និក្ខមនំ 40:16-29

និក្ខមនំ 40:16-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​បាន​ធ្វើ​អស់​ទាំង​‌ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក គឺ​លោក​ធ្វើ​ការ​នោះ​សម្រេច​ទាំង​អស់។ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទីមួយ ក្នុង​ឆ្នាំ​ទី​ពីរ នោះ​រោង​ឧបោ‌សថ​បាន​សង់​រួច​ជា​ស្រេច។ លោក​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោ‌សថ គឺ​លោក​ដាក់​ជើង​ទ្រ លើក​បញ្ឈរ​ស៊ុម ហើយ​រៀប​រនុក ព្រម​ទាំង​លើក​សសរ​ឡើង រួច​លោក​លាត​ត្រសាល​បាំង​រោង​ឧបោ‌សថ ហើយ​ដាក់​គម្រប​ពី​លើ​ត្រសាល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ លោក​យក​សេចក្ដី​សញ្ញា​ដាក់​ក្នុង​ហិប រួច​ស៊ក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហិប ហើយ​ដាក់​ទី​សន្តោស‌ប្រោស នៅ​លើ​ហិប​នោះ។ លោក​យក​ហិប​ទៅ​ដាក់​ក្នុង​រោង​ឧបោ‌សថ ហើយ​លាត​វាំង‌នន​បាំង​ហិប​នៃ​សេចក្ដី​សញ្ញា ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ លោក​ដាក់​តុ​ក្នុង​ត្រសាល​ជំនុំ នៅ​ប៉ែក​ខាង​ជើង​រោង​ឧបោសថ នៅ​ខាង​មុខ​វាំង‌នន រួច​រៀប​នំបុ័ង​ដាក់​លើ​តុ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ លោក​ដាក់​ជើង​ចង្កៀង​ទៅ​ក្នុង​ត្រសាល​ជំនុំ ទល់​មុខ​នឹង​តុ គឺនៅ​ប៉ែក​ខាង​ត្បូង​រោង​ឧបោ‌សថ រួច​លោក​រៀបចំ​ចង្កៀង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ លោក​ដាក់​អាស‌នា​មាស​នៅ​មុខ​វាំង‌នន ក្នុង​ត្រសាល​ជំនុំ ហើយ​ក៏​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាស‌នា​នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ លោក​ក៏​ដាក់​រនាំង​នៅ​មាត់​ទ្វារ​រោង​ឧបោ‌សថ។ លោក​ដាក់​អាស‌នា​តង្វាយ​ដុត​នៅ​មាត់​ទ្វារ​រោង​ឧបោ‌សថ​នៃ​ត្រសាល​ជំនុំ រួច​លោក​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន និក្ខមនំ 40

និក្ខមនំ 40:16-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​អស់​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដំឡើង​ព្រះ‌ពន្លា នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ លោក​ម៉ូសេ​ឲ្យ​គេ​ដំឡើង​ព្រះ‌ពន្លា ដោយ​ដាក់​ជើង​ទ្រ ដាក់​ស៊ុម ដាក់​ឈើ​ទទឹង ព្រម​ទាំង​បង្គោល។ គេ​លាត​ក្រណាត់​បាំង​ព្រះ‌ពន្លា ដាក់​ក្រណាត់​គ្រប​ពី​លើ ដូច​ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេ។ លោក​ម៉ូសេ​យក​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​ដាក់​ក្នុង​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​ស៊ក​ឈើ​ស្នែង និង​យក​គម្រប​មក​គ្រប​លើ​ហិប​នោះ។ គេ​យក​ហិប​ទៅ​ដាក់​ក្នុង​ព្រះ‌ពន្លា ហើយ​ចង​វាំងនន និង​បាំង​ហិប​នោះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ គេ​ដាក់​តុ​សក្ការៈ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នៅ​ប៉ែក​ខាង​ជើង​ព្រះ‌ពន្លា និង​នៅ​ពី​មុខ​វាំងនន គេ​រៀបចំ​នំប៉័ង​សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ដាក់​នៅ​លើ​តុ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ គេ​ដាក់​ជើង​ចង្កៀង​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នៅ​ប៉ែក​ខាង​ត្បូង​ព្រះ‌ពន្លា ទល់​មុខ​នឹង​តុ គេ​អុជ​ចង្កៀង​ទាំង​អស់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ គេ​ដាក់​អាសនៈ​មាស​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ពី​មុខ​វាំងនន។ គេ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នោះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ គេ​ចង​វាំងនន​នៅ​មាត់​ទ្វារ​ចូល​ព្រះ‌ពន្លា។ គេ​ដាក់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត នៅ​ជិត​ទ្វារ​ចូល​ព្រះ‌ពន្លា​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់។ គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ​នេះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន និក្ខមនំ 40

និក្ខមនំ 40:16-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ម៉ូសេ​លោក​ក៏​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក លោក​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់ នៅ​ថ្ងៃ​១​កើត​ក្នុង​ខែ​ដំបូង​ឆ្នាំ​ទី​២ នោះ​រោង​ឧបោសថ​បាន​ដំឡើង​រួច​ជា​ស្រេច ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ លោក​ដាក់​ជើង​ទាំង​ប៉ុន្មាន ក៏​បញ្ឈរ​ក្តារ ហើយ​រៀប​រនុក​ក៏​លើក​សសរ​ទាំង​ប៉ុន្មាន​ឡើង រួច​លោក​លា​ត្រសាល​បាំង​រោង​ឧបោសថ ហើយ​ដាក់​គំរប​ពី​លើ​ត្រសាល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក លោក​យក​សេចក្ដី​បន្ទាល់​មក​ដាក់​ក្នុង​ហឹប រួច​ប្រហក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហឹប ហើយ​ដាក់​ទី​សន្តោស‌ប្រោស​នៅ​លើ​ហឹប​នោះ លោក​យក​ហឹប​ទៅ​ដាក់​ក្នុង​រោង​ឧបោសថ ហើយ​លា​វាំង‌នន​បាំង​ហឹប​នៃ​សេចក្ដី​បន្ទាល់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក លោក​ដាក់​តុ​នៅ​ខាង​ជើង​ក្នុង​ត្រសាល​ជំនុំ​ត្រង់​ខាង​មុខ​វាំង‌នន រួច​រៀប​នំបុ័ង​លើ​តុ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក លោក​ក៏​ដាក់​ជើង​ចង្កៀង​ទៅ​ក្នុង​ត្រសាល​ជំនុំ ប្រទល់​មុខ​នឹង​តុ គឺ​ខាង​ត្បូង ក្នុង​រោង​ឧបោសថ រួច​លោក​រៀបចំ​ចង្កៀង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក លោក​ដាក់​អាសនា​មាស នៅ​មុខ​វាំង‌នន ក្នុង​ត្រសាល​ជំនុំ ហើយ​ក៏​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនា​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក លោក​ដាក់​រនាំង បាំង​នៅ​មាត់​ទ្វារ​រោង​ឧបោសថ ហើយ​ក៏​ដាក់​អាសនា​ដង្វាយ​ដុត​នៅ​មុខ​ទ្វារ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ រួច​លោក​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

ចែក​រំលែក
អាន និក្ខមនំ 40