២ របាក្សត្រ 20:14-30

២ របាក្សត្រ 20:14-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ យ៉ាហា‌សៀល ជា​កូន​សាកា‌រី ដែល​ជា​កូន​បេន​ណាយ៉ា បេន​ណាយ៉ា​ជា​កូន​យីអែល យីអែល​ជា​កូន​ម៉ាថានា ដែល​ជា​ពួក​លេវី ខាង​ពួក​កូន​ចៅ​អេសាភ លោក​នៅ​កណ្ដាល​ក្រុម​ជំនុំ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​លោក រួច​លោក​ពោល​ថា៖ «ឱ​ពួក​យូដា​ទាំង​អស់​គ្នា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ព្រះ‌ករុណា​យេ‌ហូសា‌ផាត​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ដូច្នេះ​ថា កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ស្រយុត​ចិត្ត​ចំពោះ​ពួកមនុស្ស​ច្រើន​នេះ​ដែរ ដ្បិត​ចម្បាំង​នេះ​មិន​មែន​ស្រេច​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ។ ស្អែក​ឡើង ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទាស់​នឹង​គេ​ចុះ មើល៍ គេ​កំពុង​តែ​ឡើង​មក​តាម​ផ្លូវ​ភ្នំ​ស៊ីស អ្នក​រាល់​គ្នា​នឹង​ជួប​គេ​នៅ​ចុង​ច្រក​ភ្នំ ទល់​មុខ​នឹង​ទី​រហោ‌ស្ថាន​យេរួល។ អ្នក​រាល់​គ្នា​មិន​បាច់​នឹង​តស៊ូ​ក្នុង​ចម្បាំង​នេះ​ទេ គ្រាន់​តែ​តម្រៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ឱ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ស្រយុត​ចិត្ត​ដែរ ស្អែក​នេះ ចូរ​ចេញ​ទៅ​ទាស់​នឹង​គេ​ចុះ ព្រោះ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ហើយ»។ ពេល​នោះ ព្រះបាទ​យេ‌ហូសា‌ផាត​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី ហើយ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។ ឯ​ពួក​លេវី ខាង​ពួក​កូន​ចៅ​កេហាត់ និង​ពួក​កូន​ចៅ​កូរេ គេ​ឈរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដោយ​សំឡេង​យ៉ាង​ខ្លាំង​ក្រៃ‌លែង។ ស្អែក​ឡើង គេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ​នោះ ព្រះបាទ​យេ‌ហូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​មាន​ជំនឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ព្រះ‌អង្គ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកបដោយ​សេចក្ដី​ចម្រើន»។ ពេល​ស្ដេច​បាន​ពិគ្រោះ​នឹង​បណ្ដា‌ជន​ហើយ ទ្រង់​ក៏​តម្រូវ​ឲ្យ​មាន​ពួក​អ្នក​ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា៖ «ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច»។ ដូច្នេះ គេ​ចាប់ផ្ដើម​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់។ ដ្បិត​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ គេ​លើក​គ្នា​បំផ្លាញ​ពួក​អ្នក​នៅ​ស្រុក​ភ្នំ​សៀរ​អស់​រលីង រួច​កាល​គេ​បាន​បំផ្លាញ​ពួក​នោះ​អស់​ហើយ នោះ​ក៏​ព្រួត​គ្នា​បំផ្លាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។ ពេល​ពួក​យូដា​មក​ដល់​ប៉ម​ចាំ​យាម នៅ​ត្រង់​ទី​រហោ‌ស្ថាន គេ​មើល​ទៅ​ពួក​ធំ​នោះ ឃើញ​សុទ្ធ​តែ​ខ្មោច​ដេក‌រដូក​នៅ​ដី គ្មាន​អ្នក​ណា​មួយ​បាន​រួច​ជីវិត​ឡើយ។ កាល​ព្រះបាទ​យេ‌ហូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច​បាន​ទៅ​ដល់ ដើម្បី​រឹប​អូស​យកជ័យ‌ភណ្ឌ នោះ​គេ​ឃើញ​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សន្ធឹក មាន​ទាំង​របស់​ទ្រព្យ សម្លៀក‌បំពាក់ និង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ហើយ​គេ​ប្រមូល​ទុក​សម្រាប់​ខ្លួន រហូត​ទាល់​តែ​យក​មិន​រួច។ គេ​នាំ​គ្នា​ប្រមូល​អស់​រយៈ​ពេល​បី​ថ្ងៃ ព្រោះ​ជ័យ‌ភណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក។ នៅ​ថ្ងៃ​ទី​បួន គេ​ប្រជុំ​គ្នា​នៅជ្រលង​ភ្នំ​បេរ៉ា‌កា ព្រោះ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​ព្រះពរ​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ហៅ​ទី​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ពួក​យូដា និង​អស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា មាន​ទាំង​ព្រះបាទ​យេ‌ហូសា‌ផាត​យាង​នាំ​មុខ​គេ ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​អំណរ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ពី​ដំណើរ​ពួក​ខ្មាំង​សត្រូវ​របស់​គេ។ គេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដោយ​លេង​ពិណ ស៊ុង ហើយ​ផ្លុំ​ត្រែ​ផង។ កាល​ពួក​នគរ​ដែល​នៅ​អស់​ទាំង​ស្រុក​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​អ៊ីស្រា‌អែល​ដូច្នោះ គេ​ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ព្រះ​ទាំង​អស់​គ្នា។ ដូច្នេះ នគរ​របស់​ព្រះបាទ​យេ‌ហូសា‌ផាត​បាន​សុខ‌សាន្ត ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំ‌វិញ។

២ របាក្សត្រ 20:14-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ យាង​មក​ក្នុង​ចំណោម​អង្គ​ប្រជុំ ដោយ​សណ្ឋិត​លើ​លោក​យ៉ាហា‌សៀល ក្នុង​ក្រុម​លេវី គាត់​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រី ជា​ចៅ​របស់​លោក​បេន‌ណា‌យ៉ា ជា​ចៅ‌ទួត​របស់​លោក​យី‌អែល និង​ជា​ចៅ‌លួត​របស់​លោក​ម៉ាថា‌នា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ។ លោក​យ៉ាហា‌សៀល​ប្រកាស​ថា៖ «បពិត្រ​ព្រះ‌ករុណា​យ៉ូសា‌ផាត ព្រម​ទាំង​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម សូម​ត្រង‌ត្រាប់​ស្ដាប់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា និង​បងប្អូន​ដូច​ត​ទៅ: ចូរ​កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត នៅ​ចំពោះ​មុខ​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ឡើយ ដ្បិត​ការ​ប្រយុទ្ធ​មិន​មែន​សម្រេច​លើ​អ្នក​រាល់​គ្នា​ទេ តែ​សម្រេច​នៅ​លើ​ព្រះ‌ជាម្ចាស់។ ស្អែក ចូរ​នាំ​គ្នា​ចុះ​ទៅ​តទល់​នឹង​ពួក​គេ ព្រោះ​ពួក​គេ​នឹង​ឡើង​មក​តាម​ផ្លូវ​ស៊ីស។ អ្នក​រាល់​គ្នា​នឹង​ជួប​ពួក​គេ​នៅ​ខាង​ចុង​ជ្រោះ ដែល​បែរ​ទៅ​រក​វាល​រហោ‌ស្ថាន​យេ‌រួល។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ប្រយុទ្ធ​ជា​មួយ​ពួក​គេ​ឡើយ គឺ​គ្រាន់​តែ​ឈរ​នៅ​ទី​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជម្នះ​ដល់​អ្នក​រាល់​គ្នា។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត​ឲ្យ​សោះ ស្អែក ចូរ​ចេញ​ទៅ​តទល់​នឹង​ពួក​គេ​ចុះ ព្រះ‌អម្ចាស់​នឹង​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក៏​នាំ​គ្នា​ឱន​កាយ ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ដែរ។ ក្រុម​លេវី​ដែល​មក​ពី​អំបូរ​កេ‌ហាត់ និង​ពូជ‌ពង្ស​លោក​កូរេ នាំ​គ្នា​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បន្លឺ​សំឡេង​យ៉ាង​រំពង។ ប្រជា‌ជន​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ត្កូអា។ មុន​ពេល​ចេញ​ដំណើរ ព្រះ‌បាទ​យ៉ូសា‌ផាត​ក្រោក​ឈរ​ឡើង ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្ដាប់​យើង! ចូរ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង! ចូរ​ទុក​ចិត្ត​លើ​ព្យាកា‌រី​របស់​ព្រះអង្គ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជោគ​ជ័យ!»។ បន្ទាប់​មក ព្រះ‌រាជា​ពិភាក្សា​ជា​មួយ​ប្រជា‌ជន រួច​តែង‌តាំង​ក្រុម​ចម្រៀង ដែល​មាន​ស្លៀក​ពាក់​គ្រឿង​សក្ការៈ ហើយ​ដើរ​នៅ​មុខ​កង‌ទ័ព ដោយ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់​ថា «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។ ក្នុង​ពេល​ដែល​ពួក​គេ​បន្លឺ​សំឡេង​ចម្រៀង​សរសើរ​តម្កើង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ធ្វើ​ឲ្យ​ពួក​គេ​វាយ​គ្នា​ឯង។ មុន​ដំបូង កង‌ទ័ព​អាំម៉ូន​ព្រួត​គ្នា​ជា​មួយ​កង‌ទ័ព​ម៉ូអាប់ វាយ​កម្ទេច និង​បំផ្លាញ​អ្នក​ស្រុក​ភ្នំ​សៀរ​ឲ្យ​វិនាស​សូន្យ រួច​ហើយ​ពួក​គេ​កាប់​សម្លាប់​គ្នា​ឯង។ ពេល​ជន‌ជាតិ​យូដា​ទៅ​ដល់​កន្លែង ដែល​សម្រាប់​ពិនិត្យ​មើល​វាល​រហោ‌ស្ថាន ពួក​គេ​ក្រឡេក​មើល​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​សត្រូវ ឃើញ​មាន​សុទ្ធ​តែ​សាក‌សព​នៅ​ពាស‌ពេញ​ដី ឥត​មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ព្រះ‌បាទ​យ៉ូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​ហ្វូង​សត្វ សម្លៀក‌បំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ដែល​នៅ​ជាប់​នឹង​សាក‌សព។ ដោយ​ជយ‌ភណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ទោះ​បី​គេ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ក៏​នៅ​តែ​ប្រមូល​មិន​អស់​ដែរ។ នៅ​ថ្ងៃ​ទី​បួន ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​បេរ៉ា‌កា ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ​យ៉ាង​សប្បាយ ដោយ​មាន​ព្រះ‌បាទ​យ៉ូសា‌ផាត​យាង​នាំ​មុខ​ពួក​គេ។ ព្រះ‌អម្ចាស់​ប្រទាន​អំណរ​ដ៏​លើស‌លុប​ដល់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បរា‌ជ័យ។ ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម តាម​ចង្វាក់​ឃឹម ពិណ និង​ត្រែ រហូត​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពេល​នគរ​ឯ​ទៀតៗ​ទាំង​អស់​ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ខ្មាំង​សត្រូវ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ រាជ្យ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​សុខ​ក្សេម‌ក្សាន្ត ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ដេច​មាន​សន្តិ‌ភាព នៅ​គ្រប់​ទិស‌ទី។

២ របាក្សត្រ 20:14-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ យ៉ាហា‌សៀល ជា​កូន​សាការី ដែល​ជា​កូន​បេនណាយ៉ាៗ​ជា​កូន​យីអែលៗ​ជា​កូន​ម៉ាថានា ដែល​ជា​ពួក​លេវី ខាង​ពួក​កូន​ចៅ​អេសាភ លោក​នៅ​កណ្តាល​ពួក​ជំនុំ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​លោក រួច​លោក​ពោល​ថា ឱ​ពួក​យូដា​ទាំង​អស់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ព្រះ‌ករុណា​យ៉ូសា‌ផាត​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​អ្នក​រាល់​គ្នា​ដូច្នេះ​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ពួក​ធំ​ទាំង​ម៉្លេះ​នេះ​ដែរ ដ្បិត​ចំបាំង​នេះ​មិន​មែន​ស្រេច​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ​វិញ ស្អែក​ឡើង ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទាស់​នឹង​គេ​ចុះ មើល គេ​កំពុង​តែ​ឡើង​មក​តាម​ផ្លូវ​ភ្នំ​ស៊ីស អ្នក​រាល់​គ្នា​នឹង​ចួប​គេ​នៅ​ចុង​ច្រក​ភ្នំ ទល់​មុខ​នឹង​ទី​រហោ‌ស្ថាន​យេរួល អ្នក​រាល់​គ្នា​មិន​បាច់​នឹង​តស៊ូ​ក្នុង​ចំបាំង​នេះ​ទេ ឲ្យ​គ្រាន់​តែ​ដំរៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ឱ​ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ស្អែក​នេះ ចូរ​ចេញ​ទៅ​ទាស់​នឹង​គេ​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ នោះ​យ៉ូសា‌ផាត​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី ហើយ​ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ ឯ​ពួក​លេវី ខាង​ពួក​កូន​ចៅ​កេហាត់ នឹង​ពួក​កូន​ចៅ​កូរេ គេ​ឈរ​ឡើង សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដោយ​សំឡេង​យ៉ាង​ខ្លាំង​ក្រៃ‌លែង។ ស្អែក​ឡើងគេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ នោះ​យ៉ូសា‌ផាត​ទ្រង់​ឈរ​មាន​បន្ទូល​ថា ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ទ្រង់ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកប ដោយ​សេចក្ដី​ចំរើន រួច​កាល​ទ្រង់​បាន​ពិគ្រោះ​នឹង​បណ្តាជន​ហើយ នោះ​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់‌កល្ប​ជានិច្ច ដូច្នេះ កាល​គេ​ចាប់​តាំង​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ នឹង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់ ដ្បិត​ពួក​កូន​ចៅ​អាំម៉ូន នឹង​ម៉ូអាប់ គេ​លើក​គ្នា​បំផ្លាញ​ពួក​អ្នក​នៅ​ស្រុក​ភ្នំ​សៀរ​អស់​រលីង​ទៅ រួច​កាល​គេ​បាន​បំផ្លាញ​ពួក​នោះ​អស់​ហើយ នោះ​ក៏​ព្រួត​គ្នា​បំផ្លាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។ ដូច្នេះ កាល​ពួក​យូដា​មក​ដល់​ប៉ម​ចាំ​យាម នៅ​ត្រង់​ទី​រហោ‌ស្ថាន នោះ​គេ​ក្រឡេក​មើល​ទៅ​ពួក​ធំ​នោះ ក៏​ឃើញ​គេ​សុទ្ធ​តែ​ជា​ខ្មោច​ដេក‌រដូក​នៅ​ដី គ្មាន​អ្នក​ណា​មួយ​បាន​រួច​ជីវិត​ឡើយ រួច​កាល​យ៉ូសា‌ផាត នឹង​ពល‌ទ័ព​របស់​ទ្រង់​បាន​ទៅ​ដល់ ដើម្បី​យក​របឹប នោះ​ក៏​ឃើញ​មាន​ទាំង​របស់​ទ្រព្យ សំលៀក‌បំពាក់ នឹង​ប្រដាប់​មាន​ដំឡៃ​យ៉ាង​សន្ធឹក ហើយ​នាំ​គ្នា​ដោះ​ចេញ​ទុក​សំរាប់​ខ្លួន លើស​ពី​កំឡាំង​នឹង​យក​ទៅ​បាន មាន​របឹប​ជា​ច្រើន ដល់​ម៉្លេះ​បាន​ជា​គេ​ប្រមូល​យក​អស់​រវាង​៣​ថ្ងៃ​ទើប​ហើយ នៅ​ថ្ងៃ​ទី​៤ គេ​ប្រជុំ​គ្នា នៅ​ច្រក​ភ្នំ​បេរ៉ាកា គឺ​ដោយ​ព្រោះ​នៅ​ទី​នោះ​គេ​បាន​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ បាន​ជា​គេ​ហៅ​ទី​នោះ​ថា ច្រក​ភ្នំ​បេរ៉ាកា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ រួច​មក ពួក​យូដា នឹង​អស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា មាន​ទាំង​យ៉ូសា‌ផាត​យាង​នាំ​មុខ​គេ ក៏​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ​ដោយ​អំណរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ពី​ដំណើរ​ពួក​ខ្មាំង​សត្រូវ​របស់​គេ គេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដោយ​លេង​ពិណ ស៊ុង ហើយ​ផ្លុំ​ត្រែ​ផង កាល​ពួក​នគរ​ដែល​នៅ​អស់​ទាំង​ស្រុក​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​អ៊ីស្រាអែល​ដូច្នោះ នោះ​គេ​ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ព្រះ​ទាំង​អស់​គ្នា ដូច្នេះ នគរ​របស់​យ៉ូសា‌ផាត​បាន​សុខ‌សាន្ត ពី​ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំវិញ។