សាស្ដា 7:1-14

សាស្ដា 7:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​មាន​តម្លៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ ស៊ូ​ទៅ​ផ្ទះ​ដែល​មាន​ការ​កាន់​ទុក្ខ ជា​ជាង​ទៅ​ផ្ទះ​ដែល​មាន​ការ​ជប់‌លៀង ដ្បិត​មរណ‌ភាព​ជា​ចុង​បំផុត របស់​មនុស្ស​ទាំង‌ឡាយ ហើយ​មនុស្ស​ដែល​នៅ​រស់ នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​នោះ។ សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍ ជាង​សំណើច ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្ដាល​ឲ្យ ចិត្ត​សប្បាយ​ឡើង។ ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។ ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​របស់​មនុស្ស មាន​ប្រាជ្ញា​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចម្រៀង​របស់​ពួក​ល្ងី‌លើ ដ្បិត​សំណើច​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ឮ​ដូច​ជា​សូរ​គុក‌គឹក ពី​បន្លា​ដែល​ឆេះ​ក្រោម​ឆ្នាំង នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ ពិត​ប្រាកដ​ជា​ការ​សង្កត់‌សង្កិន​រមែង​បណ្ដាល​ឲ្យ មនុស្ស​ដែល​មាន​ប្រាជ្ញា ទៅ​ជា​ក្រឡក​ចិត្ត​វិញ ហើយ​សំណូក​ក៏​បង្ខូច​គំនិត​ផង។ ការ​បង្ហើយ​អ្វីៗ វិសេស​ជាង​ចាប់​ផ្តើម​ការ​ទៅ​ទៀត ហើយ​ដែល​មាន​ចិត្ត​អត់‌ធ្មត់ វិសេស​ជាង​មាន​ចិត្ត​អំនួត​ដែរ។ កុំ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ។ កុំ​ឲ្យ​សួរ​ថា «ហេតុ​អ្វី​បាន​ជា​សម័យ​មុន ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ?» ដ្បិត​ដែល​សួរ​ដូច្នេះ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។ ឯ​ប្រាជ្ញា​នោះ​ល្អ​ស្មើ​នឹង​មត៌ក ក៏​វិសេស​ដល់​ពួក​អ្នក​ដែល​ឃើញ​ពន្លឺ​ថ្ងៃ​ផង។ ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការពារ​ខ្លួន​ដែរ ប៉ុន្តែ អ្វី​ដែល​វិសេស​ជាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត របស់​ពួក​អ្នក​មាន​ប្រាជ្ញា​ឲ្យ​គង់​នៅ។ ចូរ​ពិចារ‌ណា​ស្នាដៃ​របស់​ព្រះ ដ្បិត​របស់​អ្វី​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្ងិច‌ក្ងក់ តើ​អ្នក​ណា​អាច​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន? នៅ​គ្រា​ដែល​មាន​សេចក្ដី​ចម្រើន ចូរ​មាន​ចិត្ត​អរ​សប្បាយ​ចុះ ហើយ​នៅ​គ្រា​ក្រក្រី ចូរ​ពិចារ‌ណា​វិញ ព្រះ​បាន​ដាក់​ទាំង​ពីរ​នោះ​នៅ​ទន្ទឹម​គ្នា ប្រយោជន៍​ឲ្យ​មនុស្ស​ស្វែង​រក ឲ្យ​យល់​មិន​បាន​ចំពោះ​ការ​ដែល​កើត​មក​នៅ​ពេល​ក្រោយ។

ចែក​រំលែក
អាន សាស្ដា 7

សាស្ដា 7:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កេរ្តិ៍​ឈ្មោះ​ល្អ ប្រសើរ​ជាង​ទឹក​អប់​ដ៏​ក្រអូប ហើយ​ថ្ងៃ​ស្លាប់ ក៏​ប្រសើរ​ជាង​ថ្ងៃ​កើត​ដែរ។ ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ប្រសើរ​ជាង​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​ជប់‌លៀង ដ្បិត​អ្នក​ដែល​នៅ​រស់​ត្រូវ​ចង​ចាំ​ថា សេចក្ដី​ស្លាប់ ជា​ចុង​បញ្ចប់​របស់​មនុស្ស​គ្រប់ៗ​រូប។ ទុក្ខ​ព្រួយ​ប្រសើរ​ជាង​សើច​សប្បាយ ដ្បិត​ទឹក​មុខ​ក្រៀម‌ក្រំ​អាច​បង្កប់​នូវ ចិត្ត​អរ​សប្បាយ។ មនុស្ស​មាន​ប្រាជ្ញា​តែង​ចូល​ចិត្ត នៅ​ជា​មួយ​អ្នក​មាន​ទុក្ខ រីឯ​មនុស្ស​លេលា​ចូល​ចិត្ត​តែ​កន្លែង​ណា ដែល​មាន​ការ​សប្បាយ។ ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់ មនុស្ស​ល្ងី‌ល្ងើ។ សំណើច​របស់​មនុស្ស​លេលា​ប្រៀប​បី​ដូច​ជា ស្នូរ​បន្លា​ដែល​ឆេះ​នៅ​ពី​ក្រោម​ឆ្នាំង។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​អ្វី​ដែរ។ ពេល​ណា​អ្នក​ប្រាជ្ញ​ប្រើ​អំណាច សង្កត់‌សង្កិន​អ្នក​ដទៃ អ្នក​ប្រាជ្ញ​នោះ​ក្លាយ​ទៅ​ជា​មនុស្ស​លេលា ហើយ​សំណូក​ក៏​រមែង​ធ្វើ​ឲ្យ មនុស្ស​ពុក​រលួយ​ដែរ។ បង្ហើយ​ការ‌ងារ​អ្វី​មួយ វិសេស​ជាង​ចាប់​ផ្ដើម ចិត្ត​អត់‌ធ្មត់ ក៏​វិសេស​ជាង​ចិត្ត​អួត​បំប៉ោង​ដែរ។ កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយ ដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះ ដែល​រហ័ស​មួម៉ៅ។ មិន​ត្រូវ​ពោល​ថា «ហេតុ​អ្វី​បាន​សម័យ​បុរាណ​ប្រសើរ​ជាង​សព្វ​ថ្ងៃ?» ដ្បិត​សំណួរ​បែប​នេះ​មិន​មែន​មក​ពី​ប្រាជ្ញា​ទេ។ ប្រាជ្ញា​មាន​តម្លៃ​ដូច​កេរ‌មត៌ក ហើយ​តែងតែ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។ ស្ថិត​នៅ​ក្រោម​ម្លប់​ប្រាជ្ញា​ក៏​ដូច​ជា​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ប្រាក់​ដែរ។ គុណ​ប្រយោជន៍​នៃ​ចំណេះ​ដឹង​មាន​ដូច​ត​ទៅ: ប្រាជ្ញា​តែងតែ​ផ្ដល់​អាយុ​យឺន‌យូរ​ដល់​អ្នក​ដែល​មាន​ប្រាជ្ញា។ ចូរ​សង្កេត​មើល​កិច្ចការ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ។ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​កោង នោះ​គ្មាន​នរណា​អាច​ពត់​ឲ្យ​ត្រង់​បាន​ឡើយ។ នៅ​ថ្ងៃ​មាន​សុភមង្គល ចូរ​សប្បាយ​រីក‌រាយ ហើយ​នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា ចូរ​រិះគិត​ពិចារណា។ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​មាន​សុភមង្គល និង​ទុក្ខ​វេទនា ដើម្បី​កុំ​ឲ្យ​មនុស្ស​ដឹង​ថា អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា។

ចែក​រំលែក
អាន សាស្ដា 7

សាស្ដា 7:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​ដ៏​មាន​ដំឡៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ ស៊ូ​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​កាន់​ទុក្ខ ជា​ជាង​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​ជប់‌លៀង ដ្បិត​មរណ‌ភាព​ជា​ចុង​បំផុត​របស់​មនុស្ស​ទាំង‌ឡាយ ហើយ​មនុស្ស​ដែល​នៅ​រស់​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​នោះ សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍​ជាង​សេចក្ដី​សំណើច ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្តាល​ឲ្យ​ចិត្តសប្បាយ​ឡើង ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។ ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​នៃ​មនុស្ស​មាន​ប្រាជ្ញា​នោះ​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចំរៀង​របស់​ពួក​ល្ងី‌ល្ងើ ដ្បិត​សំណើច​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ឮ​ដូច​ជា​សូរ​គុក‌គឹក ពី​បន្លា​ដែល​ឆេះ​ក្រោម​ឆ្នាំង នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ ពិត​ប្រាកដ​ជា​ការ​សង្កត់‌សង្កិន​រមែង​បណ្តាល​ឲ្យ​មនុស្ស​ដែល​មាន​ប្រាជ្ញា ទៅ​ជា​ក្រឡក​ចិត្ត​វិញ ហើយ​សំណូក​ក៏​បង្ខូច​គំនិត​ផង។ ការ​បង្ហើយ​អ្វីៗ នោះ​វិសេស​ជាង​ចាប់​ផ្តើម​ការ​ទៅ​ទៀត ហើយ​ដែល​មាន​ចិត្ត​អត់‌ធ្មត់ នោះ​វិសេស​ជាង​មាន​ចិត្ត​អំនួត​ដែរ កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ កុំ​ឲ្យ​សួរ​ថា ហេតុ​អ្វី​បាន​ជា​សម័យ​ជាន់​មុន​ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ ដ្បិត​ដែល​សួរ​ដូច្នេះ នោះ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ។ ឯ​ប្រាជ្ញា​នោះ​ល្អ​ស្មើ​នឹង​មរដក អើ ក៏​វិសេស​ជាង​ដល់​ពួក​អ្នក​ដែល​ឃើញ​ពន្លឺ​ថ្ងៃ​ផង ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការ‌ពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការ‌ពារ​ខ្លួន​ដែរ ប៉ុន្តែការ​ដែល​វិសេស​ជាង​ខាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត​របស់​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​គង់​នៅ ចូរ​ពិចារណា​ស្នាដៃ​របស់​ព្រះ ដ្បិត​របស់​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្ងិច‌ក្ងក់ នោះ​តើ​អ្នក​ណា​អាច​នឹង​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន នៅ​គ្រា​ដែល​មាន​សេចក្ដី​ចំរើន នោះ​ចូរ​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ​ចុះ ហើយ​នៅ​គ្រា​ក្រក្រី នោះ​ចូរ​ពិចារណា​វិញ អើ ព្រះ‌ទ្រង់​បាន​ដាក់​ទាំង​២​នោះ​នៅ​ទន្ទឹម​គ្នា ប្រយោជន៍​ឲ្យ​មនុស្ស​ស្វែង​រក ឲ្យ​យល់​មិន​បាន​ចំពោះ​ការ​ដែល​កើត​មក​ខាង​ក្រោយ។

ចែក​រំលែក
អាន សាស្ដា 7