ឱប្រជាជនអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងអ្នករាល់គ្នា គឺទាស់នឹងគ្រួសារទាំងមូល ដែលយើងបាននាំឡើងចេញពីស្រុកអេស៊ីព្ទ គឺថា ក្នុងចំណោមគ្រួសារនៅលើផែនដី យើងបានស្គាល់តែអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ បើមនុស្សពីរនាក់មិនព្រមព្រៀងជួបគ្នា តើគេដើរជាមួយគ្នាបានឬ? តើសិង្ហគ្រហឹមនៅក្នុងព្រៃ នៅពេលចាប់រំពាមិនទាន់បានឬ? បើសិង្ហស្ទាវចាប់មិនបានអ្វីសោះ តើវាស្រែកពីក្នុងរូងរបស់វាឬ? កាលបើគ្មាននុយបញ្ឆោត តើសត្វស្លាបធ្លាក់មកចូលអន្ទាក់នៅដីបានឬ? បើមិនមានជាប់អ្វីទេ តើអន្ទាក់នឹងវាត់ឡើងពីដីឬ? តើគេផ្លុំត្រែនៅក្នុងក្រុង មិនធ្វើឲ្យប្រជាជនភ័យឬ? បើព្រះយេហូវ៉ាមិនបានធ្វើទេ តើមានអន្តរាយកើតដល់ទីក្រុងណាមួយបានឬ? ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។ សិង្ហបានគ្រហឹមហើយ តើមានអ្នកណាមិនខ្លាច? ព្រះអម្ចាស់ព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ តើមានអ្នកណាទប់មិនថ្លែងទំនាយបាន? ចូរប្រកាសប្រាប់ដល់ទីមាំមួននៅក្រុងអាសដូឌ ហើយដល់ទីមាំមួននៅស្រុកអេស៊ីព្ទផងថា "ចូរជួបជុំគ្នានៅលើភ្នំ របស់ស្រុកសាម៉ារី ហើយពិចារណាមើលការច្រួលច្របល់យ៉ាងធំ និងការសង្កត់សង្កិន ដែលកើតមាននៅកណ្ដាលស្រុកនោះចុះ"។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកអំពើឃោរឃៅ និងអំពើឆក់ប្លន់នៅក្នុងទីមាំមួនរបស់គេ។
អាន អេម៉ុស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 3:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ