២ សាំយូអែល 21:1-14

២ សាំយូអែល 21:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​ព្រះបាទ​ដាវីឌ​កើត​មាន​គ្រោះ​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ ហើយ​ព្រះបាទ​ដាវីឌ​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា រួច​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​ថា៖ «គឺ​ដោយ​ព្រោះ​ស្តេច​សូល និង​ញាតិ‌វង្ស​របស់​ស្ដេចសូល ដែល​បាន​កម្ចាយ​ឈាម ដ្បិត​ទ្រង់​បាន​សម្លាប់​ពួក​គីបៀន»។ ដូច្នេះ ព្រះបាទ​ដាវីឌ​បាន​ហៅ​ពួក​គីបៀន​មក​សួរ​គេ (ពួក​គីបៀន​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូរី​ដែល​សេស‌សល់ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​នឹង​គេ តែ​ស្តេច​សូល​ចង់​សម្លាប់​គេ​ឲ្យ​ផុត​ពូជ ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​យូដា​វិញ)។ ព្រះបាទ​ដាវីឌ​បាន​សួរ​ពួក​គីបៀន​ថា៖ «តើ​ចង់​ឲ្យ​យើង​សង​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ? តើ​យើង​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ធួន​នឹង​ការ​នោះ ដើម្បី​អ្នក​រាល់​គ្នា​បាន​ឲ្យ​ពរ​ដល់​ប្រជា‌រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា?» ពួក​គីបៀន​ទូល​ឆ្លើយ​ថា៖ «បញ្ហា​របស់​យើង​ខ្ញុំ និង​ស្តេច​សូល ព្រម​ទាំង​រាជ‌វង្ស​របស់​ទ្រង់​នោះ មិន​មែន​រឿង​មាស ឬ​ប្រាក់​ទេ ក៏​មិន​ស្រេច​ឲ្យ​យើង​ខ្ញុំ​សម្លាប់​អ្នក​ណា​មួយ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ» ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «តើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ថា​ចង់​ឲ្យ​យើង​សម្រេច​នោះ?» ពួក​គេ​ទូល​ឆ្លើយ​ទៅ​ស្តេច​ថា៖ «ឯ​មនុស្ស​ដែល​មាន​បំណង​កម្ទេច​យើង​ខ្ញុំ ហើយ​បាន​បង្កើត​ហេតុ​នឹង​បំផ្លាញ​យើង​ខ្ញុំ មិន​ឲ្យ​មាន​នៅ​ក្នុង​ព្រំដែន​ស្រុក​អ៊ីស្រា‌អែល សូម​ប្រគល់​កូន​ចៅ​របស់​អ្នក​នោះ​ប្រាំពីរ​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គី‌បៀរ ជា​ទី​ក្រុង​របស់​ស្ដេចសូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង» ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ឲ្យ»។ ប៉ុន្តែ ស្តេច​បាន​ប្រណី​ដល់​មេភី‌បូសែត ជា​កូន​យ៉ូណា‌ថាន​បុត្រ​របស់​ស្ដេចសូល ដោយ​ព្រោះ​ដាវីឌ និង​យ៉ូណា‌ថាន​បុត្រា​របស់​ស្ដេចសូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ ស្តេច​បាន​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​រីសប៉ា ជា​កូន​អ័យ៉ា ដែល​នាង​បាន​បង្កើត​ថ្វាយ​ស្ដេចសូល គឺ​អើម៉ូនី​មួយ មេភី‌បូសែត មួយ ព្រម​ទាំង​កូន​ប្រុស​ប្រាំ​នាក់​របស់​នាង​មីកាល ជា​បុត្រី​របស់​ស្ដេចសូល ដែល​នាង​បាន​បង្កើត​ឲ្យ​អ័ទ្រី‌អែល ជា​កូន​បារស៊ី‌ឡាយ នៅ​មហូ‌ឡា​ដែរ ទ្រង់​ក៏​ប្រគល់​អ្នក​ទាំង​នោះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គីបៀន ហើយ​គេ​ចង​ក​នៅ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ អ្នក​ទាំង​ប្រាំពីរ​នាក់​នោះ​ក៏​ស្លាប់​ជា‌មួយ​គ្នា គេ​សម្លាប់​អ្នក​ទាំង​នោះ នៅ​ថ្ងៃ​ដំបូង​ក្នុង​រដូវ​ចម្រូត ពេល​ទើប​ចាប់​តាំង​ច្រូត​ស្រូវ​ឱក។ ឯ​រីសប៉ា​ជា​កូន​ស្រី​អ័យ៉ា នាង​ក៏​យក​សំពត់​ធ្មៃ​ក្រាល​សម្រាប់​ខ្លួន​នៅ​លើ​ថ្មដា​នោះ ចាប់​តាំង​ពី​ដើម​រដូវ​ចម្រូត រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​សព​ទាំង​នោះ នាង​មិន​ឲ្យ​សត្វ​ហើរ​មក​ទំ​លើ​សព​ទាំង​នោះ​នៅ​វេលា​ថ្ងៃ ឬ​សត្វ​ព្រៃ​នៅ​វេលា​យប់​ឡើយ។ មាន​គេ​មក​ទូល​ព្រះបាទ​ដាវីឌ​ពី​ការ​ដែល​រីសប៉ា កូន​អ័យ៉ា ជា​អ្នក​ម្នាង​របស់​ស្តេច​សូល​ធ្វើ​នោះ។ ពេល​នោះ ព្រះបាទ​ដាវីឌ​យាង​ទៅ​យក​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន​បុត្រ​របស់​ទ្រង់ ពី​ពួក​យ៉ាបេស-កាឡាត ដែល​គេ​បាន​លួច​យក​ពី​ទី‌ធ្លា​ក្រុង​បេត-សាន ជា​កន្លែង​ដែល​ពួក​ភីលី‌ស្ទីន​បាន​ព្យួរ នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​ទ្រង់​នៅ​ភ្នំ​គីលបោ។ ព្រះ‌អង្គ​បាន​យក​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន ពី​ទី​នោះ​មក រួច​គេ​ប្រមូល​អដ្ឋិ​របស់​ពួក​បុត្រ​ដែល​ត្រូវ​ចង​ក​នោះ​ដែរ។ គេ​បញ្ចុះ​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន​បុត្រា​របស់​ទ្រង់ នៅ​ក្នុង​ផ្នូរ​របស់​គីស ជា​បិតា​របស់​ស្តេច​សូល នៅ​ត្រង់​សេឡា​ក្នុង​ស្រុក​បេនយ៉ាមីន គេ​ក៏​ធ្វើ​សម្រេច​តាម​គ្រប់​ការ ដែល​ស្តេច​បាន​បង្គាប់។ គ្រា​ក្រោយ​នោះ​មក ព្រះ​បាន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​ចំពោះ​សេចក្ដី​ទូល​អង្វរ​របស់​អ្នក​ស្រុក​នោះ​វិញ។

២ សាំយូអែល 21:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ មាន​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ។ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្ដេច​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​បណ្ដាល​មក​ពី​សូល និង​ពូជ‌ពង្ស​បាន​កាប់​សម្លាប់​អ្នក​ស្រុក​គីបៀន»។ ព្រះ‌រាជា​បាន​កោះ​ហៅ​អ្នក​ស្រុក​គីបៀន​មក ដើម្បី​សាក​សួរ (អ្នក​ស្រុក​ពុំ​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូរី​ដែល​នៅ​សេស‌សល់។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ស្បថ​ថា ទុក​ជីវិត​ឲ្យ​ពួក​គេ ប៉ុន្តែ ព្រះ‌បាទ​សូល​រក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ដើម្បី​សម្តែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា​ឃើញ​ថា​ស្ដេច​ស្នេហា​ជាតិ)។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​ពួក​គេ​ថា៖ «តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្ដេច​ចំពោះ​អ្នក​រាល់​គ្នា? តើ​យើង​អាច​លាង​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ពិធី​ណា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជូន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់»។ អ្នក​ស្រុក​គីបៀន​តប​ថា៖ «បំណុល​ដែល​ព្រះ‌បាទ​សូល និង​រាជ‌វង្សា‌នុវង្ស​ជំពាក់​យើង​ខ្ញុំ ពុំ​អាច​សង​ដោយ​មាស ឬ​ប្រាក់​ទេ ឬ​ដោយ​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​ឡើយ»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ចង់​បាន យើង​នឹង​ធ្វើ​តាម»។ អ្នក​ស្រុក​គីបៀន​ទូល​ស្ដេច​ថា៖ «ព្រះ‌បាទ​សូល​មាន​គោល​បំណង​កម្ទេច និង​ប្រល័យ​យើង​ខ្ញុំ​ឲ្យ​ផុត​ពូជ ដោយ​ពុំ​ចង់​ទុក​ឲ្យ​នរណា​ម្នាក់​រស់​រាន នៅ​លើ​ទឹក​ដី​អ៊ីស្រា‌អែល​ឡើយ។ ដូច្នេះ សូម​ព្រះ‌ករុណា​ប្រគល់​មនុស្ស​ប្រាំ‌ពីរ​នាក់ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​សូល មក​ឲ្យ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង​ក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​គីបៀរ ជា​ក្រុង​របស់​ព្រះ‌បាទ​សូល ជា​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។ ព្រះ‌បាទ​ដាវីឌ​សន្ដោស​ប្រណី​ដល់​លោក​មេភី‌បូសែត ជា​បុត្រ​របស់​សម្ដេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ព្រះ‌បាទ​សូល ព្រោះ​តែ​ពាក្យ​ដែល​ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​សម្ដេច​យ៉ូណា‌ថាន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ព្រះ‌រាជា​បង្គាប់​គេ​ឲ្យ​ទៅ​ចាប់​លោក​អើ‌ម៉ូនី និង​លោក​មេភី‌បូសែត ជា​កូន​របស់​នាង​រីស‌ប៉ា ដែល​ជា​កូន​ស្រី​របស់​លោក​អយ៉ា គឺ​បុត្រ​ដែល​នាង​បាន​បង្កើត​ថ្វាយ​ព្រះ‌បាទ​សូល។ ព្រះ‌រាជា​ក៏​ឲ្យ​គេ​ចាប់​កូន​ប្រុស​ទាំង​ប្រាំ​របស់​នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល គឺ​ជា​កូន​ដែល​នាង​បាន​បង្កើត​ជូន​លោក​អទ្រី‌អែល ជា​កូន​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​មហូ‌ឡា។ ព្រះ‌រាជា​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​អ្នក​ស្រុក​គីបៀន ដើម្បី​យក​ទៅ​ចង ក នៅ​លើ​ភ្នំ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ពួក​គេ​ទាំង​ប្រាំ‌ពីរ​នាក់​បាន​ស្លាប់​ជា​មួយ​គ្នា នៅ​ដើម​រដូវ​ចម្រូត។ នាង​រីស‌ប៉ា ជា​កូន​ស្រី​របស់​លោក​អយ៉ា បាន​យក​បាវ​ទៅ​ក្រាល​លើ​ផ្ទាំង​ថ្ម​មួយ ហើយ​ស្ថិត​នៅ​ទី​នោះ តាំង​ពី​ដើម​រដូវ​ចម្រូត រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មក​លើ​សាក‌សព។ នៅ​ពេល​ថ្ងៃ នាង​ដេញ​សត្វ​មិន​ឲ្យ​ហើរ​មក​ទំ​លើ​សាក‌សព នៅ​ពេល​យប់ នាង​បាន​ដេញ​សត្វ​ព្រៃ​ដែរ។ គេ​នាំ​ដំណឹង​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ពី​ការ​ដែល​នាង​រីស‌ប៉ា ជា​កូន​របស់​លោក​អយ៉ា និង​ជា​ស្នំ​របស់​ព្រះ‌បាទ​សូល​បាន​ប្រព្រឹត្ត។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​យក​អដ្ឋិ‌ធាតុ​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ពី​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ។ ក្រោយ​ពេល​ព្រះ‌បាទ​សូល​ទទួល​បរា‌ជ័យ​នៅ​គីល‌បោ ជន‌ជាតិ​ភីលីស្ទីន​បាន​យក​សព​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ ទៅ​ព្យួរ​នៅ​ទីធ្លា​ក្រុង​បេត‌សាន ហើយ​អ្នក​ក្រុង​យ៉ាបេស​នាំ​គ្នា​លួច​យក​មក​វិញ។ ព្រះ‌បាទ​ដាវីឌ​នាំ​យក​អដ្ឋិ‌ធាតុ​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ព្រម​ទាំង​ប្រមូល​យក​អដ្ឋិ‌ធាតុ​របស់​អ្នក​ទាំង​ប្រាំ‌ពីរ ដែល​គេ​ចង​ក​នោះ​មក​ដែរ។ គេ​បាន​បញ្ចុះ​អដ្ឋិ‌ធាតុ​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ក្នុង​ផ្នូរ​របស់​លោក​គីស ជា​បិតា​របស់​ព្រះ‌បាទ​សូល​នៅ​សេឡា ក្នុង​ស្រុក​បេន‌យ៉ាមីន។ គេ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​បញ្ជា​របស់​ស្ដេច ហើយ​ព្រះ‌ជាម្ចាស់​ទ្រង់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដល់​ស្រុក​នោះ​វិញ។

២ សាំយូអែល 21:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​ស្តេច​ដាវីឌ នោះ​មាន​អំណត់​អត់​អស់​ពេញ​៣​ឆ្នាំ ហើយ​ដាវីឌ​ទ្រង់​រក​ព្រះ‌យេហូវ៉ា ដើម្បី​ទូល​សួរ​ហេតុ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​សូល នឹង​វង្ស‌ញាតិ​ទ្រង់ ដែល​កំចាយ​ឈាម ដ្បិត​ទ្រង់​បាន​សំឡាប់​ពួក​គីបៀន ដូច្នេះស្តេច​ដាវីឌ​ទ្រង់​ហៅ​ពួក​គីបៀន​មក​សួរ​គេ (រីឯ​ពួក​គីបៀន​គេ​មិន​មែន​ជា​ពូជ​កូន​ចៅ​អ៊ីស្រាអែល​ទេ គឺ​ជា​សំណល់​នៃ​ពូជ​អាម៉ូរី​វិញ ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្បថ​នឹង​គេ តែ​សូល​ទ្រង់​រក​សំឡាប់​គេ​ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​យូដា​វិញ) ដាវីឌ​ទ្រង់​សួរ​ពួកគីបៀន​ថា តើ​ចង់​ឲ្យ​យើង​សង​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ឲ្យ​ធួន​នឹង​ការ​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ពរ​ដល់​មរដក​នៃ​ព្រះ‌យេហូវ៉ា​ផង ពួក​គីបៀន​ទូល​ឆ្លើយ​ថា ឯ​រឿង​របស់​យើង​ខ្ញុំ នឹង​សូល ព្រម​ទាំង​រាជ‌វង្ស​របស់​ទ្រង់ នោះ​មិន​មែន​ចំពោះ​មាសឬ​ប្រាក់​ទេ ក៏​មិន​ស្រេច​ឲ្យ​យើង​ខ្ញុំ​សំឡាប់​អ្នក​ណា​មួយ​ក្នុង​ពួក​អ៊ីស្រាអែល​ដែរ ទ្រង់​មាន​បន្ទូល​តប​ថា ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ថា នោះ​យើង​នឹង​សំរេច​ឲ្យ គេ​ទូល​ឆ្លើយ​ទៅ​ស្តេច​ថា ឯ​មនុស្ស​នោះ​ដែល​បាន​ពង្រឹង​យើង​ខ្ញុំ​រាល់​គ្នា ហើយ​បាន​បង្កើត​ហេតុ​នឹង​បំផ្លាញ​យើង​ខ្ញុំ មិន​ឲ្យ​មាន​នៅ​ក្នុង​ព្រំ‌ដែន​ស្រុក​អ៊ីស្រាអែល​ណា​ឡើយ នោះ​សូម​ប្រគល់​កូន​ចៅ របស់​អ្នក​នោះ​៧​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គីបៀរ ជា​ទី​ក្រុង​របស់​សូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង ឯ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា យើង​នឹង​ប្រគល់​ឲ្យ។ ស្តេច​ទ្រង់​ប្រណី​ដល់​មភីបូសែត ជា​កូន​យ៉ូណា‌ថាន​ដែល​ជា​បុត្រ​សូល ដោយ​ព្រោះ​ដាវីឌ នឹង​យ៉ូណា‌ថាន ជា​បុត្រា​សូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ទ្រង់​យក​កូន​ប្រុស​ទាំង​២​របស់​រីសប៉ា ជា​កូន​អ័យ៉ា ដែល​នាង​បាន​បង្កើត​ថ្វាយ​សូល គឺ​អើម៉ូនី​១ មភីបូសែត​១ ព្រម​ទាំង​កូន​ប្រុស​៥​នាក់​របស់​នាង​មីកាល ជា​បុត្រី​សូល ដែល​នាង​បាន​បង្កើត​ឲ្យ​អ័ទ្រី‌អែល ជា​កូន​បារស៊ី‌ឡាយ នៅ​មហូឡា​ដែរ ទ្រង់​ក៏​ប្រគល់​អ្នក​ទាំង​នោះ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គីបៀន ហើយ​គេ​ចង​ក​នៅ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ អ្នក​ទាំង​៧​នោះ​ក៏​ស្លាប់​ជា​មួយ​គ្នា គេ​សំឡាប់​អ្នក​ទាំង​នោះ នៅ​ថ្ងៃ​ដំបូង​ក្នុង​រដូវ​ចំរូត កាល​ទើប​នឹង​ចាប់​តាំង​ច្រូត​ស្រូវ​ឱក។ ឯ​រីសប៉ា ជា​កូន​អ័យ៉ា នាង​ក៏​យក​សំពត់​ធ្មៃ​ក្រាល​សំរាប់​ខ្លួន​នៅ​លើ​ថ្មដា​នោះ ចាប់​តាំង​ពី​ដើម​រដូវ​ចំរូត រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​សព​ទាំង​នោះ នាង​មិន​ឲ្យ​សត្វ​ហើរ​មក​ទំ​លើ​សព​នៅ​វេលា​ថ្ងៃ ឬ​សត្វ​ព្រៃ​នៅ​វេលា​យប់​ឡើយ មាន​គេ​មក​ទូល​ដាវីឌ​ពី​ការ​ដែល​រីសប៉ា កូន​អ័យ៉ា ជា​អ្នក‌ម្នាង​របស់​សូល​ធ្វើ​នោះ។ លំដាប់​នោះ ដាវីឌ​ក៏​ទៅ​យក​អដ្ឋិ​របស់​សូល នឹង​យ៉ូណា‌ថាន ជា​បុត្រ​ទ្រង់ ពី​ពួក​យ៉ាបេស-កាឡាត​ដែល​គេ​បាន​លួច​យក​ពី​ទីធ្លា​ក្រុង​បេត-សាន ជា​កន្លែង​ដែល​ពួក​ភីលីស្ទីន​បាន​ព្យួរ នៅ​ថ្ងៃ​ដែល​គេ​សំឡាប់​ទ្រង់ នៅ​ភ្នំ​គីលបោ ទ្រង់​ក៏​នាំ​យក​អដ្ឋិ​របស់​សូល នឹង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ ពី​ទី​នោះ​មក រួច​គេ​ប្រមូល​អដ្ឋិ​នៃ​ពួក​បុត្រ​ដែល​ត្រូវ​ចង​ក​នោះ​ដែរ គេ​បញ្ចុះ​អដ្ឋិ​របស់​សូល នឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ នៅ​ក្នុង​ផ្នូរ​របស់​គីស ជា​បិតា​ទ្រង់​ត្រង់​សេឡា​ក្នុង​ស្រុក​បេន‌យ៉ាមីន គេ​ក៏​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​ការ ដែល​ស្តេច​ទ្រង់​បង្គាប់​មក គ្រា​ក្រោយ​នោះ​មក ព្រះ​ទ្រង់​ប្រោស‌សណ្តាប់​ស្តាប់​សេចក្ដី​ទូល​អង្វរ របស់​ស្រុក​នោះ​វិញ។