ហូសេ 14:1-9

ហូសេ 14:1-9 គកស១៦

ឱ​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​អ្នក​បាន​ជំពប់​ដួល ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។ ចូរ​រៀបចំ​ពាក្យ​សម្ដី ហើយ​វិល​មក​រក​ព្រះ‌យេហូវ៉ា​វិញ ត្រូវ​ឲ្យ​ទូល​ព្រះ‌អង្គ​ថា សូម​ដក​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​ចេញ សូម​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ‌គុណ​ផង ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ថ្វាយ​ផល នៃ​បបូរ​មាត់​របស់​យើង​ខ្ញុំ។ ស្រុក​អាស‌ស៊ើរ​មិន​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ព្រម​ជិះ​សេះ​ទៀត​ដែរ យើង​ខ្ញុំ​លែង​ពោល​ទៅ​ស្នាដៃ​របស់​យើង​ខ្ញុំ ថា​ជា "ព្រះ​របស់​យើង​ខ្ញុំ" ទៀត​ហើយ ដ្បិត​នៅ​ក្នុង​ព្រះ‌អង្គ កូនកំព្រា​រក​បាន​សេចក្ដី​មេត្តា‌ករុណា។ យើង​នឹង​ប្រោស​ចិត្ត​ដែល​ផិត​ក្បត់​របស់​គេ​ឲ្យ​ជា យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​កំហឹង​របស់​យើង បាន​បែរ​ចេញ​ពី​គេ​ហើយ។ យើង​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រា‌អែល គេ​នឹង​ចេញ​ផ្កា​ដូច​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ​ព្រៃ​ល្បាណូន។ មែក​របស់​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លម្អ​របស់​គេនឹង​បាន​ដូច​ដើម​អូលីវ ហើយ​មាន​ក្លិន​ដូច​ក្លិន​នៅ​ព្រៃ​ល្បាណូន។ គេ​នឹង​វិល​មក​វិញ ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​របស់យើង គេ​នឹង​លាស់​ឡើង​ដូចសម្ទូងបែក​គុម្ព គេ​នឹង​ចេញ​ផ្កា ដូច​ដើម​ទំពាំង‌បាយ‌ជូរ កេរ្ដិ៍​ឈ្មោះ​របស់​គេ​នឹង​បាន​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ មក​ពី​ស្រុក​ល្បាណូន។ ឱ​អេប្រាអិម​អើយ តើ​រូប​ព្រះ​ធៀប​ជាមួយ​យើង​ម្ដេច​បាន? យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប ហើយ​ថែ​រក្សា​អ្នក ។ យើង​ប្រៀប​ដូច​ជា​ដើម​កកោះ​ខៀវ​ខ្ចី អ្នក​រក​បាន​ផល​របស់​អ្នក​ពី​យើង។ អ្នក​ណា​ដែល​មាន​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​យល់​សេចក្ដី​ទាំង​នេះចុះ អ្នក​ណា​ដែល​មាន​គំនិត​វាង​វៃ ចូរ​ឲ្យ​អ្នក​នោះ​ស្គាល់​សេចក្ដី​ទាំង​នេះ​ទៅ។ ដ្បិត​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ មនុស្ស​ទៀង​ត្រង់​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ តែ​មនុស្ស​ទុច្ចរិត​នឹង​ជំពប់​ដួល​ក្នុង​ផ្លូវ​នោះ​វិញ។:៚

អាន ហូសេ 14