និក្ខមនំ 40:16-29
និក្ខមនំ 40:16-29 គកស១៦
លោកម៉ូសេបានធ្វើអស់ទាំងការដែលព្រះយេហូវ៉ាបានបង្គាប់លោក គឺលោកធ្វើការនោះសម្រេចទាំងអស់។ នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំទីពីរ នោះរោងឧបោសថបានសង់រួចជាស្រេច។ លោកម៉ូសេបានដំឡើងរោងឧបោសថ គឺលោកដាក់ជើងទ្រ លើកបញ្ឈរស៊ុម ហើយរៀបរនុក ព្រមទាំងលើកសសរឡើង រួចលោកលាតត្រសាលបាំងរោងឧបោសថ ហើយដាក់គម្របពីលើត្រសាល ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ លោកយកសេចក្ដីសញ្ញាដាក់ក្នុងហិប រួចស៊កឈើស្នែងភ្ជាប់នឹងហិប ហើយដាក់ទីសន្តោសប្រោស នៅលើហិបនោះ។ លោកយកហិបទៅដាក់ក្នុងរោងឧបោសថ ហើយលាតវាំងននបាំងហិបនៃសេចក្ដីសញ្ញា ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ លោកដាក់តុក្នុងត្រសាលជំនុំ នៅប៉ែកខាងជើងរោងឧបោសថ នៅខាងមុខវាំងនន រួចរៀបនំបុ័ងដាក់លើតុនៅចំពោះព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ លោកដាក់ជើងចង្កៀងទៅក្នុងត្រសាលជំនុំ ទល់មុខនឹងតុ គឺនៅប៉ែកខាងត្បូងរោងឧបោសថ រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ លោកដាក់អាសនាមាសនៅមុខវាំងនន ក្នុងត្រសាលជំនុំ ហើយក៏ដុតគ្រឿងក្រអូបនៅលើអាសនានោះ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ លោកក៏ដាក់រនាំងនៅមាត់ទ្វាររោងឧបោសថ។ លោកដាក់អាសនាតង្វាយដុតនៅមាត់ទ្វាររោងឧបោសថនៃត្រសាលជំនុំ រួចលោកថ្វាយតង្វាយដុត និងតង្វាយម្សៅ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។

