និក្ខមនំ 26:15-37

និក្ខមនំ 26:15-37 ពគប

ត្រូវ​ធ្វើ​ក្តារ ពី​ឈើ​នាង‌នួន ដាក់​បញ្ឈរ សំរាប់​ជា​ជញ្ជាំង​នៃ​រោង​ឧបោសថ ក្តារ​ទាំង​នោះ ត្រូវ​ឲ្យ​មាន​បណ្តោយ​១០​ហត្ថ ហើយ​ទទឹង​១​ហត្ថ​កន្លះ គ្រប់​តែ​ក្តារ ត្រូវ​មាន​ពន្លួញ​២​ភ្ជាប់​តាម​ជួរ​ជញ្ជាំង ត្រូវ​ធ្វើ​ឲ្យ​ដូច​គ្នា​ទាំង​អស់ សំរាប់​រោង​ឧបោសថ ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក​សំរាប់​ខាង​ត្បូង​រោង​ឧបោសថ ហើយ​នៅ​ក្រោម​ក្តារ​២០​សន្លឹក​នោះ ត្រូវ​ធ្វើ​ជើង​ប្រាក់​ចំនួន​៤០ គឺ​ជើង​ពីរៗ​នៅ​ក្រោម​រាល់​តែ​ក្តារ​សំរាប់​ស៊ក​ពន្លួញ​ចូល​ទៅ ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក សំរាប់​រោង​ឧបោសថ​នៅ​ទិស​ខាង​ជើង​ទៀត នឹង​ជើង​ប្រាក់​ចំនួន​៤០ សំរាប់​ក្តារ​ទាំង​នោះ​ដែរ គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​តែ​ក្តារ ហើយ​ត្រូវ​ធ្វើ​ក្តារ​៦​សន្លឹក សំរាប់​ចុង​រោង​ឧបោសថ​នៅ​ទិស​ខាង​លិច ត្រូវ​ធ្វើ​ក្តារ​២​សន្លឹក សំរាប់​ជ្រុង​រោង​ឧបោសថ​នៅ​ខាង​ចុង ក្តារ​២​សន្លឹក​នោះ ត្រូវ​ភ្ជាប់​គ្នា​នៅ​ខាង​ក្រោម នឹង​ខាង​លើ​ដោយ‌សារ​កង​១ នៅ​ជ្រុង​ទាំង​២ ត្រូវ​មាន​ក្តារ​២​ដូច​គ្នា ដូច្នេះ ត្រូវ​ឲ្យ​មាន​ក្តារ​៨​សន្លឹក ហើយ​នឹង​ជើង​ប្រាក់​សំរាប់​ក្តារ​ទាំង​នោះ​ចំនួន​ជា​១៦ គឺ​ជើង​ពីរៗ​នៅ​រៀង​រាល់​តែ​ក្តារ ត្រូវ​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សំរាប់​ក្តារ​នៅ​ជញ្ជាំង​រោង​ឧបោសថ​ម្ខាង នឹង​រនុក​៥​ទៀត សំរាប់​ក្តារ​ជញ្ជាំង​រោង​ឧបោសថ​ម្ខាង ហើយ​រនុក​៥ សំរាប់​ក្តារ​ជញ្ជាំង​នៅ​ឯ​ចុង​រោង​ឧបោសថ​ខាង​លិច ឯ​រនុក​កណ្តាល ត្រូវ​ឲ្យ​វែង​បង្ហូត​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង ត្រូវ​ស្រោប​ក្តារ​ទាំង​អស់​ដោយ​មាស ហើយ​ត្រូវ​ធ្វើ​កង​អំពី​មាស សំរាប់​ប្រហក​រនុក​ចូល ទោះ​ទាំង​រនុក​នោះ​ក៏​ត្រូវ​ស្រោប​ដោយ​មាស​ដែរ ត្រូវ​ដំឡើង​រោង​ឧបោសថ​តាម​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ។ រួច​ត្រូវ​ធ្វើ​វាំង‌នន ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​រូប​ចេរូប៊ីន ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ ហើយ​ត្រូវ​ពាក់​វាំង‌នន​នោះ​លើ​សសរ​នាង‌នួន​៤ ដែល​ស្រោប​ដោយ​មាស បញ្ឈរ​លើ​ជើង​ប្រាក់​៤ មាន​ទាំង​ទំពក់​មាស​ផង ត្រូវ​ពាក់​វាំង‌នន​នឹង​ទំពក់​ទាំង​នោះ រួច​ត្រូវ​យក​ហឹប​នៃ​សេចក្ដី​បន្ទាល់​ចូល​ទៅ ដាក់​នៅ​ខាង​ក្នុង​វាំង‌នន ហើយ​វាំង‌នន​នោះ​នឹង​ខាំង​ទី​បរិសុទ្ធ ពី​ទី​បរិសុទ្ធ​បំផុត​ឲ្យ​ឯង​រាល់​គ្នា រួច​ត្រូវ​ដាក់​ទី​សន្តោស​ប្រោស​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត ហើយ​ត្រូវ​ដាក់​តុ​ពី​ខាង​ក្រៅ​វាំង‌នន ចំហៀង​ខាង​ជើង ឯ​ជើង​ចង្កៀង នោះ​ត្រូវ​ដាក់​នៅ​ពី​មុខ​តុ ចំហៀង​ខាង​ត្បូង ក្នុង​រោង​ឧបោសថ។ នៅ​មុខ​ត្រសាល ត្រូវ​ធ្វើ​រនាំង ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ត្រូវ​ប៉ាក់​ផង ត្រូវ​ធ្វើ​សសរ​នាង‌នួន​៥​ស្រោប​ដោយ​មាស សំរាប់​រនាំង​នោះ ត្រូវ​មាន​ទំពក់​មាស ហើយ​ត្រូវ​សិត​ជើង​លង្ហិន​៥​សំរាប់​សសរ​ទាំង​នោះ​ដែរ។

អាន និក្ខមនំ 26