២ របាក្សត្រ 20:14-30
២ របាក្សត្រ 20:14-30 គកស១៦
គ្រានោះ យ៉ាហាសៀល ជាកូនសាការី ដែលជាកូនបេនណាយ៉ា បេនណាយ៉ាជាកូនយីអែល យីអែលជាកូនម៉ាថានា ដែលជាពួកលេវី ខាងពួកកូនចៅអេសាភ លោកនៅកណ្ដាលក្រុមជំនុំ ហើយព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើលោក រួចលោកពោលថា៖ «ឱពួកយូដាទាំងអស់គ្នា និងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយេហូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តចំពោះពួកមនុស្សច្រើននេះដែរ ដ្បិតចម្បាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះ។ ស្អែកឡើង ចូរអ្នករាល់គ្នាចុះទៅទាស់នឹងគេចុះ មើល៍ គេកំពុងតែឡើងមកតាមផ្លូវភ្នំស៊ីស អ្នករាល់គ្នានឹងជួបគេនៅចុងច្រកភ្នំ ទល់មុខនឹងទីរហោស្ថានយេរួល។ អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចម្បាំងនេះទេ គ្រាន់តែតម្រៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ ឱពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ព្រោះព្រះយេហូវ៉ាគង់នៅជាមួយអ្នករាល់គ្នាហើយ»។ ពេលនោះ ព្រះបាទយេហូសាផាតក្រាបព្រះភក្ត្រចុះដល់ដី ហើយពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ។ ឯពួកលេវី ខាងពួកកូនចៅកេហាត់ និងពួកកូនចៅកូរេ គេឈរសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដោយសំឡេងយ៉ាងខ្លាំងក្រៃលែង។ ស្អែកឡើង គេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅនោះ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរមានជំនឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ព្រះអង្គ ទើបអ្នករាល់គ្នានឹងប្រកបដោយសេចក្ដីចម្រើន»។ ពេលស្ដេចបានពិគ្រោះនឹងបណ្ដាជនហើយ ទ្រង់ក៏តម្រូវឲ្យមានពួកអ្នកដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ា ហើយពោលសរសើរ ដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ ក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅ ដោយពោលថា៖ «ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសប្បុរសព្រះអង្គនៅជាប់អស់កល្បជានិច្ច»។ ដូច្នេះ គេចាប់ផ្ដើមច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាបង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់។ ដ្បិតពួកកូនចៅអាំម៉ូន និងម៉ូអាប់ គេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀរអស់រលីង រួចកាលគេបានបំផ្លាញពួកនោះអស់ហើយ នោះក៏ព្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀត។ ពេលពួកយូដាមកដល់ប៉មចាំយាម នៅត្រង់ទីរហោស្ថាន គេមើលទៅពួកធំនោះ ឃើញសុទ្ធតែខ្មោចដេករដូកនៅដី គ្មានអ្នកណាមួយបានរួចជីវិតឡើយ។ កាលព្រះបាទយេហូសាផាត និងប្រជាជនរបស់ស្ដេចបានទៅដល់ ដើម្បីរឹបអូសយកជ័យភណ្ឌ នោះគេឃើញមានហ្វូងសត្វយ៉ាងច្រើនសន្ធឹក មានទាំងរបស់ទ្រព្យ សម្លៀកបំពាក់ និងវត្ថុដ៏មានតម្លៃជាច្រើន ហើយគេប្រមូលទុកសម្រាប់ខ្លួន រហូតទាល់តែយកមិនរួច។ គេនាំគ្នាប្រមូលអស់រយៈពេលបីថ្ងៃ ព្រោះជ័យភណ្ឌទាំងនោះមានច្រើនពេក។ នៅថ្ងៃទីបួន គេប្រជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ព្រោះនៅទីនោះគេបានថ្វាយព្រះពរដល់ព្រះយេហូវ៉ា បានជាគេហៅទីនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។ បន្ទាប់មក ពួកយូដា និងអស់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា មានទាំងព្រះបាទយេហូសាផាតយាងនាំមុខគេ ក៏វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដោយអំណរ ព្រោះព្រះយេហូវ៉ាបានបណ្ដាលឲ្យគេមានសេចក្ដីរីករាយសប្បាយ ពីដំណើរពួកខ្មាំងសត្រូវរបស់គេ។ គេក៏ចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដោយលេងពិណ ស៊ុង ហើយផ្លុំត្រែផង។ កាលពួកនគរដែលនៅអស់ទាំងស្រុកបានឮថា ព្រះយេហូវ៉ាច្បាំងនឹងពួកខ្មាំងសត្រូវរបស់អ៊ីស្រាអែលដូច្នោះ គេក៏កើតមានសេចក្ដីស្ញែងខ្លាចដល់ព្រះទាំងអស់គ្នា។ ដូច្នេះ នគររបស់ព្រះបាទយេហូសាផាតបានសុខសាន្ត ព្រោះព្រះនៃទ្រង់បានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។

