សាស្តា 7:1-14

សាស្តា 7:1-14 គកស១៦

នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​មាន​តម្លៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ ស៊ូ​ទៅ​ផ្ទះ​ដែល​មាន​ការ​កាន់​ទុក្ខ ជា​ជាង​ទៅ​ផ្ទះ​ដែល​មាន​ការ​ជប់‌លៀង ដ្បិត​មរណ‌ភាព​ជា​ចុង​បំផុត របស់​មនុស្ស​ទាំង‌ឡាយ ហើយ​មនុស្ស​ដែល​នៅ​រស់ នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​នោះ។ សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍ ជាង​សំណើច ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្ដាល​ឲ្យ ចិត្ត​សប្បាយ​ឡើង។ ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។ ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​របស់​មនុស្ស មាន​ប្រាជ្ញា​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចម្រៀង​របស់​ពួក​ល្ងី‌លើ ដ្បិត​សំណើច​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ឮ​ដូច​ជា​សូរ​គុក‌គឹក ពី​បន្លា​ដែល​ឆេះ​ក្រោម​ឆ្នាំង នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ ពិត​ប្រាកដ​ជា​ការ​សង្កត់‌សង្កិន​រមែង​បណ្ដាល​ឲ្យ មនុស្ស​ដែល​មាន​ប្រាជ្ញា ទៅ​ជា​ក្រឡក​ចិត្ត​វិញ ហើយ​សំណូក​ក៏​បង្ខូច​គំនិត​ផង។ ការ​បង្ហើយ​អ្វីៗ វិសេស​ជាង​ចាប់​ផ្តើម​ការ​ទៅ​ទៀត ហើយ​ដែល​មាន​ចិត្ត​អត់‌ធ្មត់ វិសេស​ជាង​មាន​ចិត្ត​អំនួត​ដែរ។ កុំ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ។ កុំ​ឲ្យ​សួរ​ថា «ហេតុ​អ្វី​បាន​ជា​សម័យ​មុន ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ?» ដ្បិត​ដែល​សួរ​ដូច្នេះ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។ ឯ​ប្រាជ្ញា​នោះ​ល្អ​ស្មើ​នឹង​មត៌ក ក៏​វិសេស​ដល់​ពួក​អ្នក​ដែល​ឃើញ​ពន្លឺ​ថ្ងៃ​ផង។ ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការពារ​ខ្លួន​ដែរ ប៉ុន្តែ អ្វី​ដែល​វិសេស​ជាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត របស់​ពួក​អ្នក​មាន​ប្រាជ្ញា​ឲ្យ​គង់​នៅ។ ចូរ​ពិចារ‌ណា​ស្នាដៃ​របស់​ព្រះ ដ្បិត​របស់​អ្វី​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្ងិច‌ក្ងក់ តើ​អ្នក​ណា​អាច​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន? នៅ​គ្រា​ដែល​មាន​សេចក្ដី​ចម្រើន ចូរ​មាន​ចិត្ត​អរ​សប្បាយ​ចុះ ហើយ​នៅ​គ្រា​ក្រក្រី ចូរ​ពិចារ‌ណា​វិញ ព្រះ​បាន​ដាក់​ទាំង​ពីរ​នោះ​នៅ​ទន្ទឹម​គ្នា ប្រយោជន៍​ឲ្យ​មនុស្ស​ស្វែង​រក ឲ្យ​យល់​មិន​បាន​ចំពោះ​ការ​ដែល​កើត​មក​នៅ​ពេល​ក្រោយ។

អាន សាស្តា 7