡប់ទៅកាន់ទឹកដី ដែលជាមត៌កគេរៀងៗខ្លួនវិញ។ ក្រោយព្រឹត្តិការណ៍ទាំងនោះមក លោកយ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។ គេបានបញ្ចុះសពលោក នៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់លោកនៅធីម៉្នាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំកាអាស។ ប្រជាជនអ៊ីស្រាអែលគោរពបម្រើព្រះអម្ចាស់ អស់មួយជីវិតរបស់លោកយ៉ូស្វេ។ ក្រោយពីលោកយ៉ូស្វេទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញព្រះអម្ចាស់សម្តែងការអស្ចារ្យទាំងប៉ុន្មាន ដើម្បីជាប្រយោជន៍ដល់អ៊ីស្រាអែល។ រីឯធាតុរបស់លោកយ៉ូសែប ដែលជនជាតិអ៊ីស្រាអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែម ក្នុងចម្ការដែលលោកយ៉ាកុបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅលោកយ៉ូសែប។ លោកអេឡាសារ ជាកូនលោកអើរ៉ុន ក៏បានទទួលមរណភាពដែរ។ គេបានបញ្ចុះសពលោកនៅលើភ្នំរបស់លោកភីនេហាស ជាកូន គឺទឹកដីដែលលោកបានទទួលនៅតំបន់ភ្នំអេប្រាអ៊ីម។
យ៉ូស្វេ 24:16-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកបណ្តាជនក៏ឆ្លើយឡើងថា សូមឲ្យគំនិត ដែលនឹងបោះបង់ចោលព្រះយេហូវ៉ា ដើម្បីទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះ បាននៅឆ្ងាយពីយើងខ្ញុំទៅ ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បាននាំយើងខ្ញុំ នឹងឪពុកយើងខ្ញុំ ចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក ហើយបានធ្វើអស់ទាំងទីសំគាល់យ៉ាងធំនោះ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំតាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានដើរកាត់ស្រុកគេផង ព្រះយេហូវ៉ាទ្រង់បានបណ្តេញអស់ទាំងសាសន៍ ដែលនៅក្នុងស្រុកនេះពីមុខយើងខ្ញុំចេញ ព្រមទាំងសាសន៍អាម៉ូរីផង ដូច្នេះ យើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាដែរ ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំ។ យ៉ូស្វេក៏ប្រកែកឡើងថា ឯងរាល់គ្នាពុំអាចនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាបានទេ ដ្បិតទ្រង់ជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ទ្រង់មិនអត់ទោសការដែលឯងរាល់គ្នាប្រព្រឹត្តរំលង ឬអំពើបាបរបស់ឯងឡើយ បើសិនជាឯងរាល់គ្នាលះចោលព្រះយេហូវ៉ា នឹងទៅគោរពប្រតិបត្តិដល់ព្រះដទៃ នោះទ្រង់នឹងប្រែទៅជាធ្វើអាក្រក់ដល់ឯងរាល់គ្នាវិញ ហើយនឹងបំផ្លាញឯងទៅ ក្រោយដែលទ្រង់បានធ្វើល្អដល់ឯងហើយផង តែពួកជនគេឆ្លើយថា ទេ យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ រួចយ៉ូស្វេបានមានប្រសាសន៍ទៅគេថា ឯងរាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា បានរើសយកព្រះយេហូវ៉ា ដើម្បីនឹងគោរពប្រតិបត្តិដល់ទ្រង់ ហើយគេក៏ទទួលថា យើងខ្ញុំជាទីបន្ទាល់ពិតមែន លោកតបថា ដូច្នេះ ចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ នោះបណ្តាជនទាំងឡាយក៏ឆ្លើយទៅយ៉ូស្វេថា យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំពិត ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង ដូច្នេះលោកក៏តាំងសេចក្ដីសញ្ញានឹងគេនៅថ្ងៃនោះ ហើយដាក់ច្បាប់ នឹងបញ្ញត្តឲ្យគេ នៅត្រង់ស៊ីគែម យ៉ូស្វេក៏កត់អស់ទាំងពាក្យទាំងនេះចុះក្នុងគម្ពីរក្រឹត្យវិន័យរបស់ផងព្រះ រួចយកថ្មយ៉ាងធំមកបញ្ឈរនៅទីនោះ ត្រង់ក្រោមដើមម៉ៃសាក់ដែលនៅជិតទីបរិសុទ្ធផងព្រះយេហូវ៉ា ដោយប្រាប់គេថា មើល ថ្មនេះនឹងបានជាទីបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះ បានឮអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានបន្ទូលមកយើងរាល់គ្នា ដូច្នេះ ត្រូវទុកជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នា ក្រែងធ្វើជាមិនស្គាល់ព្រះនៃឯងវិញ នោះយ៉ូស្វេក៏ឲ្យបណ្តាជនទាំងអស់គ្នា ត្រឡប់ទៅឯស្រុក ជាមរដករបស់គេរៀងខ្លួនទៅ។ ក្រោយការទាំងនោះមក យ៉ូស្វេជាកូននុន ដែលជាអ្នកបំរើនៃព្រះយេហូវ៉ា ក៏ស្លាប់ទៅ ចំនួនអាយុរបស់លោកបាន១១០ឆ្នាំ គេក៏បញ្ចុះសពលោក នៅចុងព្រំដី ជាមរដករបស់លោក ត្រង់ធីម៉្នាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាសទៅ ឯសាសន៍អ៊ីស្រាអែលគេបានគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា គ្រប់១ជីវិតរបស់យ៉ូស្វេ នឹងជីវិតរបស់ពួកចាស់ទុំដែលរស់នៅក្រោយលោក ជាពួកអ្នកបានស្គាល់អស់ទាំងការដែលព្រះយេហូវ៉ាបានធ្វើសំរាប់ពួកអ៊ីស្រាអែល។ ឯឆ្អឹងសពរបស់យ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេក៏កប់នៅត្រង់ស៊ីគែម ក្នុងដីដែលយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង ហើយដីនោះក៏នៅជាមរដករបស់ពួកកូនចៅយ៉ូសែប ឯអេលាសារជាកូនអើរ៉ុន ក៏សុគតទៅដែរ ហើយគេបញ្ចុះសពលោកនៅឯភ្នំរបស់ភីនេហាសជាកូនលោក ជាទីដែលបានចែកឲ្យដល់លោក នៅក្នុងស្រុកភ្នំអេប្រាអិម។:៚