និក្ខមនំ 26:15-37
និក្ខមនំ 26:15-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវធ្វើស៊ុមពីឈើនាងនួន សម្រាប់ដាក់បញ្ឈរទ្ររោងឧបោសថ។ ស៊ុមនីមួយៗត្រូវមានបណ្តោយដប់ហត្ថ ហើយទទឹងមួយហត្ថកន្លះ។ ស៊ុមនីមួយៗត្រូវមានពន្លួញពីរភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់សម្រាប់រោងឧបោសថ។ ត្រូវធ្វើស៊ុមម្ភៃសម្រាប់ប៉ែកខាងត្បូងរោងឧបោសថ ហើយនៅក្រោមស៊ុមម្ភៃនោះ ត្រូវធ្វើជើងប្រាក់ចំនួនសែសិប គឺជើងពីរៗនៅក្រោមគ្រប់ទាំងស៊ុម សម្រាប់ស៊កពន្លួញចូលទៅ ត្រូវធ្វើស៊ុមម្ភៃ សម្រាប់រោងឧបោសថនៅប៉ែកខាងជើង និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប សម្រាប់ស៊ុមទាំងនោះដែរ គឺជើងពីរៗនៅក្រោមគ្រប់ទាំងស៊ុម។ ត្រូវធ្វើស៊ុមប្រាំមួយ សម្រាប់ផ្នែកខាងក្រោយរោងឧបោសថនៅប៉ែកខាងលិច។ ត្រូវធ្វើស៊ុមពីរ សម្រាប់ជ្រុងរោងឧបោសថផ្នែកខាងក្រោយ ស៊ុមពីរនោះត្រូវភ្ជាប់គ្នានៅខាងក្រោម និងខាងលើដោយសារកងមួយ នៅជ្រុងទាំងពីរ ត្រូវមានស៊ុមពីរដូចគ្នា។ ដូច្នេះ ត្រូវមានស៊ុមប្រាំបី និងជើងទ្រធ្វើពីប្រាក់សម្រាប់ស៊ុមទាំងនោះចំនួនដប់ប្រាំមួយ គឺជើងពីរៗនៅគ្រប់ទាំងស៊ុម។ ត្រូវយកឈើនាងនួនធ្វើរនុកប្រាំ សម្រាប់ស៊ុមនៃរោងឧបោសថម្ខាង រនុកប្រាំ សម្រាប់ស៊ុមនៃរោងឧបោសថម្ខាង ហើយរនុកប្រាំ សម្រាប់ស៊ុមផ្នែកខាងក្រោយនៃរោងឧបោសថប៉ែកខាងលិច។ រនុកកណ្ដាល ពាក់កណ្ដាលស៊ុមឡើងលើ ត្រូវបង្ហូតចាប់ពីចុងម្ខាងដល់ចុងម្ខាង។ ត្រូវស្រោបស៊ុមទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សម្រាប់ស៊ករនុកចូល ហើយរនុកទាំងនោះក៏ត្រូវស្រោបមាសដែរ។ ត្រូវដំឡើងរោងឧបោសថតាមគំរូដែលបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។ ត្រូវធ្វើវាំងននពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់រូបចេរូប៊ីម ដោយការរចនានៃជាងមានស្នាដៃ។ ត្រូវពាក់វាំងនននោះលើសសរនាងនួនបួន ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់បួន មានទាំងតម្ពក់មាសផង។ ត្រូវពាក់វាំងនននឹងតម្ពក់ទាំងនោះ រួចត្រូវយកហិបនៃសេចក្ដីសញ្ញា ចូលទៅដាក់នៅខាងក្នុងវាំងនន ហើយវាំងនននោះនឹងខណ្ឌទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុតឲ្យអ្នករាល់គ្នា។ ត្រូវដាក់ទីសន្តោសប្រោស នៅលើហិបនៃសេចក្ដីសញ្ញាខាងក្នុងទីបរិសុទ្ធបំផុត។ ត្រូវដាក់តុពីខាងក្រៅវាំងនន ចំហៀងខាងជើង ហើយជើងចង្កៀងត្រូវដាក់នៅពីមុខតុ ចំហៀងខាងត្បូង ក្នុងរោងឧបោសថ។ រីឯច្រកចូលត្រសាល ត្រូវធ្វើរនាំងពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយត្រូវប៉ាក់ផង។ ត្រូវធ្វើសសរនាងនួនប្រាំ ស្រោបដោយមាសសម្រាប់រនាំងនោះ ត្រូវមានតម្ពក់មាស ហើយត្រូវសិតធ្វើជើងលង្ហិនប្រាំសម្រាប់សសរទាំងនោះ។
និក្ខមនំ 26:15-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរយកឈើនាងនួនមកធ្វើជាស៊ុម សម្រាប់បញ្ឈរ ទ្រក្រណាត់ព្រះពន្លានោះ ស៊ុមនីមួយៗត្រូវមានកម្ពស់ដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។ នៅលើស៊ុមនីមួយៗត្រូវមានពន្លួញពីរស្របគ្នា។ ត្រូវធ្វើស៊ុមម្ភៃសម្រាប់ប៉ែកខាងត្បូងព្រះពន្លា។ ត្រូវធ្វើជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។ នៅប៉ែកខាងជើងព្រះពន្លា ត្រូវធ្វើស៊ុមចំនួនម្ភៃ និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប គឺជើងទ្រពីរសម្រាប់ស៊ុមមួយ។ នៅខាងក្រោយព្រះពន្លា គឺប៉ែកខាងលិច ត្រូវធ្វើស៊ុមចំនួនប្រាំមួយ។ ត្រូវធ្វើស៊ុមពីរទៀត សម្រាប់ជ្រុងខាងក្រោយព្រះពន្លា។ ស៊ុមនៅជ្រុងទាំងពីរនេះមានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោមមានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។ ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរសម្រាប់ស៊ុមនីមួយៗ។ ត្រូវយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សម្រាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ព្រះពន្លា ឈើទទឹងប្រាំ សម្រាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀតសម្រាប់ប៉ែកខាងលិចនៃព្រះពន្លា។ ឈើទទឹងដែលនៅកណ្ដាល ត្រូវតែដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។ ត្រូវយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសម្រាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ត្រូវស្រោបមាសដែរ។ ចូរដំឡើងព្រះពន្លាតាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។ ចូរធ្វើវាំងននមួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអដោយរូបចេរូប៊ីន។ ត្រូវថ្ពក់វាំងនននេះទៅនឹងបង្គោលបួន ដែលធ្វើពីឈើនាងនួនស្រោបមាស ដែលបញ្ឈរនៅលើជើងទ្របួនធ្វើអំពីប្រាក់ រីឯតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។ ត្រូវយកតម្ពក់ទាំងនោះមកថ្ពក់វាំងនន រួចយកហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា ទៅដាក់នៅខាងក្រោយវាំងនន។ វាំងនននេះខណ្ឌទីសក្ការៈ និងទីសក្ការៈបំផុត ឲ្យនៅដាច់ពីគ្នា។ បន្ទាប់មក ត្រូវយកគម្របមកគ្របលើហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងទីសក្ការៈបំផុត។ ត្រូវដាក់តុនៅខាងមុខវាំងនន ប៉ែកខាងជើង ហើយដាក់ជើងចង្កៀងនៅចំពីមុខតុ គឺនៅប៉ែកខាងត្បូង។ រីឯទ្វារចូលព្រះពន្លា ត្រូវត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវប៉ាក់ក្បាច់លំអដែរ។ ត្រូវយកឈើនាងនួនមកធ្វើសសរប្រាំដើម រួចស្រោបមាសទៀតផង។ ត្រូវថ្ពក់វាំងននភ្ជាប់ទៅនឹងសសរទាំងនោះ ដោយតម្ពក់មាស។ ត្រូវយកលង្ហិនធ្វើជើងទ្រចំនួនប្រាំសម្រាប់ទ្រសសរទាំងនោះ។
និក្ខមនំ 26:15-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវធ្វើក្តារ ពីឈើនាងនួន ដាក់បញ្ឈរ សំរាប់ជាជញ្ជាំងនៃរោងឧបោសថ ក្តារទាំងនោះ ត្រូវឲ្យមានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ គ្រប់តែក្តារ ត្រូវមានពន្លួញ២ភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់ សំរាប់រោងឧបោសថ ត្រូវធ្វើក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ ហើយនៅក្រោមក្តារ២០សន្លឹកនោះ ត្រូវធ្វើជើងប្រាក់ចំនួន៤០ គឺជើងពីរៗនៅក្រោមរាល់តែក្តារសំរាប់ស៊កពន្លួញចូលទៅ ត្រូវធ្វើក្តារ២០សន្លឹក សំរាប់រោងឧបោសថនៅទិសខាងជើងទៀត នឹងជើងប្រាក់ចំនួន៤០ សំរាប់ក្តារទាំងនោះដែរ គឺជើងពីរៗនៅក្រោមគ្រប់តែក្តារ ហើយត្រូវធ្វើក្តារ៦សន្លឹក សំរាប់ចុងរោងឧបោសថនៅទិសខាងលិច ត្រូវធ្វើក្តារ២សន្លឹក សំរាប់ជ្រុងរោងឧបោសថនៅខាងចុង ក្តារ២សន្លឹកនោះ ត្រូវភ្ជាប់គ្នានៅខាងក្រោម នឹងខាងលើដោយសារកង១ នៅជ្រុងទាំង២ ត្រូវមានក្តារ២ដូចគ្នា ដូច្នេះ ត្រូវឲ្យមានក្តារ៨សន្លឹក ហើយនឹងជើងប្រាក់សំរាប់ក្តារទាំងនោះចំនួនជា១៦ គឺជើងពីរៗនៅរៀងរាល់តែក្តារ ត្រូវធ្វើរនុក៥ពីឈើនាងនួន សំរាប់ក្តារនៅជញ្ជាំងរោងឧបោសថម្ខាង នឹងរនុក៥ទៀត សំរាប់ក្តារជញ្ជាំងរោងឧបោសថម្ខាង ហើយរនុក៥ សំរាប់ក្តារជញ្ជាំងនៅឯចុងរោងឧបោសថខាងលិច ឯរនុកកណ្តាល ត្រូវឲ្យវែងបង្ហូតពីចុងម្ខាងដល់ចុងម្ខាង ត្រូវស្រោបក្តារទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សំរាប់ប្រហករនុកចូល ទោះទាំងរនុកនោះក៏ត្រូវស្រោបដោយមាសដែរ ត្រូវដំឡើងរោងឧបោសថតាមគំរូដែលបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ។ រួចត្រូវធ្វើវាំងនន ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់រូបចេរូប៊ីន ដោយការរចនានៃជាងមានស្នាដៃ ហើយត្រូវពាក់វាំងនននោះលើសសរនាងនួន៤ ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់៤ មានទាំងទំពក់មាសផង ត្រូវពាក់វាំងនននឹងទំពក់ទាំងនោះ រួចត្រូវយកហឹបនៃសេចក្ដីបន្ទាល់ចូលទៅ ដាក់នៅខាងក្នុងវាំងនន ហើយវាំងនននោះនឹងខាំងទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុតឲ្យឯងរាល់គ្នា រួចត្រូវដាក់ទីសន្តោសប្រោសនៅលើហឹបនៃសេចក្ដីបន្ទាល់ខាងក្នុងទីបរិសុទ្ធបំផុត ហើយត្រូវដាក់តុពីខាងក្រៅវាំងនន ចំហៀងខាងជើង ឯជើងចង្កៀង នោះត្រូវដាក់នៅពីមុខតុ ចំហៀងខាងត្បូង ក្នុងរោងឧបោសថ។ នៅមុខត្រសាល ត្រូវធ្វើរនាំង ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយត្រូវប៉ាក់ផង ត្រូវធ្វើសសរនាងនួន៥ស្រោបដោយមាស សំរាប់រនាំងនោះ ត្រូវមានទំពក់មាស ហើយត្រូវសិតជើងលង្ហិន៥សំរាប់សសរទាំងនោះដែរ។