អេម៉ុស 3:1-10

អេម៉ុស 3:1-10 គខប

ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ «យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ជា​ពូជ​អំបូរ ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប។ ក្នុង​ចំណោម​ពូជ​អំបូរ​ទាំង​អស់​នៅ​លើ​ផែនដី យើង​ចាប់​ចិត្ត​តែ​លើ​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា ប៉ុណ្ណោះ​ទេ ហេតុ​នេះ យើង​កាត់​ទោស​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត»។ បើ​មនុស្ស​ពីរ​នាក់​មិន​បាន​ព្រម​ព្រៀង​គ្នា ជា​មុន​សិន​ទេ តើ​គេ​អាច​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដូច​ម្ដេច​កើត? បើ​សត្វ​សិង្ហ​ចាប់​រំពា​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​ព្រៃ​កើត​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​សត្វ​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​រូង​ដូច​ម្ដេច​បាន? បើ​គ្មាន​នុយ​ទាក់‌ទាញ​ទេ តើ​សត្វ​ស្លាប​ហើរ​មក​ជាប់​អន្ទាក់​នៅ​ដី​បាន​ឬ? បើ​គ្មាន​សត្វ​ជាប់​ទេ តើ​ឲ្យ​អន្ទាក់​វាត់​ឡើង​ដូច​ម្ដេច​បាន? បើ​គេ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​ក្នុង​ក្រុង​មួយ តើ​ប្រជា‌ជន​មិន​ជ្រួល‌ច្របល់​ឬ? បើ​ព្រះ‌អម្ចាស់​មិន​ដាក់​ទោស​ទេ តើ​មហន្ត‌រាយ​អាច​កើត​មាន​ដល់ ក្រុង​ណា​មួយ​បាន​ឬ? យ៉ាង​ណា‌មិញ ពេល​ព្រះ‌ជា‌អម្ចាស់ធ្វើ​ការ​អ្វី​មួយ ព្រះអង្គ​តែង​សម្តែង​ការ​លាក់​កំបាំង​ប្រាប់ ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ជានិច្ច។ ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេល​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល តើ​នរណា​មិន​ថ្លែង​ព្រះ‌បន្ទូល​នេះ? ចូរ​ស្រែក​ប្រកាស​នៅ​តាម​ប្រាសាទ​ក្រុង​អាស‌ដូឌ និង​នៅ​តាម​ប្រាសាទ​នៃ​ស្រុក​អេស៊ីប​ថា: ចូរ​ទៅ​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​នៃ​ក្រុង​សាម៉ារី ដើម្បី​សង្កេត​មើល​អនា‌ធិបតេយ្យ និង​អយុត្តិ‌ធម៌ នៅ​ទី​នោះ។ ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ទេ ពួក​គេ​យក​របស់​របរ​ដែល​លួច​ប្លន់ និង​រឹប​អូស ទៅ​ដាក់​ពេញ​ប្រាសាទ​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។