២ សាំយូអែល 10:6-19
២ សាំយូអែល 10:6-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលពួកកូនចៅអាំម៉ូនឃើញថា ព្រះបាទដាវីឌបានខ្ពើមគេ នោះគេក៏ចាត់ឲ្យទៅជួលពួកសាសន៍ស៊ីរី ពីក្រុងបេត-រេហុប និងពីក្រុងសូបា មានពលថ្មើជើងពីរម៉ឺននាក់ និងស្តេចស្រុកម្អាកា ព្រមទាំងពលមួយពាន់នាក់ ហើយពួកស្រុកថូបមួយម៉ឺនពីរពាន់នាក់ទៀត។ ពេលព្រះបាទដាវីឌបានជ្រាបហើយ ទ្រង់បានចាត់យ៉ូអាប់ និងពួកពលខ្លាំងពូកែទាំងអស់ឲ្យទៅ។ ឯពួកកូនចៅអាំម៉ូនក៏ចេញមកត្រៀមពលនៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ឯពួកសាសន៍ស៊ីរីពីក្រុងសូបា និងក្រុងរេហុប ហើយពួកថូប និងពួកស្តេចម្អាកា គេនៅឯវាលដោយឡែក។ ពេលយ៉ូអាប់បានឃើញថា គេព័ទច្បាំងលោកពីខាងមុខខាងក្រោយដូច្នោះ លោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ឲ្យទៅតម្រៀបគ្នា តនឹងពួកស៊ីរី។ ឯបណ្ដាទ័ពដែលនៅសល់ ក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយជាប្អូន ហើយប្អូនក៏តម្រៀបពល ដើម្បីតទល់នឹងពួកកូនចៅអាំម៉ូន។ លោកប្រាប់ថា៖ «ប្រសិនបើពួកស៊ីរីខ្លាំងជាងខ្ញុំ ចូរឯងមកជួយខ្ញុំផង តែបើពួកកូនចៅអាំម៉ូនខ្លាំងជាងឯង នោះខ្ញុំនឹងទៅជួយឯងវិញ។ ចូរយើងរាល់គ្នាមានចិត្តក្លាហាន ហើយមានកម្លាំងចុះ ព្រោះសាសន៍របស់យើង និងទីក្រុងរបស់ព្រះនៃយើង សូមឲ្យព្រះយេហូវ៉ាសម្រេចសេចក្ដីតាមព្រះហឫទ័យទ្រង់ចុះ»។ ដូច្នេះ យ៉ូអាប់ និងពួកពលដែលនៅជាមួយ ក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។ កាលពួកស៊ីរីឃើញថា គេត្រូវចាញ់ពួកអ៊ីស្រាអែលហើយ ក៏ប្រមូលគ្នា ហើយព្រះបាទហាដារេស៊ើរចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ ក៏ទន្ទ្រានចូលស្រុកហេឡាម មានសូបាកជាមេទ័ពធំរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ។ កាលព្រះបាទដាវីឌបានជ្រាប ក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ឆ្លងទន្លេយ័រដាន់ ទៅដល់ស្រុកហេឡាម ពួកស៊ីរីបានត្រៀមពលតនឹងដាវីឌ តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយព្រះបាទដាវីឌបានសម្លាប់ពួកគេ ដែលបររទេះចម្បាំងអស់ប្រាំពីររយរទេះ និងពួកពលសេះបួនម៉ឺននាក់ ក៏ប្រហារសូបាកជាមេទ័ព ឲ្យស្លាប់នៅទីនោះដែរ។ កាលពួកស្តេចទាំងប៉ុន្មាន ដែលនៅក្រោមអំណាចហាដារេស៊ើរឃើញថា ខ្លួនចាញ់ពួកអ៊ីស្រាអែលហើយ ក៏ចងស្ពានមេត្រីនឹងពួកអ៊ីស្រាអែល ហើយចំណុះគេវិញ ដូច្នេះ ពួកស៊ីរីមិនហ៊ានជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
២ សាំយូអែល 10:6-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធដូច្នេះ ពួកគេក៏ទៅជួលពលទាហានស៊ីរីចំនួនពីរម៉ឺននាក់ពីក្រុងបេតរេហូប និងស្រុកសូបា មួយពាន់នាក់ទៀតពីកងទ័ពរបស់ស្ដេចស្រុកម៉ាកា ព្រមទាំងមួយម៉ឺនពីរពាន់នាក់ទៀតពីស្រុកថូប។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ទ្រង់ក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូល ដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ ឲ្យចេញទៅតទល់ជាមួយពួកគេ។ ទ័ពអាំម៉ូនបានចេញមកត្រៀមនៅមាត់ទ្វារក្រុង រីឯទ័ពស៊ីរីមកពីស្រុកសូបា និងក្រុងបេតរេហូប ព្រមទាំងទ័ពស្រុកថូប និងស្រុកម៉ាកា ចេញមកត្រៀមនៅតាមទីវាល។ លោកយ៉ូអាប់ឃើញថា លោកត្រូវប្រឈមមុខច្បាំងតទល់នឹងគេដល់ទៅពីរមុខព្រួញ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយ ដូច្នេះ លោកជ្រើសរើសទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រាអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងពួកស៊ីរី។ រីឯកងទ័ពដែលនៅសល់ លោកប្រគល់ឲ្យលោកអប៊ីសាយជាប្អូន ចេញទៅតទល់នឹងជនជាតិអាំម៉ូន។ លោកមានប្រសាសន៍ទៅកាន់ប្អូនរបស់លោកថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូនវិញ។ ចូរមានកម្លាំង និងចិត្តក្លាហាន ប្រយុទ្ធដើម្បីប្រជាជនរបស់យើង និងក្រុងនានារបស់ព្រះនៃយើង។ សូមព្រះអម្ចាស់សម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។ លោកយ៉ូអាប់ ព្រមទាំងកងទ័ព បានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខលោក។ កាលឃើញពួកស៊ីរីបាក់ទ័ពរត់ ពួកអាំម៉ូនក៏បាក់ទ័ពរត់នៅចំពោះមុខលោកអប៊ីសាយ វិលចូលទៅក្នុងក្រុងរបស់គេវិញដែរ។ លោកយ៉ូអាប់ក៏វិលពីច្បាំងតទល់នឹងកងទ័ពអាំម៉ូន ត្រឡប់មកក្រុងយេរូសាឡឹមវិញ។ ជនជាតិស៊ីរីឃើញថាពួកគេចាញ់អ៊ីស្រាអែល គេក៏ប្រមូលផ្ដុំកងទ័ព។ ព្រះបាទហាដារេស៊ើរចាត់គេឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ កងទ័ពស៊ីរីបានមកដល់ហេឡាម ដោយមានលោកសូបាក់ដែលជាមេបញ្ជាការកងទ័ពរបស់ព្រះបាទហាដារេស៊ើរ ជាអ្នកដឹកនាំ។ មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌ ទ្រង់ក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូល ឆ្លងទន្លេយ័រដាន់ មកដល់ហេឡាម។ ពួកស៊ីរីរៀបទ័ពប្រឈមមុខនឹងព្រះបាទដាវីឌ ហើយវាយសម្រុក។ ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល។ ព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចម្បាំង អស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ ស្ដេចក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការ ឲ្យស្លាប់នៅទីនោះដែរ។ កាលស្ដេចទាំងប៉ុន្មានដែលចំណុះព្រះបាទហាដារេស៊ើរ ឃើញពួកគេចាញ់កងទ័ពអ៊ីស្រាអែលដូច្នេះ ក៏នាំគ្នាមកសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយព្រះបាទដាវីឌ ហើយចុះចូលនឹងស្ដេច។ ចាប់ពីពេលនោះមក ជនជាតិស៊ីរីមិនហ៊ានមកជួយជនជាតិអាំម៉ូនទៀតឡើយ។
២ សាំយូអែល 10:6-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកកូនចៅអាំម៉ូនឃើញថា ដាវីឌត្រឡប់ជាខ្ពើមគេហើយ នោះគេក៏ចាត់ឲ្យទៅជួលពួកសាសន៍ស៊ីរី ពីក្រុងបេត-រេហុប នឹងពីក្រុងសូបា បានពលថ្មើរជើង២ម៉ឺននាក់ នឹងស្តេចស្រុកម្អាកា ព្រមទាំងពល១ពាន់នាក់ ហើយពួកស្រុកថូប១ម៉ឺន២ពាន់នាក់ទៀត កាលដាវីឌបានជ្រាបហើយ នោះទ្រង់ចាត់យ៉ូអាប់ នឹងពួកពលខ្លាំងពូកែទាំងអស់ឲ្យទៅ ឯពួកកូនចៅអាំម៉ូន គេក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ឯពួកសាសន៍ស៊ីរីពីក្រុងសូបា នឹងក្រុងរេហុប ហើយពួកថូប នឹងពួកស្តេចម្អាកា គេនៅឯវាលដោយឡែក។ រីឯយ៉ូអាប់ កាលឃើញថា គេចោមច្បាំងនឹងលោកពីខាងមុខខាងក្រោយដូច្នោះ នោះលោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ទៅឲ្យដំរៀបគ្នា តនឹងពួកស៊ីរី ឯបណ្តាទ័ពដែលសល់នៅ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយប្អូនក៏ដំរៀបពលតនឹងពួកកូនចៅអាំម៉ូន លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកំឡាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកំឡាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ ចូរឲ្យយើងរាល់គ្នាមានចិត្តក្លាហានឡើង ហើយមានកំឡាំងចុះ ដោយព្រោះសាសន៍យើង នឹងទីក្រុងរបស់ព្រះនៃយើងផង សូមឲ្យព្រះយេហូវ៉ាសំរេចសេចក្ដី តាមព្រះហឫទ័យទ្រង់ចុះ ដូច្នេះ យ៉ូអាប់ នឹងពួកពល ដែលនៅជាមួយក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។ កាលពួកស៊ីរីឃើញថា បានចាញ់ពួកអ៊ីស្រាអែលហើយ នោះគេក៏មូលគ្នា ហើយហាដារេស៊ើរចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ ក៏ទន្ទ្រានចូលស្រុកហេឡាម មានសូបាក ជាមេទ័ពធំរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ កាលដាវីឌទ្រង់ជ្រាប នោះក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ឆ្លងទន្លេយ័រដាន់ ទៅដល់ស្រុកហេឡាម ពួកស៊ីរីគេក៏ត្រៀមពលតនឹងដាវីឌ តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយដាវីឌបានសំឡាប់ពួកគេ ដែលនៅរទេះចំបាំងអស់៧០០រទេះ នឹងពួកពលសេះ៤ម៉ឺននាក់ ក៏ប្រហារសូបាក ជាមេទ័ពគេ ឲ្យស្លាប់នៅទីនោះដែរ កាលពួកស្តេចទាំងប៉ុន្មាន ដែលនៅក្រោមអំណាចហាដារេស៊ើរឃើញថា ខ្លួនចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចងជាស្ពានមេត្រីនឹងពួកអ៊ីស្រាអែល ហើយចំណុះគេវិញ ដូច្នេះ ពួកស៊ីរីមិនហ៊ានជួយពួកកូនចៅអាំម៉ូនទៀតឡើយ។