២ ធីម៉ូថេ 3:9-17

២ ធីម៉ូថេ 3:9-17 គកស១៦

ប៉ុន្តែ គេ​មិន​អាច​ទៅ​មុខ​បាន​ឆ្ងាយ​ប៉ុន្មាន​ឡើយ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​គំនិត​លេលា​របស់​គេ​យ៉ាង​ច្បាស់ ដូច​គេ​បាន​ឃើញ​គំនិត​លេលា​របស់​អ្នក​ទាំង​ពីរ​នោះ​ដែរ។ ឥឡូវ​នេះ អ្នក​បាន​ស្គាល់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ កិរិយា​របស់​ខ្ញុំ បំណង​ចិត្ត ជំនឿ ការ​អត់‌ធ្មត់ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​ខ្ញុំ​ហើយ ក៏​ឃើញ​ការ​ដែល​គេ​បៀត​បៀន​ខ្ញុំ និង​ទុក្ខ​លំបាក​ដែល​បាន​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អាន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ត្រា គឺ​ការ​បៀត​បៀន​ដែល​ខ្ញុំ​ស៊ូទ្រាំ តែ​ព្រះ‌អម្ចាស់​បានរំដោះ​ខ្ញុំ​ឲ្យ​រួចផុត​ពី​គ្រប់​ទាំងអស់។ អស់​អ្នក​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​នឹង​ត្រូវ​គេ​រ​បៀត​បៀន​ដូច្នេះ​ឯង រីឯ​មនុស្ស​អាក្រក់ និង​ពួក​បោកប្រាស់ គេ​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។ តែ​ឯ​អ្នកវិញ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​បាន​ជឿ​យ៉ាង​មាំ​នោះ​ចុះ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្ដី​នោះ​ពី​អ្នក​ណា ហើយ​ថា តាំង​ពី​ក្មេង​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ គ្រប់​ទាំង​បទ​គម្ពីរ ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្ដាល​ឲ្យ​តែង ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​កែ​តម្រង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​ចំណេះ​សម្រាប់​ធ្វើ​ការ​ល្អ​គ្រប់​ជំពូក។

អាន ២ ធីម៉ូថេ 3