២ សាំយូអែល 21
21
ព្រះបាទដាវីឌសងសឹកនឹងពួកគីបៀន
1នៅគ្រាព្រះបាទដាវីឌកើតមានគ្រោះទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ហើយព្រះបាទដាវីឌបានទូលសួរព្រះយេហូវ៉ា រួចព្រះយេហូវ៉ាបានឆ្លើយថា៖ «គឺដោយព្រោះស្តេចសូល និងញាតិវង្សរបស់ស្ដេចសូល ដែលបានកម្ចាយឈាម ដ្បិតទ្រង់បានសម្លាប់ពួកគីបៀន»។ 2ដូច្នេះ ព្រះបាទដាវីឌបានហៅពួកគីបៀនមកសួរគេ (ពួកគីបៀនមិនមែនជាជនជាតិអ៊ីស្រាអែលទេ គឺជាជនជាតិអាម៉ូរីដែលសេសសល់ ហើយពួកកូនចៅអ៊ីស្រាអែលបានស្បថនឹងគេ តែស្តេចសូលចង់សម្លាប់គេឲ្យផុតពូជ ដោយមានសេចក្ដីខ្នះខ្នែងដល់ពួកកូនចៅអ៊ីស្រាអែល និងពួកយូដាវិញ)។ 3ព្រះបាទដាវីឌបានសួរពួកគីបៀនថា៖ «តើចង់ឲ្យយើងសងអ្នករាល់គ្នាយ៉ាងណាខ្លះ? តើយើងត្រូវធ្វើអ្វីឲ្យធួននឹងការនោះ ដើម្បីអ្នករាល់គ្នាបានឲ្យពរដល់ប្រជារាស្រ្តរបស់ព្រះយេហូវ៉ា?» 4ពួកគីបៀនទូលឆ្លើយថា៖ «បញ្ហារបស់យើងខ្ញុំ និងស្តេចសូល ព្រមទាំងរាជវង្សរបស់ទ្រង់នោះ មិនមែនរឿងមាស ឬប្រាក់ទេ ក៏មិនស្រេចឲ្យយើងខ្ញុំសម្លាប់អ្នកណាមួយក្នុងពួកអ៊ីស្រាអែលដែរ» ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «តើការអ្វីដែលអ្នករាល់គ្នាថាចង់ឲ្យយើងសម្រេចនោះ?» 5ពួកគេទូលឆ្លើយទៅស្តេចថា៖ «ឯមនុស្សដែលមានបំណងកម្ទេចយើងខ្ញុំ ហើយបានបង្កើតហេតុនឹងបំផ្លាញយើងខ្ញុំ មិនឲ្យមាននៅក្នុងព្រំដែនស្រុកអ៊ីស្រាអែល 6សូមប្រគល់កូនចៅរបស់អ្នកនោះប្រាំពីរនាក់មកយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានចងកគេ នៅចំពោះព្រះយេហូវ៉ាត្រង់គីបៀរ ជាទីក្រុងរបស់ស្ដេចសូល ជាអ្នកដែលព្រះយេហូវ៉ាបានរើសតាំង» ហើយស្តេចមានរាជឱង្ការថា៖ «យើងនឹងប្រគល់ឲ្យ»។
7ប៉ុន្តែ ស្តេចបានប្រណីដល់មេភីបូសែត ជាកូនយ៉ូណាថានបុត្ររបស់ស្ដេចសូល ដោយព្រោះដាវីឌ និងយ៉ូណាថានបុត្រារបស់ស្ដេចសូល បានស្បថគ្នានៅចំពោះព្រះយេហូវ៉ា។ 8ស្តេចបានយកកូនប្រុសទាំងពីរនាក់របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយស្ដេចសូល គឺអើម៉ូនីមួយ មេភីបូសែត មួយ ព្រមទាំងកូនប្រុសប្រាំនាក់របស់នាងមីកាល ជាបុត្រីរបស់ស្ដេចសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ 9ទ្រង់ក៏ប្រគល់អ្នកទាំងនោះ ទៅក្នុងកណ្ដាប់ដៃរបស់ពួកគីបៀន ហើយគេចងកនៅលើភ្នំ នៅចំពោះព្រះយេហូវ៉ាទៅ អ្នកទាំងប្រាំពីរនាក់នោះក៏ស្លាប់ជាមួយគ្នា គេសម្លាប់អ្នកទាំងនោះ នៅថ្ងៃដំបូងក្នុងរដូវចម្រូត ពេលទើបចាប់តាំងច្រូតស្រូវឱក។
10ឯរីសប៉ាជាកូនស្រីអ័យ៉ា នាងក៏យកសំពត់ធ្មៃក្រាលសម្រាប់ខ្លួននៅលើថ្មដានោះ ចាប់តាំងពីដើមរដូវចម្រូត រហូតដល់មានភ្លៀងធ្លាក់ពីលើមេឃមកលើសពទាំងនោះ នាងមិនឲ្យសត្វហើរមកទំលើសពទាំងនោះនៅវេលាថ្ងៃ ឬសត្វព្រៃនៅវេលាយប់ឡើយ។ 11មានគេមកទូលព្រះបាទដាវីឌពីការដែលរីសប៉ា កូនអ័យ៉ា ជាអ្នកម្នាងរបស់ស្តេចសូលធ្វើនោះ។
12ពេលនោះ ព្រះបាទដាវីឌយាងទៅយកអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថានបុត្ររបស់ទ្រង់ ពីពួកយ៉ាបេស-កាឡាត ដែលគេបានលួចយកពីទីធ្លាក្រុងបេត-សាន ជាកន្លែងដែលពួកភីលីស្ទីនបានព្យួរ នៅថ្ងៃដែលគេសម្លាប់ទ្រង់នៅភ្នំគីលបោ។ 13ព្រះអង្គបានយកអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថាន ពីទីនោះមក រួចគេប្រមូលអដ្ឋិរបស់ពួកបុត្រដែលត្រូវចងកនោះដែរ។ 14គេបញ្ចុះអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថានបុត្រារបស់ទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតារបស់ស្តេចសូល នៅត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសម្រេចតាមគ្រប់ការ ដែលស្តេចបានបង្គាប់។ គ្រាក្រោយនោះមក ព្រះបានយកព្រះហឫទ័យទុកដាក់ចំពោះសេចក្ដីទូលអង្វររបស់អ្នកស្រុកនោះវិញ។
កិច្ចការនៃពួកពលទ័ពរបស់ព្រះបាទដាវីឌ
15ពួកភីលីស្ទីនបានច្បាំងនឹងពួកអ៊ីស្រាអែលមួយលើកទៀត ហើយព្រះបាទដាវីឌបានយាងចុះទៅជាមួយពួកពលទ័ពរបស់ទ្រង់ ដើម្បីតស៊ូនឹងពួកភីលីស្ទីនដែរ ព្រះបាទដាវីឌអស់កម្លាំងយ៉ាងខ្លាំង។ 16យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។ 17តែអ័ប៊ីសាយកូនសេរូយ៉ា បានមកការពារជំនួស ក៏កាប់សម្លាប់សាសន៍ភីលីស្ទីននោះទៅ ដូច្នេះ ពួកទ័ពរបស់ព្រះបាទដាវីឌបានស្បថនឹងទ្រង់ថា៖ «ទ្រង់មិនត្រូវចេញទៅជាមួយយើងខ្ញុំ ក្នុងទីចម្បាំងទៀតឡើយ ក្រែងរលត់ពន្លឺនៃសាសន៍អ៊ីស្រាអែលទៅ»។
18ក្រោយមក មានចម្បាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅពេលនោះ ស៊ីបាកាយជាពូជហ៊ូសាយ បានសម្លាប់សាភកូនរបស់អ្នកមានមាឌធំនោះទៅ។ 19ពេលនោះ មានចម្បាំងនឹងពួកភីលីស្ទីន នៅត្រង់កូបម្តងទៀត ហើយអែលហាណាន កូនយ្អារេ-អូរគីម អ្នកភូមិបេថ្លេហិម បានសម្លាប់កូលីយ៉ាត ក្នុងពួកកាថទៅ ឯដងលំពែងរបស់អ្នកនោះមានទំហំប៉ុនផ្សំតម្បាញ។ 20មានចម្បាំងមួយទៀត នៅត្រង់ក្រុងកាថ នៅទីនោះ មានមនុស្សមាឌធំសម្បើមម្នាក់ មានម្រាមដៃប្រាំមួយទាំងសងខាង ហើយជើងទាំងសងខាងក៏មានម្រាមប្រាំមួយដែរ រួមទាំងអស់ម្ភៃបួន គាត់ក៏ជាកូនចៅរបស់អ្នកដែលមានមាឌធំនោះដែរ។ 21ពេលគាត់ប្រកួតនឹងសាសន៍អ៊ីស្រាអែល យ៉ូណាថានកូនសាំម៉ា ជេដ្ឋារបស់ព្រះបាទដាវីឌបានសម្លាប់គាត់ចោលទៅ។ 22អ្នកទាំងបួននេះជាកូនចៅរបស់អ្នកមានមាឌធំសម្បើម ដែលនៅក្រុងកាថ ហើយបានស្លាប់ដោយដៃព្រះបាទដាវីឌ និងពួកទ័ពរបស់ទ្រង់។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 21: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies