អេសាយ 42:17-25

អេសាយ 42:17-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា "លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ" នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។ ឱ​មនុស្ស​ដំឡង់​អើយ ចូរ​ស្តាប់​ចុះ ហើយ​ពួក​កង្វាក់​អើយ ចូរ​មើល ដើម្បី​ឲ្យ​បាន​ឃើញ។ តើ​អ្នក​ណា​ជា​អ្នក​ខ្វាក់ បើ​មិន​មែន​ជា​អ្នក​បម្រើ​របស់​យើង ឬ​ថ្លង់​ដូច​ជា​អ្នក​នាំ​ដំណឹង​ដែល​យើង​ចាត់​ប្រើ តើ​អ្នក​ណា​ខ្វាក់​ភ្នែក​ដូច​ជា​អ្នក​ដែល​មេត្រី​នឹង​យើង ហើយ​ខ្វាក់​ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា? អ្នកនោះ​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារ‌ណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ។ ព្រះ‌យេហូវ៉ាបាន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​លើក​តម្កើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិ‌សព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ប៉ុន្តែ នេះ​ជា​សាសន៍​ដែល​ត្រូវ​គេ​ប្លន់ ហើយរឹប​យក​ទ្រព្យ​សម្បត្តិ គេ​សុទ្ធ​តែ​ជាប់​អន្ទាក់​នៅ​ក្នុង​រូង ហើយ​ក៏​លាក់​ទុក​នៅ​ក្នុង​គុក គេ​សម្រាប់​ជា​រំពា ឥត​មាន​អ្នក​ណា​ដោះ​ឲ្យ​រួច ហើយ​សម្រាប់​ជា​របឹប ឥត​មាន​អ្នក​ណា​ថា ចូរ​ប្រគល់​ទៅ​ឲ្យ​គេ​វិញ​នោះ​ឡើយ។ តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ទាំង​នេះ ដែល​នឹង​ប្រុង​ស្តាប់ ហើយ​ឮ​សម្រាប់​គ្រា​ទៅ​ខាង​មុខ​នោះ? តើ​អ្នក​ណា​បាន​ប្រគល់​ពួក​យ៉ាកុប​ឲ្យ​គេរឹប​អូស ហើយ​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដល់​ពួក​ចោរ​ដូច្នេះ? តើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ ឥត​ព្រម​ដើរ​តាម​ផ្លូវ​ព្រះ‌អង្គ ឬ​ស្តាប់​តាម​ក្រឹត្យ‌វិន័យ​ព្រះ‌អង្គ? ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ចាក់​ភ្លើង នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ទៅ​លើ​គេ និង​អំណាច​នៃ​សង្គ្រាម​ផង ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំ‌វិញ តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

ចែក​រំលែក
អាន អេសាយ 42

អេសាយ 42:17-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែងក្លាយ ហើយ​ហៅ​រូប​បដិមា​ថា​ជា​ព្រះ​របស់​ខ្លួន មុខ​ជា​ដក​ខ្លួន​ថយ និង​ត្រូវ​អាម៉ាស់។ មនុស្ស​ថ្លង់​អើយ ចូរ​ស្ដាប់​ឮ​ឡើង! មនុស្ស​ខ្វាក់​អើយ ចូរ​បើក​ភ្នែក ហើយ​មើល​ឃើញ​ទៅ! តើ​នរណា​ជា​មនុស្ស​ខ្វាក់ គឺ​អ្នក​បម្រើ​របស់​យើង តើ​នរណា​ថ្លង់​ដូច​អ្នក​នាំ​ពាក្យ ដែល​យើង​ចាត់​ឲ្យ​មក? តើ​នរណា​ខ្វាក់​ដូច​អ្នក​ដែល​យើង ស្រោច​ស្រង់​ឡើង​វិញ គឺ​ខ្វាក់​ដូច​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់? អ្នក​បាន​ឃើញ​ហេតុ‌ការណ៍​ជា​ច្រើន តែ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេ អ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់ តែ​ពុំ​ឮ​អ្វី​សោះ​ឡើយ។ ដោយ​ព្រះ‌អម្ចាស់​សុចរិត ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​របស់ ព្រះអង្គ​បាន​ថ្កុំ‌ថ្កើង​រុងរឿង។ ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់ ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ហើយ​ត្រូវ​គេ​ឃុំ‌ឃាំង​ទាំង​អស់​គ្នា។ ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេ តែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយ ខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេ តែ​គ្មាន​នរណា​អើពើ​ទាម‌ទារ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​វិញ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​នរណា ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ? ទៅ​អនាគត តើ​មាន​នរណា យក​ចិត្ត​ទុក​ដាក់​ស្ដាប់? តើ​នរណា​បាន​ប្រគល់​ពូជ‌ពង្ស​លោក​យ៉ាកុប ទៅ​ឲ្យ​ខ្មាំង​រឹប​អូស? តើ​នរណា​បាន​ប្រគល់​កូន​ចៅ​អ៊ីស្រា‌អែល ទៅ​ឲ្យ​ខ្មាំង​ប្លន់​ដូច្នេះ? គឺ​ព្រះ‌អម្ចាស់​ដែល​ធ្វើ​ដូច្នេះ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ យើង​ខ្ញុំ​មិន​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ហើយ​មិន​ព្រម​ស្ដាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ជះ​ព្រះ‌ពិរោធ មក​លើ​ស្រុក​អ៊ីស្រា‌អែល ដោយ​ធ្វើ​ឲ្យ​ភ្លើង​សង្គ្រាម​ផ្ទុះ​ឡើង ឆេះ​រាល‌ដាល​គ្រប់​ទិស‌ទី។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​ពុំ​បាន​ភ្ញាក់​ខ្លួន ហើយ​ទោះ​បី​គេ​ហិន‌ហោច​យ៉ាង​នេះ​ក្ដី ក៏​គេ​ពុំ​អើពើ​ដែរ។

ចែក​រំលែក
អាន អេសាយ 42

អេសាយ 42:17-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​នឹង​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។ ឱ​មនុស្ស​ដំឡង់​អើយ ចូរ​ស្តាប់​ចុះ ហើយ​ពួក​កង្វាក់​អើយ ចូរ​មើល ដើម្បី​ឲ្យ​បាន​ឃើញ តើ​អ្នក​ណា​ជា​អ្នក​ខ្វាក់ បើ​មិន​មែន​ជា​អ្នក​បំរើ​របស់​អញ ឬ​ថ្លង់ ដូច​ជា​អ្នក​នាំ​ដំណឹង​ដែល​អញ​ចាត់​ប្រើ តើ​អ្នក​ណា​ខ្វាក់​ភ្នែក​ដូច​ជា​អ្នក​ដែល​មេត្រី​នឹង​អញ ហើយ​ខ្វាក់​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា ឯង​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​លើក​ដំកើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិសព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ទ្រង់ ប៉ុន្តែសាសន៍​នេះ​ជា​សាសន៍ ដែល​ត្រូវ​គេ​រឹប‌ជាន់ ហើយ​ប្លន់​យក គេ​សុទ្ធ​តែ​ជាប់​អន្ទាក់​នៅ​ក្នុង​រូង ហើយ​ក៏​លាក់​ទុក​នៅ​ក្នុង​គុក គេ​សំរាប់​ជា​រំពា ឥត​មាន​អ្នក​ណា​ដោះ​ឲ្យ​រួច ហើយ​សំរាប់​ជា​របឹប ឥត​មាន​អ្នក​ណា​ថា ចូរ​ប្រគល់​ទៅ​ឲ្យ​គេ​វិញ​នោះ​ឡើយ។ តើ​មាន​អ្នក​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា ដែល​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ទាំង​នេះ ដែល​នឹង​ប្រុង​ស្តាប់ ហើយ​ឮ​សំរាប់​គ្រា​ទៅ​ខាង​មុខ​នោះ តើ​អ្នក​ណា​បាន​ប្រគល់​ពួក​យ៉ាកុប​ឲ្យ​ទៅ​ជា​របឹប ហើយ​ពួក​អ៊ីស្រាអែល​ដល់​ពួក​ចោរ​ដូច្នេះ តើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់ ឥត​ព្រម​ដើរ​តាម​ផ្លូវ​ទ្រង់ ឬ​ស្តាប់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​ឡើយ គឺ​ហេតុ​នោះ​បាន​ជា​ទ្រង់​ចាក់​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​គេ ហើយ​នឹង​អំណាច​នៃ​សង្គ្រាម​ផង នោះ​ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំវិញ តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

ចែក​រំលែក
អាន អេសាយ 42