និក្ខមនំ 26:15-37

និក្ខមនំ 26:15-37 គកស១៦

ត្រូវ​ធ្វើ​ស៊ុម​ពី​ឈើ​នាង‌នួន សម្រាប់​ដាក់​បញ្ឈរ​ទ្រ​រោង​ឧបោ‌សថ។ ស៊ុម​នីមួយៗ​ត្រូវ​មាន​បណ្តោយ​ដប់​ហត្ថ ហើយ​ទទឹង​មួយ​ហត្ថ​កន្លះ។ ស៊ុម​នីមួយៗ​ត្រូវ​មាន​ពន្លួញ​ពីរ​ភ្ជាប់​តាម​ជួរ​ជញ្ជាំង ត្រូវ​ធ្វើ​ឲ្យ​ដូច​គ្នា​ទាំង​អស់​សម្រាប់​រោង​ឧបោ‌សថ។ ត្រូវ​ធ្វើស៊ុម​ម្ភៃ​សម្រាប់​ប៉ែក​ខាង​ត្បូង​រោង​ឧបោ‌សថ ហើយ​នៅ​ក្រោម​ស៊ុម​ម្ភៃ​នោះ ត្រូវ​ធ្វើ​ជើង​ប្រាក់​ចំនួន​សែសិប គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​ទាំង​ស៊ុម សម្រាប់​ស៊ក​ពន្លួញ​ចូល​ទៅ ត្រូវ​ធ្វើ​ស៊ុម​ម្ភៃ សម្រាប់​រោង​ឧបោ‌សថ​នៅប៉ែក​ខាង​ជើង និង​ជើងទ្រ​ស៊ុមពី​ប្រាក់​ចំនួន​សែសិប សម្រាប់​ស៊ុម​ទាំង​នោះ​ដែរ គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​ទាំង​ស៊ុម។ ត្រូវ​ធ្វើ​ស៊ុម​ប្រាំមួយ សម្រាប់​ផ្នែក​ខាង​ក្រោយ​រោង​ឧបោ‌សថ​នៅ​ប៉ែក​ខាង​លិច។ ត្រូវ​ធ្វើ​ស៊ុម​ពីរ សម្រាប់​ជ្រុង​រោង​ឧបោ‌សថ​ផ្នែក​ខាង​ក្រោយ ស៊ុម​ពីរ​នោះ​ត្រូវ​ភ្ជាប់​គ្នា​នៅ​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​មួយ នៅ​ជ្រុង​ទាំង​ពីរ ត្រូវ​មាន​ស៊ុម​ពីរ​ដូច​គ្នា។ ដូច្នេះ ត្រូវ​មាន​ស៊ុម​ប្រាំបី និង​ជើងទ្រធ្វើ​ពី​ប្រាក់​សម្រាប់​ស៊ុម​ទាំង​នោះ​ចំនួន​ដប់​ប្រាំមួយ គឺ​ជើង​ពីរៗ​នៅ​គ្រប់​ទាំង​ស៊ុម។ ត្រូវ​យក​ឈើ​នាង‌នួន​ធ្វើ​រនុក​ប្រាំ សម្រាប់​ស៊ុមនៃ​រោង​ឧបោ‌សថ​ម្ខាង រនុក​ប្រាំ សម្រាប់​ស៊ុម​នៃ​រោង​ឧបោ‌សថ​ម្ខាង ហើយ​រនុក​ប្រាំ សម្រាប់​ស៊ុម​ផ្នែក​ខាង​ក្រោយ​នៃ​រោង​ឧបោ‌សថ​ប៉ែក​ខាង​លិច។ រនុក​កណ្ដាល ពាក់​កណ្ដាល​ស៊ុម​ឡើង​លើ ត្រូវ​បង្ហូត​ចាប់​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង។ ត្រូវ​ស្រោប​ស៊ុម​ទាំង​អស់​ដោយ​មាស ហើយ​ត្រូវ​ធ្វើ​កង​អំពី​មាស សម្រាប់​ស៊ក​រនុក​ចូល ហើយ​រនុក​ទាំង​នោះ​ក៏​ត្រូវ​ស្រោប​មាស​ដែរ។ ត្រូវ​ដំឡើង​រោង​ឧបោ‌សថ​តាម​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។ ត្រូវ​ធ្វើ​វាំង‌នន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​រូប​ចេរូ‌ប៊ីម ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នា​ដៃ។ ត្រូវ​ពាក់​វាំង‌នន​នោះ​លើ​សសរ​នាង‌នួន​បួន ដែល​ស្រោប​ដោយ​មាស បញ្ឈរ​លើ​ជើង​ប្រាក់​បួន មាន​ទាំង​តម្ពក់​មាស​ផង។ ត្រូវ​ពាក់​វាំង‌នន​នឹង​តម្ពក់​ទាំង​នោះ រួច​ត្រូវ​យក​ហិប​នៃ​សេចក្ដី​សញ្ញា ចូល​ទៅ​ដាក់​នៅ​ខាង​ក្នុង​វាំង‌នន ហើយ​វាំង‌នន​នោះ​នឹង​ខណ្ឌ​ទី​បរិសុទ្ធ ពី​ទី​បរិសុទ្ធ​បំផុត​ឲ្យ​អ្នក​រាល់​គ្នា។ ត្រូវ​ដាក់​ទី​សន្តោស​ប្រោស នៅ​លើ​ហិប​នៃ​សេចក្ដី​សញ្ញា​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត។ ត្រូវ​ដាក់​តុ​ពី​ខាង​ក្រៅ​វាំង‌នន ចំហៀង​ខាង​ជើង ហើយ​ជើង​ចង្កៀង​ត្រូវ​ដាក់​នៅ​ពី​មុខ​តុ ចំហៀង​ខាង​ត្បូង ក្នុង​រោង​ឧបោ‌សថ។ រីឯ​ច្រកចូល​ត្រសាល ត្រូវ​ធ្វើ​រនាំង​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ត្រូវ​ប៉ាក់​ផង។ ត្រូវ​ធ្វើ​សសរ​នាង‌នួន​ប្រាំ ស្រោប​ដោយ​មាស​សម្រាប់​រនាំង​នោះ ត្រូវ​មាន​តម្ពក់​មាស ហើយ​ត្រូវ​សិត​ធ្វើ​ជើង​លង្ហិន​ប្រាំ​សម្រាប់​សសរ​ទាំង​នោះ។

អាន និក្ខមនំ 26