លោកុប្បត្តិ 3:17-19
លោកុប្បត្តិ 3:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលទៅអ័ដាមថា៖ «ដោយព្រោះអ្នកបានស្តាប់តាមពាក្យ ប្រពន្ធរបស់អ្នក ហើយបរិភោគផ្លែឈើ ដែលយើងបានហាមអ្នកថា "មិនត្រូវបរិភោគផ្លែឈើនោះឡើយ" នោះដីនឹងត្រូវបណ្ដាសាដោយសារអ្នក អ្នកនឹងរកស៊ីពីដីដោយនឿយហត់ អស់មួយជីវិត។ ដីនឹងដុះចេញជាបន្លា និងអញ្ចាញឲ្យអ្នក ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ អ្នកនឹងបានអាហារបរិភោគដោយការបែកញើស រហូតដល់អ្នកត្រឡប់ទៅជាដីវិញ ដ្បិតយើងបានយកអ្នកពីដីមក អ្នកជាធូលីដី ហើយអ្នកនឹងត្រឡប់ ទៅជាធូលីដីវិញ»។
លោកុប្បត្តិ 3:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្ដាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ ដីនឹងត្រូវបណ្ដាសា ព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងវេទនា ជារៀងរាល់ថ្ងៃ អស់មួយជីវិត។ ដីនឹងដុះចេញជាបន្លា និងអញ្ចាញ ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
លោកុប្បត្តិ 3:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់ក៏មានបន្ទូលទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ នោះដីត្រូវបណ្តាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត ដីនឹងដុះជាបន្លា ហើយនឹងអញ្ចាញឲ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ