និក្ខមនំ 40:16-29

និក្ខមនំ 40:16-29 ពគប

ឯ​ម៉ូសេ​លោក​ក៏​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក លោក​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់ នៅ​ថ្ងៃ​១​កើត​ក្នុង​ខែ​ដំបូង​ឆ្នាំ​ទី​២ នោះ​រោង​ឧបោសថ​បាន​ដំឡើង​រួច​ជា​ស្រេច ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ លោក​ដាក់​ជើង​ទាំង​ប៉ុន្មាន ក៏​បញ្ឈរ​ក្តារ ហើយ​រៀប​រនុក​ក៏​លើក​សសរ​ទាំង​ប៉ុន្មាន​ឡើង រួច​លោក​លា​ត្រសាល​បាំង​រោង​ឧបោសថ ហើយ​ដាក់​គំរប​ពី​លើ​ត្រសាល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក លោក​យក​សេចក្ដី​បន្ទាល់​មក​ដាក់​ក្នុង​ហឹប រួច​ប្រហក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហឹប ហើយ​ដាក់​ទី​សន្តោស‌ប្រោស​នៅ​លើ​ហឹប​នោះ លោក​យក​ហឹប​ទៅ​ដាក់​ក្នុង​រោង​ឧបោសថ ហើយ​លា​វាំង‌នន​បាំង​ហឹប​នៃ​សេចក្ដី​បន្ទាល់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក លោក​ដាក់​តុ​នៅ​ខាង​ជើង​ក្នុង​ត្រសាល​ជំនុំ​ត្រង់​ខាង​មុខ​វាំង‌នន រួច​រៀប​នំបុ័ង​លើ​តុ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក លោក​ក៏​ដាក់​ជើង​ចង្កៀង​ទៅ​ក្នុង​ត្រសាល​ជំនុំ ប្រទល់​មុខ​នឹង​តុ គឺ​ខាង​ត្បូង ក្នុង​រោង​ឧបោសថ រួច​លោក​រៀបចំ​ចង្កៀង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក លោក​ដាក់​អាសនា​មាស នៅ​មុខ​វាំង‌នន ក្នុង​ត្រសាល​ជំនុំ ហើយ​ក៏​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនា​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក លោក​ដាក់​រនាំង បាំង​នៅ​មាត់​ទ្វារ​រោង​ឧបោសថ ហើយ​ក៏​ដាក់​អាសនា​ដង្វាយ​ដុត​នៅ​មុខ​ទ្វារ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ រួច​លោក​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

អាន និក្ខមនំ 40