ហូសេ 14:1-9

ហូសេ 14:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​អ្នក​បាន​ជំពប់​ដួល ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។ ចូរ​រៀបចំ​ពាក្យ​សម្ដី ហើយ​វិល​មក​រក​ព្រះ‌យេហូវ៉ា​វិញ ត្រូវ​ឲ្យ​ទូល​ព្រះ‌អង្គ​ថា សូម​ដក​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​ចេញ សូម​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ‌គុណ​ផង ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ថ្វាយ​ផល នៃ​បបូរ​មាត់​របស់​យើង​ខ្ញុំ។ ស្រុក​អាស‌ស៊ើរ​មិន​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ព្រម​ជិះ​សេះ​ទៀត​ដែរ យើង​ខ្ញុំ​លែង​ពោល​ទៅ​ស្នាដៃ​របស់​យើង​ខ្ញុំ ថា​ជា "ព្រះ​របស់​យើង​ខ្ញុំ" ទៀត​ហើយ ដ្បិត​នៅ​ក្នុង​ព្រះ‌អង្គ កូនកំព្រា​រក​បាន​សេចក្ដី​មេត្តា‌ករុណា។ យើង​នឹង​ប្រោស​ចិត្ត​ដែល​ផិត​ក្បត់​របស់​គេ​ឲ្យ​ជា យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​កំហឹង​របស់​យើង បាន​បែរ​ចេញ​ពី​គេ​ហើយ។ យើង​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រា‌អែល គេ​នឹង​ចេញ​ផ្កា​ដូច​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ​ព្រៃ​ល្បាណូន។ មែក​របស់​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លម្អ​របស់​គេនឹង​បាន​ដូច​ដើម​អូលីវ ហើយ​មាន​ក្លិន​ដូច​ក្លិន​នៅ​ព្រៃ​ល្បាណូន។ គេ​នឹង​វិល​មក​វិញ ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​របស់យើង គេ​នឹង​លាស់​ឡើង​ដូចសម្ទូងបែក​គុម្ព គេ​នឹង​ចេញ​ផ្កា ដូច​ដើម​ទំពាំង‌បាយ‌ជូរ កេរ្ដិ៍​ឈ្មោះ​របស់​គេ​នឹង​បាន​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ មក​ពី​ស្រុក​ល្បាណូន។ ឱ​អេប្រាអិម​អើយ តើ​រូប​ព្រះ​ធៀប​ជាមួយ​យើង​ម្ដេច​បាន? យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប ហើយ​ថែ​រក្សា​អ្នក ។ យើង​ប្រៀប​ដូច​ជា​ដើម​កកោះ​ខៀវ​ខ្ចី អ្នក​រក​បាន​ផល​របស់​អ្នក​ពី​យើង។ អ្នក​ណា​ដែល​មាន​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​យល់​សេចក្ដី​ទាំង​នេះចុះ អ្នក​ណា​ដែល​មាន​គំនិត​វាង​វៃ ចូរ​ឲ្យ​អ្នក​នោះ​ស្គាល់​សេចក្ដី​ទាំង​នេះ​ទៅ។ ដ្បិត​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ មនុស្ស​ទៀង​ត្រង់​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ តែ​មនុស្ស​ទុច្ចរិត​នឹង​ជំពប់​ដួល​ក្នុង​ផ្លូវ​នោះ​វិញ។:៚

ចែក​រំលែក
អាន ហូសេ 14

ហូសេ 14:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ៊ីស្រា‌អែល​អើយ! ចូរ​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​អំពើ​បាប​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ដួល។ ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់​វិញ ដោយ​រៀបចំ​ពាក្យ​សម្ដី ហើយ​ទូល​ព្រះអង្គ​ថា: សូម​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​យើង​ខ្ញុំ សូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំ ទុក​ជា​យញ្ញ‌បូជា​ជំនួស​គោ​បា។ ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរ យើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះ ដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា “ព្រះ​របស់​យើង​ខ្ញុំ” ទៀត​ហើយ។ មាន​តែ​ព្រះអង្គ​ទេ ដែល​មាន​ព្រះ‌ហឫទ័យ អាណិត‌អាសូរ​ដល់​ជន​កំព្រា។ «យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេ ឲ្យ​បាន​ជា​សះ‌ស្បើយ គឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។ យើង​នឹង​ឲ្យ​ពរ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មក ពួក​គេ​នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូ ពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ ស្រុក​លីបង់។ ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវ និង​មាន​គន្ធ‌ពិដោរ​ក្រអូប ដូច​ព្រៃ​នៅ​ស្រុក​លីបង់។ អស់​អ្នក​ដែល​ធ្លាប់​ជ្រក​នៅ​ក្រោម ម្លប់​ដើម​ឈើ​នេះ នឹង​វិល​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​ធ្វើ​ស្រែ​ចម្ការ​សា​ជា​ថ្មី ពួក​គេ​នឹង​ចម្រុង‌ចម្រើន​ដូច​ដើម​ទំពាំង‌បាយជូរ ហើយ​មាន​ឈ្មោះ​ល្បី‌ល្បាញ​ដូច​ស្រា នៅ​ស្រុក​លីបង់។ អេប្រាអ៊ីម​អើយ! តើ​អ្នក​លែង​ប្រដូច​យើង ទៅ​នឹង​ព្រះ​ក្លែងក្លាយ​ហើយ​ឬ​នៅ? គឺ​យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប និង​មើល​ថែ‌រក្សា​អ្នក។ យើង​ប្រៀប​ដូច​ដើម​ពោធិ​មាន​ស្លឹក​ខៀវ​ខ្ចី យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ផ្លែ​បាន»។ តើ​នរណា​មាន​ប្រាជ្ញា​វាង‌វៃ អាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន? មាគ៌ា​របស់​ព្រះ‌អម្ចាស់សុទ្ធ​តែ​ទៀង​ត្រង់ មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះ រីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួល ព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។

ចែក​រំលែក
អាន ហូសេ 14

ហូសេ 14:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​អ៊ីស្រាអែល​អើយ ចូរ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ​ចុះ ដ្បិត​ឯង​បាន​ភ្លាត់​ដួល​ទៅ ដោយ​អំពើ​ទុច្ចរិត​របស់​ឯង ចូរ​ប្រុង​ប្រៀប​ពាក្យ​សំដី ហើយ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​ចុះ ត្រូវ​ឲ្យ​ទូល​ដល់​ទ្រង់​ថា សូម​លើក​អស់​ទាំង​អំពើ​ទុច្ចរិត​ចោល​ចេញ ហើយ​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ‌គុណ យ៉ាង​នោះ យើង​ខ្ញុំ​នឹង​ថ្វាយ​ដង្វាយ​នៃ​បបូរ​មាត់​យើង​ខ្ញុំ ជំនួស​គោ​ឈ្មោល​ដែល​សំរាប់​យញ្ញ‌បូជា ស្រុក​អាសស៊ើរ​នឹង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​មិន​បាន យើង​ខ្ញុំ​មិន​ព្រម​ជិះ​សេះ​ទេ ក៏​មិន​ពោល​ដល់​ស្នាដៃ​របស់​យើង​ខ្ញុំ​ទៀត​ថា លោក​ជា​ព្រះ​នៃ​ខ្ញុំ​ដែរ ដ្បិត​នៅ​ក្នុង​ទ្រង់ ទើប​ពួក​កូន​កំព្រា​រក​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ។ អញ​នឹង​កែ​ការ​រា‌ថយ​របស់​គេ​ឲ្យ​ជា ហើយ​អញ​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​សេចក្ដី​កំហឹង​របស់​អញ​បាន​បែរ​ចេញ​ពី​គេ​ហើយ អញ​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រាអែល គេ​នឹង​ផ្កា​ឡើង​ដូច​ជា​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ទៅ ដូច​ជា​ព្រៃ​ល្បាណូន មែក​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លំអ​របស់​គេ នឹង​បាន​ដូច​ជា​ដើម​អូលីវ ហើយ​នឹង​មាន​ក្លិន ដូច​ជា​ព្រៃ​ល្បាណូន ពួក​អ្នក​ដែល​ធ្លាប់​នៅ​ក្រោម​ម្លប់ គេ​នឹង​វិល​មក​វិញ ហើយ​នឹង​លាស់​ឡើង​ថ្មី ដូច​ជា​សំទូង ព្រម​ទាំង​ចេញ​ផ្កា ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ដែល​មាន​ក្លិន ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ មក​ពី​ភ្នំ​ល្បាណូន អេប្រា‌អិម​នឹង​ពោល​ថា តើ​ខ្ញុំ​ត្រូវ​ការ​អ្វី​ចំពោះ​រូប​ព្រះ​ទៀត នោះ​អញ​បាន​តប​ឆ្លើយ ហើយ​នឹង​ត្រួត‌ត្រា​មើល​គេ អញ​ប្រៀប​ដូច​ជា​ដើម​កកោះ​ខៀវ​ខ្ចី ឯង​នឹង​រក​បាន​ផល​របស់​ឯង​ពី​អញ។ តើ​មាន​អ្នក​ណា ដែល​មាន​ប្រាជ្ញា ឲ្យ​យល់​សេចក្ដី​ទាំង​នេះ​បាន ឬ​មាន​គំនិត​វាង‌វៃ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ទាំង​នេះ​ផង ដ្បិត​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ពួក​អ្នក​សុចរិត​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ តែ​មនុស្ស​ទុច្ចរិត​នឹង​ចំពប់​ដួល​ក្នុង​ផ្លូវ​នោះ​វិញ។:៚

ចែក​រំលែក
អាន ហូសេ 14