២ ធីម៉ូថេ 3:9-17

២ ធីម៉ូថេ 3:9-17 ពគប

ប៉ុន្តែ គេ​មិន​មាន​សេចក្ដី​ចំរើន​ជឿន​ឡើង​ទៅ​មុខ​ទៀត​ទេ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្ដី​ខ្លៅ‌ល្ងង់​របស់​គេ​ជា​យ៉ាង​ច្បាស់ ដូច​ជា​បាន​ឃើញ​សេចក្ដី​ខ្លៅ​ល្ងង់​របស់​អ្នក​ទាំង​២​នោះ​ដែរ។ តែ​ចំណែក​អ្នក អ្នក​បាន​ស្គាល់​គ្រប់​សេចក្ដី​ដែល​ខ្ញុំ​បង្រៀន កិរិយា​ដែល​ប្រព្រឹត្ត នឹង​បំណង​ចិត្ត សេចក្ដី​ជំនឿ សេចក្ដី​អត់‌ធ្មត់ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​ខ្ញុំ​ហើយ ព្រម​ទាំង​ការ​ដែល​គេ​បៀត‌បៀន​ដល់​ខ្ញុំ នឹង​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដែរ ជា​ការ​ដែល​កើត​ដល់​ខ្ញុំ នៅ​ក្រុង​អាន់‌ទី‌យ៉ូក ក្រុង​អ៊ីកូនាម នឹង​ក្រុង​លីស្ត្រា ក៏​ស្គាល់​សេចក្ដី​បៀត‌បៀន​ជា​យ៉ាង​ណា ដែល​ខ្ញុំ​ទ្រាំ‌ទ្រ​នោះ​ដែរ តែ​ក្នុង​ការ​ទាំង​នោះ ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​វិញ ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀត‌បៀន​ដែរ ហើយ​ពួក​អាក្រក់ នឹង​ពួក​ឆ‌បោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង តែ​ឯ​អ្នក ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្ដី​នោះ​ពី​អ្នក​ណា ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ដែល​បាន​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ។

អាន ២ ធីម៉ូថេ 3