ដានីយ៉ែល 2:13-19
ដានីយ៉ែល 2:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ មានរាជបញ្ជាចេញទៅ ដើម្បីយកពួកអ្នកប្រាជ្ញទៅសម្លាប់ ហើយគេក៏រកដានីយ៉ែល និងគូកនរបស់លោក ដើម្បីយកទៅសម្លាប់ដែរ។ គ្រានោះ ដានីយ៉ែលបានឆ្លើយតបដោយវាងវៃ ហើយឆ្លៀវឆ្លាតដល់អើយ៉ុក ជាមេកងសន្ដិសុខរបស់ស្ដេច ដែលបានចេញទៅដើម្បីសម្លាប់ពួកអ្នកប្រាជ្ញស្រុកបាប៊ីឡូន។ លោកសួរអើយ៉ុក ជាមេកងសន្ដិសុខរបស់ស្ដេចថា៖ «ហេតុអ្វីបានជារាជបញ្ជារបស់ស្តេចបន្ទាន់ដល់ម៉្លេះ?»។ ពេលនោះ អើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល។ ពេលនោះ ដានីយ៉ែលចូលទៅគាល់ស្តេច ទូលសូមឲ្យបានឱកាសបន្តិច ដើម្បីឲ្យលោកបានកាត់ស្រាយថ្វាយស្ដេចជ្រាប។ បន្ទាប់មក ដានីយ៉ែលក៏វិលទៅផ្ទះវិញ ជម្រាបរឿងនោះដល់ហាណានា មីសាអែល និងអ័សារា ជាគូកនរបស់លោក ដើម្បីឲ្យគេបានទូលសូមដល់ព្រះនៃស្ថានសួគ៌ ឲ្យព្រះអង្គបានប្រោសមេត្តាដល់គេ ពីដំណើរអាថ៌កំបាំងនេះ ប្រយោជន៍ឲ្យដានីយ៉ែល និងគូកនរបស់លោកមិនត្រូវវិនាស ព្រមទាំងពួកអ្នកប្រាជ្ញឯទៀតៗ នៅស្រុកបាប៊ីឡូនផង។ ដូច្នេះ ព្រះក៏បានបើកសម្ដែងអាថ៌កំបាំងនោះឲ្យដានីយ៉ែលឃើញ ក្នុងនិមិត្តមួយនៅវេលាយប់ ហើយដានីយ៉ែលក៏ថ្វាយព្រះពរដល់ព្រះនៃស្ថានសួគ៌។
ដានីយ៉ែល 2:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេបានប្រកាសផ្សាយរាជបញ្ជា ហើយពួកអ្នកប្រាជ្ញត្រូវគេនាំយកទៅ បម្រុងនឹងប្រហារជីវិត។ គេក៏រកចាប់លោកដានីយ៉ែល និងមិត្តភក្ដិរបស់លោកយកទៅសម្លាប់ដែរ។ លោកអើយ៉ុក ជាមេបញ្ជាការកងរក្សាព្រះមហាក្សត្រ ទទួលបន្ទុកចាប់អ្នកប្រាជ្ញស្រុកបាប៊ីឡូនយកទៅប្រហារជីវិត។ ពេលនោះ លោកដានីយ៉ែលបានសាកសួរដោយប្រុងប្រយ័ត្ន និងវាងវៃថា៖ «ហេតុដូចម្ដេចបានជាព្រះមហាក្សត្រចេញបញ្ជាតឹងរ៉ឹងបែបនេះ?»។ លោកអើយ៉ុកក៏រៀបរាប់រឿងហេតុប្រាប់លោកដានីយ៉ែល។ លោកដានីយ៉ែលទៅគាល់ព្រះរាជា ទូលសូមពន្យារពេល ដើម្បីទុកឲ្យលោកពន្យល់អត្ថន័យនៃសុបិនថ្វាយ។ បន្ទាប់មក លោកទៅផ្ទះវិញ ជម្រាបលោកហាណានា លោកមីសាអែល និងលោកអសារាជាមិត្តភក្ដិឲ្យបានជ្រាបពីហេតុការណ៍នេះ ហើយបបួលគ្នាទូលអង្វរព្រះជាម្ចាស់នៃស្ថានបរមសុខ សូមទ្រង់អាណិតមេត្តាបំភ្លឺលោកឲ្យយល់អាថ៌កំបាំងនេះ កុំឲ្យគេប្រហារជីវិតលោក និងមិត្តភក្ដិ ព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។ ពេលនោះ ព្រះជាម្ចាស់បានបំភ្លឺលោកដានីយ៉ែលឲ្យដឹងការអាថ៌កំបាំងនេះ តាមរយៈនិមិត្តហេតុដ៏អស្ចារ្យនៅពេលយប់។ លោកដានីយ៉ែលក៏លើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ*។
ដានីយ៉ែល 2:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាងនោះ មានព្រះរាជឱង្ការចេញទៅ បង្គាប់ឲ្យសំឡាប់ពួកអ្នកប្រាជ្ញបង់ ហើយគេក៏រកដានីយ៉ែល នឹងពួកគូកនលោក ដើម្បីយកទៅសំឡាប់ដែរ។ គ្រានោះ ដានីយ៉ែលឆ្លើយដោយវាងវៃ ហើយឆ្លៀវឆ្លាតដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គ ដែលបានចេញទៅ ដើម្បីសំឡាប់ពួកអ្នកប្រាជ្ញដែលនៅក្រុងបាប៊ីឡូន លោកសួរដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គថា ហេតុអ្វីបានជាព្រះរាជឱង្ការនៃស្តេចប្រថំអីម៉្លេះ នោះអើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល រួចដានីយ៉ែលចូលទៅគាល់ស្តេច ទូលសូមឲ្យបានឱកាសបន្តិច នោះនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប។ នោះដានីយ៉ែលក៏វិលទៅឯផ្ទះ ប្រាប់រឿងនោះដល់ហាណានា មីសាអែល នឹងអ័សារា ជាគូកនរបស់លោក ដើម្បីឲ្យគេបានទូលសូមដល់ព្រះនៃស្ថានសួគ៌ ឲ្យទ្រង់បានប្រោសមេត្តាដល់គេ ពីដំណើរសេចក្ដីអាថ៌កំបាំងនោះ ប្រយោជន៍ឲ្យដានីយ៉ែល នឹងគូកនលោកមិនត្រូវវិនាសជាមួយនឹងពួកអ្នកប្រាជ្ញឯទៀត ដែលនៅក្រុងបាប៊ីឡូនឡើយ ដូច្នេះ សេចក្ដីអាថ៌កំបាំងនោះ បានសំដែងមក ឲ្យដានីយ៉ែលឃើញ ក្នុងការជាក់ស្តែងនៅវេលាយប់ នោះលោកក្រាបថ្វាយបង្គំដល់ព្រះនៃស្ថានសួគ៌