ហូសេ 14:1-9

ហូសេ 14:1-9 គខប

អ៊ីស្រា‌អែល​អើយ! ចូរ​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​អំពើ​បាប​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ដួល។ ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់​វិញ ដោយ​រៀបចំ​ពាក្យ​សម្ដី ហើយ​ទូល​ព្រះអង្គ​ថា: សូម​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​យើង​ខ្ញុំ សូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំ ទុក​ជា​យញ្ញ‌បូជា​ជំនួស​គោ​បា។ ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរ យើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះ ដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា “ព្រះ​របស់​យើង​ខ្ញុំ” ទៀត​ហើយ។ មាន​តែ​ព្រះអង្គ​ទេ ដែល​មាន​ព្រះ‌ហឫទ័យ អាណិត‌អាសូរ​ដល់​ជន​កំព្រា។ «យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេ ឲ្យ​បាន​ជា​សះ‌ស្បើយ គឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។ យើង​នឹង​ឲ្យ​ពរ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មក ពួក​គេ​នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូ ពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ ស្រុក​លីបង់។ ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវ និង​មាន​គន្ធ‌ពិដោរ​ក្រអូប ដូច​ព្រៃ​នៅ​ស្រុក​លីបង់។ អស់​អ្នក​ដែល​ធ្លាប់​ជ្រក​នៅ​ក្រោម ម្លប់​ដើម​ឈើ​នេះ នឹង​វិល​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​ធ្វើ​ស្រែ​ចម្ការ​សា​ជា​ថ្មី ពួក​គេ​នឹង​ចម្រុង‌ចម្រើន​ដូច​ដើម​ទំពាំង‌បាយជូរ ហើយ​មាន​ឈ្មោះ​ល្បី‌ល្បាញ​ដូច​ស្រា នៅ​ស្រុក​លីបង់។ អេប្រាអ៊ីម​អើយ! តើ​អ្នក​លែង​ប្រដូច​យើង ទៅ​នឹង​ព្រះ​ក្លែងក្លាយ​ហើយ​ឬ​នៅ? គឺ​យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប និង​មើល​ថែ‌រក្សា​អ្នក។ យើង​ប្រៀប​ដូច​ដើម​ពោធិ​មាន​ស្លឹក​ខៀវ​ខ្ចី យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ផ្លែ​បាន»។ តើ​នរណា​មាន​ប្រាជ្ញា​វាង‌វៃ អាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន? មាគ៌ា​របស់​ព្រះ‌អម្ចាស់សុទ្ធ​តែ​ទៀង​ត្រង់ មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះ រីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួល ព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។