អេម៉ុស 3:1-10

អេម៉ុស 3:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ប្រជា‌ជន​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​អ្នក​រាល់​គ្នា គឺ​ទាស់​នឹង​គ្រួ​សារ​ទាំង​មូល ដែល​យើង​បាន​នាំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ថា ក្នុង​ចំណោម​គ្រួ​សារ​នៅលើ​ផែន‌ដី យើង​បាន​ស្គាល់​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដូច្នេះ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ បើ​មនុស្ស​ពីរ​នាក់​មិន​ព្រម​ព្រៀង​ជួប​គ្នា តើ​គេ​ដើរ​ជា‌មួយ​គ្នា​បាន​ឬ? តើ​សិង្ហ​គ្រហឹម​នៅ​ក្នុង​ព្រៃ នៅ​ពេល​ចាប់​រំពា​មិន​ទាន់​បាន​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​មិន​បាន​អ្វី​សោះ តើ​វា​ស្រែក​ពី​ក្នុង​រូង​របស់​វា​ឬ? កាល​បើ​គ្មាន​នុយ​បញ្ឆោត តើ​សត្វ​ស្លាប​ធ្លាក់​មក​ចូល​អន្ទាក់​នៅ​ដី​បាន​ឬ? បើ​មិន​មាន​ជាប់​អ្វី​ទេ តើ​អន្ទាក់​នឹង​វាត់​ឡើង​ពី​ដីឬ? តើ​គេ​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង មិន​ធ្វើ​ឲ្យ​ប្រជា‌ជន​ភ័យ​ឬ? បើ​ព្រះ‌យេហូវ៉ាមិន​បាន​ធ្វើ​ទេ តើ​មាន​អន្ត‌រាយ​កើត​ដល់​ទី​ក្រុង​ណា​មួយ​បាន​ឬ? ដ្បិត​ព្រះ‌យេហូវ៉ា​មិន​ធ្វើ​អ្វី ដោយ​មិន​សម្ដែង​ការ​លាក់​កំបាំង​របស់​ព្រះ‌អង្គ ប្រាប់ពួក​ហោរា​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​នោះ​ឡើយ។ សិង្ហ​បាន​គ្រហឹម​ហើយ តើមាន​អ្នក​ណា​មិន​ខ្លាច? ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​មាន​អ្នក​ណា​ទប់​មិន​ថ្លែង​ទំនាយ​បាន? ចូរ​ប្រកាស​ប្រាប់​ដល់​ទីមាំ​មួន​នៅ​ក្រុង​អាសដូឌ ហើយ​ដល់​ទី​មាំ​មួន​នៅ​ស្រុក​អេស៊ីព្ទ​ផង​ថា "ចូរជួប​ជុំ​គ្នា​នៅ​លើ​ភ្នំ របស់​ស្រុក​សាម៉ារី ហើយ​ពិចារ‌ណា​មើល​ការ​ច្រួល​ច្របល់​យ៉ាង​ធំ និង​ការ​សង្កត់‌សង្កិន ដែល​កើត​មាន​នៅ​កណ្ដាល​ស្រុក​នោះ​ចុះ"។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គេ​មិន​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ទេ គេ​ជា​ពួក​អ្នក​ដែល​សន្សំ​ទុកអំពើ​ឃោរ​ឃៅ និង​អំពើ​ឆក់​ប្លន់​នៅ​ក្នុង​ទីមាំ​មួន​របស់​គេ។

ចែក​រំលែក
អាន អេម៉ុស 3

អេម៉ុស 3:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ «យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ជា​ពូជ​អំបូរ ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប។ ក្នុង​ចំណោម​ពូជ​អំបូរ​ទាំង​អស់​នៅ​លើ​ផែនដី យើង​ចាប់​ចិត្ត​តែ​លើ​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា ប៉ុណ្ណោះ​ទេ ហេតុ​នេះ យើង​កាត់​ទោស​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត»។ បើ​មនុស្ស​ពីរ​នាក់​មិន​បាន​ព្រម​ព្រៀង​គ្នា ជា​មុន​សិន​ទេ តើ​គេ​អាច​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដូច​ម្ដេច​កើត? បើ​សត្វ​សិង្ហ​ចាប់​រំពា​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​ព្រៃ​កើត​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​សត្វ​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​រូង​ដូច​ម្ដេច​បាន? បើ​គ្មាន​នុយ​ទាក់‌ទាញ​ទេ តើ​សត្វ​ស្លាប​ហើរ​មក​ជាប់​អន្ទាក់​នៅ​ដី​បាន​ឬ? បើ​គ្មាន​សត្វ​ជាប់​ទេ តើ​ឲ្យ​អន្ទាក់​វាត់​ឡើង​ដូច​ម្ដេច​បាន? បើ​គេ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​ក្នុង​ក្រុង​មួយ តើ​ប្រជា‌ជន​មិន​ជ្រួល‌ច្របល់​ឬ? បើ​ព្រះ‌អម្ចាស់​មិន​ដាក់​ទោស​ទេ តើ​មហន្ត‌រាយ​អាច​កើត​មាន​ដល់ ក្រុង​ណា​មួយ​បាន​ឬ? យ៉ាង​ណា‌មិញ ពេល​ព្រះ‌ជា‌អម្ចាស់ធ្វើ​ការ​អ្វី​មួយ ព្រះអង្គ​តែង​សម្តែង​ការ​លាក់​កំបាំង​ប្រាប់ ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ជានិច្ច។ ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេល​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល តើ​នរណា​មិន​ថ្លែង​ព្រះ‌បន្ទូល​នេះ? ចូរ​ស្រែក​ប្រកាស​នៅ​តាម​ប្រាសាទ​ក្រុង​អាស‌ដូឌ និង​នៅ​តាម​ប្រាសាទ​នៃ​ស្រុក​អេស៊ីប​ថា: ចូរ​ទៅ​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​នៃ​ក្រុង​សាម៉ារី ដើម្បី​សង្កេត​មើល​អនា‌ធិបតេយ្យ និង​អយុត្តិ‌ធម៌ នៅ​ទី​នោះ។ ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ទេ ពួក​គេ​យក​របស់​របរ​ដែល​លួច​ប្លន់ និង​រឹប​អូស ទៅ​ដាក់​ពេញ​ប្រាសាទ​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អេម៉ុស 3

អេម៉ុស 3:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ទាស់​នឹង​គ្រួ​ទាំង​មូល ដែល​អញ​បាន​នាំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ថា ក្នុង​អស់​ទាំង​គ្រួ​នៅ​ផែនដី អញ​បាន​ស្គាល់​តែ​ឯង​រាល់​គ្នា​ទេ ដូច្នេះ អញ​នឹង​ធ្វើ​ទោស​ដល់​ឯង​រាល់​គ្នា ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ឯង បើ​មនុស្ស​២​នាក់​មិន​ព្រម​ចិត្ត​គ្នា នោះ​តើ​នឹង​ដើរ​ជា​១​គ្នា​បាន​ឬ ឯ​សិង្ហ នឹង​ស្រែក​គ្រហឹម​នៅ​ក្នុង​ព្រៃ ក្នុង​កាល​ដែល​មិន​ទាន់​ចាប់​រំពា​ឬ បើ​សិង្ហ​ស្ទាវ​មិន​បាន​ចាប់​អ្វី​សោះ តើ​នឹង​ស្រែក​នៅ​ក្នុង​រូង​វា​ដែរ​ឬ នៅ​កន្លែង​ដែល​ឥត​មាន​ដាក់​ខ្សែ‌រូត នោះ​សត្វ​ហើរ​អាច​នឹង​ធ្លាក់​ទៅ​ជាប់​ក្នុង​អន្ទាក់​បាន​ឬ តើ​អន្ទាក់​នឹង​វាត់​ឡើង​ពី​ដី ឥត​មាន​ជាប់​អ្វី​ឬ​ទេ តើ​នឹង​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង ឥត​ធ្វើ​ឲ្យ​បណ្តាជន​ក្តុក‌ចិត្ត​បាន​ឬ តើ​នឹង​មាន​អន្តរាយ​កើត​ដល់​ទី​ក្រុង​ណា ឥត​ព្រះ‌យេហូវ៉ា​ធ្វើ​ដែរ​ឬ​ទេ ពិត​ប្រាកដ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​តែ​ទ្រង់​សំដែង ឲ្យ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ឃើញ​គំនិត​លាក់‌កំបាំង​របស់​ទ្រង់​ផង រីឯ​សិង្ហ​បាន​ស្រែក​គ្រហឹម​ហើយ តើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ខ្លាច ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ តើ​មាន​អ្នក​ណា​នឹង​ទប់​មិន​ទាយ​បាន​ឬ។ ចូរ​ប្រកាស​ប្រាប់​នៅ​ក្នុង​ដំណាក់ នៅ​ក្រុង​អាសដូឌ​ហើយ​ក្នុង​ដំណាក់​នៅ​ស្រុក​អេស៊ីព្ទ​ផង​ថា ចូរ​មូល​គ្នា​មក​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​សាម៉ារី ពិចារណា​មើល​ការ​កោលា‌ហល​យ៉ាង​ធំ នឹង​ការ​សង្កត់‌សង្កិន ដែល​កើត​មាន​នៅ​កណ្តាល​ស្រុក​នោះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​មិន​ចេះ​ប្រព្រឹត្ត​ត្រឹម‌ត្រូវ​ទេ គេ​ជា​ពួក​អ្នក​ដែល​សន្សំ​ទុក​នូវ​សេចក្ដី​ច្រឡោត នឹង​ការ​រឹប​ជាន់​នៅ​ក្នុង​អស់​ទាំង​ដំណាក់​របស់​គេ

ចែក​រំលែក
អាន អេម៉ុស 3