២ សាំ‌យូ‌អែល 21:1-14

២ សាំ‌យូ‌អែល 21:1-14 គកស១៦

នៅ​គ្រា​ព្រះបាទ​ដាវីឌ​កើត​មាន​គ្រោះ​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ ហើយ​ព្រះបាទ​ដាវីឌ​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា រួច​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​ថា៖ «គឺ​ដោយ​ព្រោះ​ស្តេច​សូល និង​ញាតិ‌វង្ស​របស់​ស្ដេចសូល ដែល​បាន​កម្ចាយ​ឈាម ដ្បិត​ទ្រង់​បាន​សម្លាប់​ពួក​គីបៀន»។ ដូច្នេះ ព្រះបាទ​ដាវីឌ​បាន​ហៅ​ពួក​គីបៀន​មក​សួរ​គេ (ពួក​គីបៀន​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូរី​ដែល​សេស‌សល់ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​នឹង​គេ តែ​ស្តេច​សូល​ចង់​សម្លាប់​គេ​ឲ្យ​ផុត​ពូជ ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​យូដា​វិញ)។ ព្រះបាទ​ដាវីឌ​បាន​សួរ​ពួក​គីបៀន​ថា៖ «តើ​ចង់​ឲ្យ​យើង​សង​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ? តើ​យើង​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ធួន​នឹង​ការ​នោះ ដើម្បី​អ្នក​រាល់​គ្នា​បាន​ឲ្យ​ពរ​ដល់​ប្រជា‌រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា?» ពួក​គីបៀន​ទូល​ឆ្លើយ​ថា៖ «បញ្ហា​របស់​យើង​ខ្ញុំ និង​ស្តេច​សូល ព្រម​ទាំង​រាជ‌វង្ស​របស់​ទ្រង់​នោះ មិន​មែន​រឿង​មាស ឬ​ប្រាក់​ទេ ក៏​មិន​ស្រេច​ឲ្យ​យើង​ខ្ញុំ​សម្លាប់​អ្នក​ណា​មួយ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ» ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «តើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ថា​ចង់​ឲ្យ​យើង​សម្រេច​នោះ?» ពួក​គេ​ទូល​ឆ្លើយ​ទៅ​ស្តេច​ថា៖ «ឯ​មនុស្ស​ដែល​មាន​បំណង​កម្ទេច​យើង​ខ្ញុំ ហើយ​បាន​បង្កើត​ហេតុ​នឹង​បំផ្លាញ​យើង​ខ្ញុំ មិន​ឲ្យ​មាន​នៅ​ក្នុង​ព្រំដែន​ស្រុក​អ៊ីស្រា‌អែល សូម​ប្រគល់​កូន​ចៅ​របស់​អ្នក​នោះ​ប្រាំពីរ​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គី‌បៀរ ជា​ទី​ក្រុង​របស់​ស្ដេចសូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង» ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ឲ្យ»។ ប៉ុន្តែ ស្តេច​បាន​ប្រណី​ដល់​មេភី‌បូសែត ជា​កូន​យ៉ូណា‌ថាន​បុត្រ​របស់​ស្ដេចសូល ដោយ​ព្រោះ​ដាវីឌ និង​យ៉ូណា‌ថាន​បុត្រា​របស់​ស្ដេចសូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ ស្តេច​បាន​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​រីសប៉ា ជា​កូន​អ័យ៉ា ដែល​នាង​បាន​បង្កើត​ថ្វាយ​ស្ដេចសូល គឺ​អើម៉ូនី​មួយ មេភី‌បូសែត មួយ ព្រម​ទាំង​កូន​ប្រុស​ប្រាំ​នាក់​របស់​នាង​មីកាល ជា​បុត្រី​របស់​ស្ដេចសូល ដែល​នាង​បាន​បង្កើត​ឲ្យ​អ័ទ្រី‌អែល ជា​កូន​បារស៊ី‌ឡាយ នៅ​មហូ‌ឡា​ដែរ ទ្រង់​ក៏​ប្រគល់​អ្នក​ទាំង​នោះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គីបៀន ហើយ​គេ​ចង​ក​នៅ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ អ្នក​ទាំង​ប្រាំពីរ​នាក់​នោះ​ក៏​ស្លាប់​ជា‌មួយ​គ្នា គេ​សម្លាប់​អ្នក​ទាំង​នោះ នៅ​ថ្ងៃ​ដំបូង​ក្នុង​រដូវ​ចម្រូត ពេល​ទើប​ចាប់​តាំង​ច្រូត​ស្រូវ​ឱក។ ឯ​រីសប៉ា​ជា​កូន​ស្រី​អ័យ៉ា នាង​ក៏​យក​សំពត់​ធ្មៃ​ក្រាល​សម្រាប់​ខ្លួន​នៅ​លើ​ថ្មដា​នោះ ចាប់​តាំង​ពី​ដើម​រដូវ​ចម្រូត រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​សព​ទាំង​នោះ នាង​មិន​ឲ្យ​សត្វ​ហើរ​មក​ទំ​លើ​សព​ទាំង​នោះ​នៅ​វេលា​ថ្ងៃ ឬ​សត្វ​ព្រៃ​នៅ​វេលា​យប់​ឡើយ។ មាន​គេ​មក​ទូល​ព្រះបាទ​ដាវីឌ​ពី​ការ​ដែល​រីសប៉ា កូន​អ័យ៉ា ជា​អ្នក​ម្នាង​របស់​ស្តេច​សូល​ធ្វើ​នោះ។ ពេល​នោះ ព្រះបាទ​ដាវីឌ​យាង​ទៅ​យក​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន​បុត្រ​របស់​ទ្រង់ ពី​ពួក​យ៉ាបេស-កាឡាត ដែល​គេ​បាន​លួច​យក​ពី​ទី‌ធ្លា​ក្រុង​បេត-សាន ជា​កន្លែង​ដែល​ពួក​ភីលី‌ស្ទីន​បាន​ព្យួរ នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​ទ្រង់​នៅ​ភ្នំ​គីលបោ។ ព្រះ‌អង្គ​បាន​យក​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន ពី​ទី​នោះ​មក រួច​គេ​ប្រមូល​អដ្ឋិ​របស់​ពួក​បុត្រ​ដែល​ត្រូវ​ចង​ក​នោះ​ដែរ។ គេ​បញ្ចុះ​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន​បុត្រា​របស់​ទ្រង់ នៅ​ក្នុង​ផ្នូរ​របស់​គីស ជា​បិតា​របស់​ស្តេច​សូល នៅ​ត្រង់​សេឡា​ក្នុង​ស្រុក​បេនយ៉ាមីន គេ​ក៏​ធ្វើ​សម្រេច​តាម​គ្រប់​ការ ដែល​ស្តេច​បាន​បង្គាប់។ គ្រា​ក្រោយ​នោះ​មក ព្រះ​បាន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​ចំពោះ​សេចក្ដី​ទូល​អង្វរ​របស់​អ្នក​ស្រុក​នោះ​វិញ។