២ សាំយូអែល 10:6-19
២ សាំយូអែល 10:6-19 គកស១៦
ពេលពួកកូនចៅអាំម៉ូនឃើញថា ព្រះបាទដាវីឌបានខ្ពើមគេ នោះគេក៏ចាត់ឲ្យទៅជួលពួកសាសន៍ស៊ីរី ពីក្រុងបេត-រេហុប និងពីក្រុងសូបា មានពលថ្មើជើងពីរម៉ឺននាក់ និងស្តេចស្រុកម្អាកា ព្រមទាំងពលមួយពាន់នាក់ ហើយពួកស្រុកថូបមួយម៉ឺនពីរពាន់នាក់ទៀត។ ពេលព្រះបាទដាវីឌបានជ្រាបហើយ ទ្រង់បានចាត់យ៉ូអាប់ និងពួកពលខ្លាំងពូកែទាំងអស់ឲ្យទៅ។ ឯពួកកូនចៅអាំម៉ូនក៏ចេញមកត្រៀមពលនៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ឯពួកសាសន៍ស៊ីរីពីក្រុងសូបា និងក្រុងរេហុប ហើយពួកថូប និងពួកស្តេចម្អាកា គេនៅឯវាលដោយឡែក។ ពេលយ៉ូអាប់បានឃើញថា គេព័ទច្បាំងលោកពីខាងមុខខាងក្រោយដូច្នោះ លោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ឲ្យទៅតម្រៀបគ្នា តនឹងពួកស៊ីរី។ ឯបណ្ដាទ័ពដែលនៅសល់ ក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយជាប្អូន ហើយប្អូនក៏តម្រៀបពល ដើម្បីតទល់នឹងពួកកូនចៅអាំម៉ូន។ លោកប្រាប់ថា៖ «ប្រសិនបើពួកស៊ីរីខ្លាំងជាងខ្ញុំ ចូរឯងមកជួយខ្ញុំផង តែបើពួកកូនចៅអាំម៉ូនខ្លាំងជាងឯង នោះខ្ញុំនឹងទៅជួយឯងវិញ។ ចូរយើងរាល់គ្នាមានចិត្តក្លាហាន ហើយមានកម្លាំងចុះ ព្រោះសាសន៍របស់យើង និងទីក្រុងរបស់ព្រះនៃយើង សូមឲ្យព្រះយេហូវ៉ាសម្រេចសេចក្ដីតាមព្រះហឫទ័យទ្រង់ចុះ»។ ដូច្នេះ យ៉ូអាប់ និងពួកពលដែលនៅជាមួយ ក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។ កាលពួកស៊ីរីឃើញថា គេត្រូវចាញ់ពួកអ៊ីស្រាអែលហើយ ក៏ប្រមូលគ្នា ហើយព្រះបាទហាដារេស៊ើរចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ ក៏ទន្ទ្រានចូលស្រុកហេឡាម មានសូបាកជាមេទ័ពធំរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ។ កាលព្រះបាទដាវីឌបានជ្រាប ក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ឆ្លងទន្លេយ័រដាន់ ទៅដល់ស្រុកហេឡាម ពួកស៊ីរីបានត្រៀមពលតនឹងដាវីឌ តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយព្រះបាទដាវីឌបានសម្លាប់ពួកគេ ដែលបររទេះចម្បាំងអស់ប្រាំពីររយរទេះ និងពួកពលសេះបួនម៉ឺននាក់ ក៏ប្រហារសូបាកជាមេទ័ព ឲ្យស្លាប់នៅទីនោះដែរ។ កាលពួកស្តេចទាំងប៉ុន្មាន ដែលនៅក្រោមអំណាចហាដារេស៊ើរឃើញថា ខ្លួនចាញ់ពួកអ៊ីស្រាអែលហើយ ក៏ចងស្ពានមេត្រីនឹងពួកអ៊ីស្រាអែល ហើយចំណុះគេវិញ ដូច្នេះ ពួកស៊ីរីមិនហ៊ានជួយពួកកូនចៅអាំម៉ូនទៀតឡើយ។

