និក្ខមនំ 20:18-23

និក្ខមនំ 20:18-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​មនុស្ស​ទាំង​អស់​បាន​ឮ​ផ្គរ​លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេក‌បន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ គេក៏​ញ័រ​រន្ធត់ ហើយ​ថយ​ទៅ​ឈរ​ពី​ចម្ងាយ គេ​និយាយ​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ចុះ យើង​ខ្ញុំ​នឹង​ស្តាប់​លោក សូម​កុំ​ឲ្យ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំ​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់»។ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ព្រះ‌ទ្រង់​យាង​មក​ដើម្បី​ល្បង​ល​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ព្រះ‌អង្គ ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។ ពេល​នោះ ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់ ជា​កន្លែង​ដែល​ព្រះ​គង់​នៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ខ្លួន​ឯង​ហើយ​ថា យើង​បាន​និយាយ​ជា‌មួយ​អ្នក​រាល់​គ្នា​ពី​ស្ថាន‌សួគ៌​មក។ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។

ចែក​រំលែក
អាន និក្ខមនំ 20

និក្ខមនំ 20:18-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជន​ទាំង​មូល​បាន​ឮ​ស្នូរ​ផ្គរ‌លាន់ និង​សំឡេង​ត្រែ ព្រម​ទាំង​ឃើញ​ផ្លេក​បន្ទោរ និង​ផ្សែង​ហុយ​ឡើង​ពី​ភ្នំ។ ពួក​គេ​ភ័យ​ញ័រ​រន្ធត់ ហើយ​ឈរ​ពី​ចម្ងាយ។ ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ផ្ទាល់​ចុះ យើង​ខ្ញុំ​នឹង​ស្ដាប់​លោក។ ប៉ុន្តែ សូម​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង​ខ្ញុំ​ឡើយ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់»។ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះ‌ជាម្ចាស់​យាង​មក​ដូច្នេះ ដើម្បី​ល្បង‌ល​អ្នក​រាល់​គ្នា និង​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោតខ្លាច​ព្រះអង្គ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។ ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ដុំ​ពពក​ដ៏​ក្រាស់ ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​គង់​នៅ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​ពី​លើ​មេឃ​មក។ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​មាស ឬ​ប្រាក់ មក​ធ្វើ​ជា​រូប​ព្រះ​សម្រាប់​ថ្វាយ‌បង្គំ ដូច​ថ្វាយ‌បង្គំ​យើង​ឡើយ។

ចែក​រំលែក
អាន និក្ខមនំ 20

និក្ខមនំ 20:18-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បណ្តាជន​ទាំង​អស់​គ្នា បាន​ឮ​ផ្គរ‌លាន់ នឹង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេក‌បន្ទោរ នឹង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ នោះ​ស្រាប់​តែ​គេ​ញ័រ​រន្ធត់ ហើយ​ក៏​ថយ​ទៅ​ឈរ​នៅ​ទី​ឆ្ងាយ​វិញ គេ​និយាយ​នឹង​ម៉ូសេ​ថា សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​រាល់​គ្នា តែ​ខ្លួន​លោក​បាន​ហើយ យើង​ខ្ញុំ​នឹង​ស្តាប់​លោក សូម​កុំ​ឲ្យ​ព្រះ​មាន​បន្ទូល​នឹង​យើង​ខ្ញុំ​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ម៉ូសេ​ក៏​តប​ថា កុំ​ខ្លាច​អី ដ្បិត​ព្រះ‌ទ្រង់​បាន​យាង​មក​ប្រយោជន៍​តែ​នឹង​ល្បង​អ្នក​រាល់​គ្នា​ទេ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​បាប​ឡើយ ឯ​ជន​ទាំង‌ឡាយ​គេ​ក៏​ឈរ​នៅ​ទី​ឆ្ងាយ តែ​ម៉ូសេ​បាន​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់​ដែល​ព្រះ​គង់​នៅ​នោះ។ ព្រះ‌យេហូវ៉ា ទ្រង់​ក៏​បង្គាប់​ទៅ​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ខ្លួន​ឯង​រាល់​គ្នា​បាន​ឃើញ​ថា អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ពី​លើ​ស្ថាន‌សួគ៌​មក ដូច្នេះ មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ណា​ទៀត នៅ​ជា​មួយ​នឹង​អញ ទោះ​ទាំង​ព្រះ​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់ ក៏​មិន​ត្រូវ​ធ្វើ​សំរាប់​ខ្លួន​ឡើយ។

ចែក​រំលែក
អាន និក្ខមនំ 20