២ ធីម៉ូថេ 3:9-17

២ ធីម៉ូថេ 3:9-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ គេ​មិន​អាច​ទៅ​មុខ​បាន​ឆ្ងាយ​ប៉ុន្មាន​ឡើយ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​គំនិត​លេលា​របស់​គេ​យ៉ាង​ច្បាស់ ដូច​គេ​បាន​ឃើញ​គំនិត​លេលា​របស់​អ្នក​ទាំង​ពីរ​នោះ​ដែរ។ ឥឡូវ​នេះ អ្នក​បាន​ស្គាល់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ កិរិយា​របស់​ខ្ញុំ បំណង​ចិត្ត ជំនឿ ការ​អត់‌ធ្មត់ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​ខ្ញុំ​ហើយ ក៏​ឃើញ​ការ​ដែល​គេ​បៀត​បៀន​ខ្ញុំ និង​ទុក្ខ​លំបាក​ដែល​បាន​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អាន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ត្រា គឺ​ការ​បៀត​បៀន​ដែល​ខ្ញុំ​ស៊ូទ្រាំ តែ​ព្រះ‌អម្ចាស់​បានរំដោះ​ខ្ញុំ​ឲ្យ​រួចផុត​ពី​គ្រប់​ទាំងអស់។ អស់​អ្នក​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​នឹង​ត្រូវ​គេ​រ​បៀត​បៀន​ដូច្នេះ​ឯង រីឯ​មនុស្ស​អាក្រក់ និង​ពួក​បោកប្រាស់ គេ​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។ តែ​ឯ​អ្នកវិញ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​បាន​ជឿ​យ៉ាង​មាំ​នោះ​ចុះ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្ដី​នោះ​ពី​អ្នក​ណា ហើយ​ថា តាំង​ពី​ក្មេង​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ គ្រប់​ទាំង​បទ​គម្ពីរ ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្ដាល​ឲ្យ​តែង ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​កែ​តម្រង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​ចំណេះ​សម្រាប់​ធ្វើ​ការ​ល្អ​គ្រប់​ជំពូក។

ចែក​រំលែក
អាន ២ ធីម៉ូថេ 3

២ ធីម៉ូថេ 3:9-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​ពុំ​អាច​ទៅ​មុខ​ទៀត​បាន​ឆ្ងាយ​ឡើយ ដ្បិត​មនុស្ស‌ម្នា​នឹង​ឃើញ​គំនិត​លេលា​របស់​គេ ដូច​អ្នក​នៅ​ពី​សម័យ​ដើម​បាន​ឃើញ​គំនិត​លេលា​របស់​យ៉ាណែស និង​យ៉ាម‌ប្រេស​ដែរ។ ចំពោះ​អ្នក​វិញ អ្នក​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​បង្រៀន អ្នក​បាន​ឃើញ​កិរិយា​របស់​ខ្ញុំ ឃើញ​គម្រោង‌ការ ជំនឿ ការ​អត់‌ធ្មត់ ការ​ស្រឡាញ់ និង​ការ​ស៊ូ‌ទ្រាំ​របស់​ខ្ញុំ អ្នក​បាន​ឃើញ​គេ​បៀត‌បៀន​ខ្ញុំ និង​ឃើញ​ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ដ្រា។ ខ្ញុំ​បាន​រង‌ទុក្ខ​វេទនា​ដោយ​គេ​បៀត‌បៀន​យ៉ាង​ខ្លាំង ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ទាំង​អស់។ អស់​អ្នក​ដែល​ចង់​រស់​នៅ ដោយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ មុខ​ជា​ត្រូវ​គេ​បៀត‌បៀន​ដូច្នេះ​ឯង។ រីឯ​មនុស្ស​អាក្រក់ និង​អ្នក​បោក​ប្រាស់​វិញ គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ ទាំង​នាំ​អ្នក​ផ្សេង​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។ ចំពោះ​អ្នក ត្រូវ​កាន់​តាម​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​យក​ធ្វើ​ជា​គោល​ជំនឿ ឲ្យ​ខ្ជាប់ខ្ជួន​ឡើង! អ្នក​ដឹង​ច្បាស់​ហើយ​ថា អ្នក​បាន​រៀន​សេចក្ដី​ទាំង​នេះ​ពី​នរណា​មក!។ អ្នក​ស្គាល់​ព្រះ‌គម្ពីរ​តាំង​តែ​ពី​នៅ​កុមារ​ម៉្លេះ ហើយ​ព្រះ‌គម្ពីរ​អាច​ផ្ដល់​ឲ្យ​អ្នក​មាន​ប្រាជ្ញា ដើម្បី​នឹង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ។ គ្រប់​អត្ថ‌បទ​គម្ពីរ​សុទ្ធ​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បំភ្លឺ​ឲ្យ​តែង និង​មាន​ប្រយោជន៍​សម្រាប់​បង្រៀន រក​ខុស​ត្រូវ កែ​តម្រង់ និង​អប់រំ​ឲ្យ​រស់​តាម​សេចក្ដី​សុចរិត ក្នុង​គោល​បំណង​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់​មាន​សមត្ថ‌ភាព និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​ចំពូក។

ចែក​រំលែក
អាន ២ ធីម៉ូថេ 3

២ ធីម៉ូថេ 3:9-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ គេ​មិន​មាន​សេចក្ដី​ចំរើន​ជឿន​ឡើង​ទៅ​មុខ​ទៀត​ទេ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្ដី​ខ្លៅ‌ល្ងង់​របស់​គេ​ជា​យ៉ាង​ច្បាស់ ដូច​ជា​បាន​ឃើញ​សេចក្ដី​ខ្លៅ​ល្ងង់​របស់​អ្នក​ទាំង​២​នោះ​ដែរ។ តែ​ចំណែក​អ្នក អ្នក​បាន​ស្គាល់​គ្រប់​សេចក្ដី​ដែល​ខ្ញុំ​បង្រៀន កិរិយា​ដែល​ប្រព្រឹត្ត នឹង​បំណង​ចិត្ត សេចក្ដី​ជំនឿ សេចក្ដី​អត់‌ធ្មត់ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​ខ្ញុំ​ហើយ ព្រម​ទាំង​ការ​ដែល​គេ​បៀត‌បៀន​ដល់​ខ្ញុំ នឹង​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដែរ ជា​ការ​ដែល​កើត​ដល់​ខ្ញុំ នៅ​ក្រុង​អាន់‌ទី‌យ៉ូក ក្រុង​អ៊ីកូនាម នឹង​ក្រុង​លីស្ត្រា ក៏​ស្គាល់​សេចក្ដី​បៀត‌បៀន​ជា​យ៉ាង​ណា ដែល​ខ្ញុំ​ទ្រាំ‌ទ្រ​នោះ​ដែរ តែ​ក្នុង​ការ​ទាំង​នោះ ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​វិញ ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀត‌បៀន​ដែរ ហើយ​ពួក​អាក្រក់ នឹង​ពួក​ឆ‌បោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង តែ​ឯ​អ្នក ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្ដី​នោះ​ពី​អ្នក​ណា ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ដែល​បាន​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 3