ពួកបណ្តាជនក៏ឆ្លើយឡើងថា សូមឲ្យគំនិត ដែលនឹងបោះបង់ចោលព្រះយេហូវ៉ា ដើម្បីទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះ បាននៅឆ្ងាយពីយើងខ្ញុំទៅ ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បាននាំយើងខ្ញុំ នឹងឪពុកយើងខ្ញុំ ចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក ហើយបានធ្វើអស់ទាំងទីសំគាល់យ៉ាងធំនោះ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំតាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានដើរកាត់ស្រុកគេផង ព្រះយេហូវ៉ាទ្រង់បានបណ្តេញអស់ទាំងសាសន៍ ដែលនៅក្នុងស្រុកនេះពីមុខយើងខ្ញុំចេញ ព្រមទាំងសាសន៍អាម៉ូរីផង ដូច្នេះ យើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាដែរ ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំ។ យ៉ូស្វេក៏ប្រកែកឡើងថា ឯងរាល់គ្នាពុំអាចនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាបានទេ ដ្បិតទ្រង់ជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ទ្រង់មិនអត់ទោសការដែលឯងរាល់គ្នាប្រព្រឹត្តរំលង ឬអំពើបាបរបស់ឯងឡើយ បើសិនជាឯងរាល់គ្នាលះចោលព្រះយេហូវ៉ា នឹងទៅគោរពប្រតិបត្តិដល់ព្រះដទៃ នោះទ្រង់នឹងប្រែទៅជាធ្វើអាក្រក់ដល់ឯងរាល់គ្នាវិញ ហើយនឹងបំផ្លាញឯងទៅ ក្រោយដែលទ្រង់បានធ្វើល្អដល់ឯងហើយផង តែពួកជនគេឆ្លើយថា ទេ យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ រួចយ៉ូស្វេបានមានប្រសាសន៍ទៅគេថា ឯងរាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា បានរើសយកព្រះយេហូវ៉ា ដើម្បីនឹងគោរពប្រតិបត្តិដល់ទ្រង់ ហើយគេក៏ទទួលថា យើងខ្ញុំជាទីបន្ទាល់ពិតមែន លោកតបថា ដូច្នេះ ចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ នោះបណ្តាជនទាំងឡាយក៏ឆ្លើយទៅយ៉ូស្វេថា យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំពិត ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង ដូច្នេះលោកក៏តាំងសេចក្ដីសញ្ញានឹងគេនៅថ្ងៃនោះ ហើយដាក់ច្បាប់ នឹងបញ្ញត្តឲ្យគេ នៅត្រង់ស៊ីគែម យ៉ូស្វេក៏កត់អស់ទាំងពាក្យទាំងនេះចុះក្នុងគម្ពីរក្រឹត្យវិន័យរបស់ផងព្រះ រួចយកថ្មយ៉ាងធំមកបញ្ឈរនៅទីនោះ ត្រង់ក្រោមដើមម៉ៃសាក់ដែលនៅជិតទីបរិសុទ្ធផងព្រះយេហូវ៉ា ដោយប្រាប់គេថា មើល ថ្មនេះនឹងបានជាទីបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះ បានឮអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានបន្ទូលមកយើងរាល់គ្នា ដូច្នេះ ត្រូវទុកជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នា ក្រែងធ្វើជាមិនស្គាល់ព្រះនៃឯងវិញ នោះយ៉ូស្វេក៏ឲ្យបណ្តាជនទាំងអស់គ្នា ត្រឡប់ទៅឯស្រុក ជាមរដករបស់គេរៀងខ្លួនទៅ។ ក្រោយការទាំងនោះមក យ៉ូស្វេជាកូននុន ដែលជាអ្នកបំរើនៃព្រះយេហូវ៉ា ក៏ស្លាប់ទៅ ចំនួនអាយុរបស់លោកបាន១១០ឆ្នាំ គេក៏បញ្ចុះសពលោក នៅចុងព្រំដី ជាមរដករបស់លោក ត្រង់ធីម៉្នាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាសទៅ ឯសាសន៍អ៊ីស្រាអែលគេបានគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា គ្រប់១ជីវិតរបស់យ៉ូស្វេ នឹងជីវិតរបស់ពួកចាស់ទុំដែលរស់នៅក្រោយលោក ជាពួកអ្នកបានស្គាល់អស់ទាំងការដែលព្រះយេហូវ៉ាបានធ្វើសំរាប់ពួកអ៊ីស្រាអែល។ ឯឆ្អឹងសពរបស់យ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេក៏កប់នៅត្រង់ស៊ីគែម ក្នុងដីដែលយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង ហើយដីនោះក៏នៅជាមរដករបស់ពួកកូនចៅយ៉ូសែប ឯអេលាសារជាកូនអើរ៉ុន ក៏សុគតទៅដែរ ហើយគេបញ្ចុះសពលោកនៅឯភ្នំរបស់ភីនេហាសជាកូនលោក ជាទីដែលបានចែកឲ្យដល់លោក នៅក្នុងស្រុកភ្នំអេប្រាអិម។:៚
អាន យ៉ូស្វេ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 24:16-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ