ហូសេ 9:10-17

ហូសេ 9:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​បាន​ប្រទះ​នឹង​អ៊ីស្រា‌អែល ដូច​ជា​ប្រទះ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ទី​រហោ‌ស្ថាន យើង​បាន​ឃើញ​ដូន​តា​របស់​អ្នក​រាល់​គ្នា ដូច​ជា​ផ្លែ​ដំបូង​នៅ​លើ​ដើម​ល្វា គឺ​នៅ​រដូវ​ដំបូង។ ប៉ុន្ដែ គេ​បាន​ទៅ​ដល់​បាល-ពេអរ ហើយ​បាន​ថ្វាយ​ខ្លួន​ដល់​រូប​ព្រះ​គួរ​ខ្មាស ក៏​ត្រឡប់​ជា​គួរ​ខ្ពើម​ឆ្អើម ដូច​របស់​ដែល​គេ​ស្រឡាញ់​នោះ។ សិរីល្អ​របស់​អេប្រាអិម​នឹង​ហើរ​ទៅ​បាត់​ដូច​សត្វ​ស្លាប គ្មាន​កូន​កើតមក គ្មាន​កូន​នៅ​ក្នុង​ផ្ទៃ ឬ​កូន​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ​ទៀត​ឡើយ! ទោះ​បើ​គេ​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​ធំ​ឡើង ក៏យើង​នឹងដក​ហូត​គេ​ទៅ រហូត​ទាល់​តែ​ឥត​មាន​នៅ​សល់។ វេទនា​ដល់​គេ​ហើយ ពេល​ណាយើង​ចាក​ចេញ​ពី​គេ! យើង​បាន​ឃើញ​ថា អេប្រាអិម​ប្រៀប​ដូច​ជា​ដើម​ចាក ដែល​ទើប​នឹង​ដាំ​នៅ​ក្នុង​ស្មៅខៀវ​ខ្ចី តែ​អេប្រាអិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន ចេញ​មក​ឲ្យ​គេ​សម្លាប់​វិញ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ដល់​គេ តើ​ត្រូវ​ប្រទាន​អ្វី? សូម​ប្រទាន​ឲ្យ​គេ​មាន​ផ្ទៃ​ដែល​រលូត​កូន និង​ដោះ​ដែល​រីង​ស្ងួត។ អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​សុទ្ធ​តែ​នៅ​ត្រង់​គីល‌កាល ដ្បិត​គឺ​នៅ​ទី​នោះ​ដែល​យើង​បាន​ស្អប់​គេ យើង​នឹង​បណ្តេញ​គេ​ចេញ​ពី​ដំណាក់​របស់​យើង ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត យើង​នឹង​លែង​ស្រឡាញ់​គេ​ទៀត​ហើយ ពួក​មេ​របស់​គេ​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ។ អេប្រាអិមនឹង​ត្រូវ​វាយ ហើយ​ឫស​របស់​គេ​បាន​ក្រៀម​ទៅ គេ​នឹង​មិន​បង្កើត​ផល​ទៀត​ឡើយ ទោះ​បើ​គេ​បង្កើត​កូន​បាន​ក៏​ដោយ ក៏​យើង​នឹង​ប្រហារ​កូន​សម្លាញ់​របស់​គេដែរ។ ព្រះ​របស់​ខ្ញុំ​នឹង​បោះ​បង់​ចោល​គេ ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌អង្គ​ទេ គេ​នឹង​សាត់​អណ្តែត​នៅ​កណ្ដាល​អស់​ទាំង​សាសន៍។

ចែក​រំលែក
អាន ហូសេ 9

ហូសេ 9:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែល ដូច​ជា​ផ្លែ​ទំពាំង‌បាយជូរ​នៅ​វាល​រហោ‌ស្ថាន យើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នា ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។ ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គម្រក់ ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើម ដូច​ព្រះ​ក្លែងក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។ កិត្តិយស​របស់​អេប្រាអ៊ីម​នឹង​ចាក​ចេញ​ពី​គេ ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ គឺ​គ្មាន​ទារក​កើត​ទៀត​ទេ ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ ឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។ ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗ យើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេ មុន​ពេល​វា​ធំ​ពេញ​វ័យ។ កាល​ណា​យើង​ចាក​ចេញ​ពី​ពួក​គេ ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន! យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹង ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល តែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន ទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។ ព្រះ‌អម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា? គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្ត្រីៗ​របស់​ពួក​គេ មិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។ «អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ លេច​ចេញ​មក​យ៉ាង​ច្បាស់​នៅ​គីល‌កាល់ គឺ​នៅ​ទី​នោះ​ហើយ​ដែល​យើង​ចាប់​ផ្ដើម ស្អប់​ខ្ពើម​ពួក​គេ។ ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ យើង​នឹង​ដេញ​ពួក​គេ​ចេញ​ពី ដំណាក់​របស់​យើង។ យើង​លែង​ស្រឡាញ់​ពួក​គេ​ទៀត​ហើយ មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ សុទ្ធ​តែ​ជា​ជន​បះ‌បោរ។ អេប្រាអ៊ីម​ត្រូវ​បណ្ដាសា​ហើយ ឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់ ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។ ប្រសិន​បើ​ពួក​គេ​បង្កើត​កូន នោះ​យើង​នឹង​ធ្វើ​ឲ្យ​កូន​ដ៏​ជា​ទី​ស្រឡាញ់ របស់​ពួក​គេ​បាត់​បង់​ជីវិត»។ ព្រះ​របស់​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេ ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ព្រះអង្គ​ទេ។ ដូច្នេះ ពួក​គេ​នឹង​ខ្ចាត់​ព្រាត់​ទៅ​នៅ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។

ចែក​រំលែក
អាន ហូសេ 9

ហូសេ 9:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អញ​បាន​ប្រទះ​នឹង​អ៊ីស្រាអែល ដូច​ជា​ប្រទះ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ទី​រហោ‌ស្ថាន អញ​បាន​ឃើញ​ពួក​ឰយុកោ​ឯង​រាល់​គ្នា ដូច​ជា​ផ្លែ​នៅ​ដើម​ល្វា​ដែល​ទុំ​មុន​គេ​នៅ​រដូវ​ជា​ដំបូង តែ​គេ​បាន​ទៅ​ដល់​បាល-ពេអរ ហើយ​បាន​ថ្វាយ​ខ្លួន​ដល់​រូប​ព្រះ​គួរ​ខ្មាស ក៏​ត្រឡប់​ជា​គួរ​ខ្ពើម​ឆ្អើម​ដូច​ជា​របស់​ដែល​គេ​ស្រឡាញ់​នោះ ចំណែក​អេប្រា‌អិម សិរី‌ល្អ​របស់​គេ​នឹង​ហើរ​បាត់​ទៅ​ដូច​ជា​សត្វ​ស្លាប នឹង​ឥត​មាន​ការ​សំរាល ឬ​មាន​ទំងន់ ឬ​ការ​ចាប់​ទុំ​ផ្ទៃ​ទៀត​ឡើយ ហើយ​ទោះ​បើ​គេ​បី​បាច់​ចិញ្ចឹម​កូន​ឲ្យ​ធំ​ឡើង គង់​តែ​អញ​នឹង​បង្អត់​ទៅ ឲ្យ​ឥត​មាន​មនុស្ស​ណា​នៅ​សល់​សោះ អើ វេទនា​ដល់​គេ​ដែរ ក្នុង​កាល​ដែល​អញ​ចាក​ចេញ​ពី​គេ​ទៅ ឯ​អេប្រា‌អិម​បាន​តាំង​នៅ​ក្នុង​ទី​គាប់​ចិត្ត ដូច​ជា​អញ​បាន​ឃើញ​ក្រុង​ទីរ៉ុស​ដែរ ប៉ុន្តែអេប្រា‌អិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន​ចេញ​មក​ឲ្យ​អ្នក​ដែល​កាប់​សំឡាប់​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ដល់​គេ តែ​ត្រូវ​ប្រទាន​អ្វី គឺ​ត្រូវ​ឲ្យ​គេ​មាន​ផ្ទៃ​ដែល​រលូត​កូន ហើយ​ដោះ​រីង​ស្ងួត អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​សុទ្ធ​តែ​នៅ​ត្រង់​គីលកាល ដ្បិត​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​ស្អប់​គេ អញ​នឹង​បណ្តេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​របស់​អញ ដោយ​ព្រោះ​សេចក្ដី​អាក្រក់​នៃ​ការ​ដែល​គេ​ធ្វើ អញ​នឹង​មិន​ស្រឡាញ់​គេ​ត​ទៅ​ទៀត ពួក​ចៅហ្វាយ​របស់​គេ​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ អេប្រា‌អិម​ត្រូវ​វាយហើយ​ឫស​របស់​គេ​បាន​ក្រៀម​ទៅ គេ​នឹង​មិន​បង្កើត​ផល​ទៀត​ឡើយ អើ ទោះ​បើ​គេ​បង្កើត​កូន​បាន​ដែរ គង់​តែ​អញ​នឹង​សំឡាប់​កូន​សំឡាញ់ ដែល​ចេញ​ពី​ផ្ទៃ​គេ​មក ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​បោះ​គេ​ចោល ពី​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ទ្រង់ នោះ​គេ​នឹង​បាន​ជា​មនុស្ស​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​សាសន៍។

ចែក​រំលែក
អាន ហូសេ 9