ពេលនោះ ប្រជាជនឆ្លើយឡើងថា៖ «សូមឲ្យគំនិតដែលបោះបង់ចោលព្រះយេហូវ៉ា ទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះ បាននៅឆ្ងាយពីយើងខ្ញុំទៅ។ ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលយើងខ្ញុំធ្វើជាទាសករ ហើយព្រះអង្គបានធ្វើអស់ទាំងទីសម្គាល់ធំៗ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្ដាលសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានឆ្លងកាត់។ ព្រះយេហូវ៉ាបានបណ្តេញសាសន៍ទាំងប៉ុន្មាន ចេញពីមុខយើងខ្ញុំ ព្រមទាំងសាសន៍អាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ ដូច្នេះ យើងខ្ញុំនឹងគោរពបម្រើព្រះយេហូវ៉ាដែរ ដ្បិតព្រះអង្គជាព្រះរបស់យើងខ្ញុំ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះយេហូវ៉ាបានទេ ដ្បិតព្រះអង្គជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ព្រះអង្គនឹងមិនអត់ទោសអំពើរំលង ឬអំពើបាបរបស់អ្នករាល់គ្នាឡើយ។ ប្រសិនបើអ្នករាល់គ្នាលះចោលព្រះយេហូវ៉ា ហើយទៅគោរពប្រតិបត្តិដល់ព្រះដទៃ ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ទោះបើព្រះអង្គបានធ្វើល្អដល់អ្នករាល់គ្នាហើយក៏ដោយ»។ ប្រជាជនឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ!» លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា អ្នករាល់គ្នាបានរើសយកព្រះយេហូវ៉ា ដើម្បីគោរពប្រតិបត្តិដល់ព្រះអង្គ»។ ពួកគេឆ្លើយថា៖ «យើងខ្ញុំជាស្មរបន្ទាល់ពិតមែនហើយ»។ លោកមានប្រសាសន៍ថា៖ «ដូច្នេះ ចូរលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ ហើយផ្ចង់ចិត្តទៅរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើង ហើយយើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ លោកយ៉ូស្វេក៏តាំងសេចក្ដីសញ្ញាជាមួយប្រជាជននៅថ្ងៃនោះ ហើយដាក់ច្បាប់ និងបញ្ញត្តិឲ្យគេកាន់តាម នៅស៊ីគែម។ លោកយ៉ូស្វេក៏ចារសេចក្ដីទាំងនេះចុះនៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅទីនោះ នៅក្រោមដើមម៉ៃសាក់ ជិតទីបរិសុទ្ធរបស់ព្រះយេហូវ៉ា។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «មើល៍ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះបានឮអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកយើង។ ដូច្នេះ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ក្រែងអ្នករាល់គ្នាធ្វើជាមិនស្គាល់ព្រះរបស់អ្នករាល់គ្នា»។ ដូច្នេះ លោកយ៉ូស្វេក៏ឲ្យប្រជាជនត្រឡប់ទៅទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។ ក្រោយការទាំងនោះមក លោកយ៉ូស្វេ ជាកូនរបស់លោកនុន ជាអ្នកបម្រើនៃព្រះយេហូវ៉ា ក៏ស្លាប់ទៅ ចំនួនអាយុរបស់លោកបានមួយរយដប់ឆ្នាំ។ គេបានបញ្ចុះសពលោកនៅក្នុងទឹកដី ដែលជាមត៌ករបស់លោក នៅធីមណាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាស។ សាសន៍អ៊ីស្រាអែលបានគោរពបម្រើព្រះយេហូវ៉ា អស់មួយជីវិតរបស់លោកយ៉ូស្វេ និងជីវិតរបស់ពួកចាស់ទុំ ដែលរស់នៅក្រោយលោក ជាពួកអ្នកបានស្គាល់អស់ទាំងការដែលព្រះយេហូវ៉ាបានធ្វើសម្រាប់ពួកអ៊ីស្រាអែល។ រីឯឆ្អឹងសពរបស់លោកយ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេបញ្ចុះនៅស៊ីគែម ក្នុងដីដែលលោកយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុករបស់ស៊ីគែម មានតម្លៃជាប្រាក់មួយរយដួង ហើយដីនោះក្លាយជាមត៌ករបស់ពួកកូនចៅលោកយ៉ូសែប។ អេលាសារជាកូនរបស់លោកអើរ៉ុន ក៏បានស្លាប់ទៅដែរ ហើយគេបញ្ចុះសពលោកនៅគីបៀរ ជាក្រុងរបស់ភីនេហាសជាកូន ជាទឹកដីដែលដែលលោកបានទទួល នៅក្នុងស្រុកភ្នំអេប្រាអិម។:៚
អាន យ៉ូស្វេ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 24:16-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ