២ សាំយូអែល 10:6-19
២ សាំយូអែល 10:6-19 ពគប
កាលពួកកូនចៅអាំម៉ូនឃើញថា ដាវីឌត្រឡប់ជាខ្ពើមគេហើយ នោះគេក៏ចាត់ឲ្យទៅជួលពួកសាសន៍ស៊ីរី ពីក្រុងបេត-រេហុប នឹងពីក្រុងសូបា បានពលថ្មើរជើង២ម៉ឺននាក់ នឹងស្តេចស្រុកម្អាកា ព្រមទាំងពល១ពាន់នាក់ ហើយពួកស្រុកថូប១ម៉ឺន២ពាន់នាក់ទៀត កាលដាវីឌបានជ្រាបហើយ នោះទ្រង់ចាត់យ៉ូអាប់ នឹងពួកពលខ្លាំងពូកែទាំងអស់ឲ្យទៅ ឯពួកកូនចៅអាំម៉ូន គេក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ឯពួកសាសន៍ស៊ីរីពីក្រុងសូបា នឹងក្រុងរេហុប ហើយពួកថូប នឹងពួកស្តេចម្អាកា គេនៅឯវាលដោយឡែក។ រីឯយ៉ូអាប់ កាលឃើញថា គេចោមច្បាំងនឹងលោកពីខាងមុខខាងក្រោយដូច្នោះ នោះលោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ទៅឲ្យដំរៀបគ្នា តនឹងពួកស៊ីរី ឯបណ្តាទ័ពដែលសល់នៅ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយប្អូនក៏ដំរៀបពលតនឹងពួកកូនចៅអាំម៉ូន លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកំឡាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកំឡាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ ចូរឲ្យយើងរាល់គ្នាមានចិត្តក្លាហានឡើង ហើយមានកំឡាំងចុះ ដោយព្រោះសាសន៍យើង នឹងទីក្រុងរបស់ព្រះនៃយើងផង សូមឲ្យព្រះយេហូវ៉ាសំរេចសេចក្ដី តាមព្រះហឫទ័យទ្រង់ចុះ ដូច្នេះ យ៉ូអាប់ នឹងពួកពល ដែលនៅជាមួយក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។ កាលពួកស៊ីរីឃើញថា បានចាញ់ពួកអ៊ីស្រាអែលហើយ នោះគេក៏មូលគ្នា ហើយហាដារេស៊ើរចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ ក៏ទន្ទ្រានចូលស្រុកហេឡាម មានសូបាក ជាមេទ័ពធំរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ កាលដាវីឌទ្រង់ជ្រាប នោះក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ឆ្លងទន្លេយ័រដាន់ ទៅដល់ស្រុកហេឡាម ពួកស៊ីរីគេក៏ត្រៀមពលតនឹងដាវីឌ តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយដាវីឌបានសំឡាប់ពួកគេ ដែលនៅរទេះចំបាំងអស់៧០០រទេះ នឹងពួកពលសេះ៤ម៉ឺននាក់ ក៏ប្រហារសូបាក ជាមេទ័ពគេ ឲ្យស្លាប់នៅទីនោះដែរ កាលពួកស្តេចទាំងប៉ុន្មាន ដែលនៅក្រោមអំណាចហាដារេស៊ើរឃើញថា ខ្លួនចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចងជាស្ពានមេត្រីនឹងពួកអ៊ីស្រាអែល ហើយចំណុះគេវិញ ដូច្នេះ ពួកស៊ីរីមិនហ៊ានជួយពួកកូនចៅអាំម៉ូនទៀតឡើយ។

