ដានីយ៉ែល 2:13-19
ដានីយ៉ែល 2:13-19 គកស១៦
ដូច្នេះ មានរាជបញ្ជាចេញទៅ ដើម្បីយកពួកអ្នកប្រាជ្ញទៅសម្លាប់ ហើយគេក៏រកដានីយ៉ែល និងគូកនរបស់លោក ដើម្បីយកទៅសម្លាប់ដែរ។ គ្រានោះ ដានីយ៉ែលបានឆ្លើយតបដោយវាងវៃ ហើយឆ្លៀវឆ្លាតដល់អើយ៉ុក ជាមេកងសន្ដិសុខរបស់ស្ដេច ដែលបានចេញទៅដើម្បីសម្លាប់ពួកអ្នកប្រាជ្ញស្រុកបាប៊ីឡូន។ លោកសួរអើយ៉ុក ជាមេកងសន្ដិសុខរបស់ស្ដេចថា៖ «ហេតុអ្វីបានជារាជបញ្ជារបស់ស្តេចបន្ទាន់ដល់ម៉្លេះ?»។ ពេលនោះ អើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល។ ពេលនោះ ដានីយ៉ែលចូលទៅគាល់ស្តេច ទូលសូមឲ្យបានឱកាសបន្តិច ដើម្បីឲ្យលោកបានកាត់ស្រាយថ្វាយស្ដេចជ្រាប។ បន្ទាប់មក ដានីយ៉ែលក៏វិលទៅផ្ទះវិញ ជម្រាបរឿងនោះដល់ហាណានា មីសាអែល និងអ័សារា ជាគូកនរបស់លោក ដើម្បីឲ្យគេបានទូលសូមដល់ព្រះនៃស្ថានសួគ៌ ឲ្យព្រះអង្គបានប្រោសមេត្តាដល់គេ ពីដំណើរអាថ៌កំបាំងនេះ ប្រយោជន៍ឲ្យដានីយ៉ែល និងគូកនរបស់លោកមិនត្រូវវិនាស ព្រមទាំងពួកអ្នកប្រាជ្ញឯទៀតៗ នៅស្រុកបាប៊ីឡូនផង។ ដូច្នេះ ព្រះក៏បានបើកសម្ដែងអាថ៌កំបាំងនោះឲ្យដានីយ៉ែលឃើញ ក្នុងនិមិត្តមួយនៅវេលាយប់ ហើយដានីយ៉ែលក៏ថ្វាយព្រះពរដល់ព្រះនៃស្ថានសួគ៌។


