២ របាក្សត្រ 20
20
កងទ័ពម៉ូអាប់ និងកងទ័ពអាំម៉ូនវាយលុកស្រុកយូដា ពាក្យអធិស្ឋានរបស់ព្រះបាទយ៉ូសាផាត
1ក្រោយមកទៀត ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន#២០.១ «អ្នកស្រុកម៉ាអូន» យកតាមគម្ពីរភាសាក្រិក។ ក្នុងគម្ពីរភាសាហេប្រឺ មានសរសេរថា «ជនជាតិអាំម៉ូន»។ អ្នកស្រុកម៉ាអូនរស់នៅខាងត្បូងស្រុកអេដុម។ បានលើកគ្នាមកវាយព្រះបាទយ៉ូសាផាត។ 2មានគេមកទូលព្រះបាទយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ#២០.២ សមុទ្រមរណៈ។ គឺពីស្រុកអេដុម#២០.២ ឯកសារហេប្រឺភាគច្រើនសរសេរថា «ស្រុកអារ៉ាម» ដែលចង់សំដៅទៅលើស្រុកស៊ីរី។ មកវាយព្រះករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនគេឌី»។
3ព្រះបាទយ៉ូសាផាតភ័យខ្លាចជាខ្លាំង ទ្រង់ក៏សម្រេចចិត្តទូលសួរព្រះអម្ចាស់ ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។ 4អ្នកស្រុកយូដាជួបជុំគ្នាស្វែងរកព្រះអម្ចាស់ ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរកព្រះអម្ចាស់។ 5ព្រះបាទយ៉ូសាផាតឈរនៅកណ្ដាលចំណោមអង្គប្រជុំរបស់ជនជាតិយូដា និងអ្នកក្រុងយេរូសាឡឹម ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ខាងមុខព្រលានថ្មី។ 6ស្ដេចមានរាជឱង្ការថា៖
«បពិត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអង្គគង់នៅស្ថានបរមសុខ ព្រះអង្គគ្រប់គ្រងលើនគរទាំងអស់នៃប្រជាជាតិនានា។ ព្រះអង្គប្រកបដោយព្រះចេស្ដា និងឫទ្ធានុភាព#២០.៦ ឃ្លាដើម «កម្លាំង និងអំណាចស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ»។ គ្មាននរណាអាចតទល់នឹងព្រះអង្គបានឡើយ! 7#អស. ៤១.៨; យក. ២.២៣ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានបណ្ដេញអ្នកស្រុកនេះចេញពីមុខអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំងប្រទានស្រុកនេះឲ្យពូជពង្សលោកអប្រាហាំ ជាមិត្តរបស់ព្រះអង្គ រហូតតទៅ។ 8ពួកគេរស់នៅក្នុងស្រុកនេះ ពួកគេបានសង់ទីសក្ការៈមួយថ្វាយព្រះនាមរបស់ព្រះអង្គ ដោយពោលថា 9“ប្រសិនបើមានទុក្ខវេទនា សង្គ្រាម ទុក្ខទោស ជំងឺរាតត្បាត ឬទុរ្ភិក្ស កើតមានដល់យើងខ្ញុំ នោះយើងខ្ញុំនឹងមកឈរនៅមុខព្រះដំណាក់នេះ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដ្បិតព្រះនាមរបស់ព្រះអង្គស្ថិតនៅក្នុងព្រះដំណាក់នេះ។ ក្នុងពេលមានអាសន្ន យើងខ្ញុំនឹងទូលអង្វរសូមព្រះអង្គជួយ។ ពេលនោះ សូមទ្រង់ព្រះសណ្ដាប់យើងខ្ញុំ ហើយសង្គ្រោះយើងខ្ញុំផង”។#២០.៩ ព្រះបាទយ៉ូសាផាតរំឭកដល់ពាក្យអធិស្ឋានរបស់ព្រះបាទសាឡូម៉ូន ក្នុងឱកាសសម្ពោធព្រះវិហារ (សូមអានចំពូក ៦.២៨-៣១)។ 10#ទក. ២.៤-១៩ឥឡូវនេះ ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ ព្រមទាំងអស់អ្នកដែលរស់នៅភ្នំសៀរ -គឺស្រុកដែលព្រះអង្គហាមអ៊ីស្រាអែលមិនឲ្យឆ្លងកាត់ នៅពេលចាកចេញពីស្រុកអេស៊ីប#២០.១០ សូមអាន ជគ. ២០.១៤-២១។- 11ប៉ុន្តែ ជនជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដី ដែលព្រះអង្គប្រទានមកឲ្យយើងខ្ញុំធ្វើជាកម្មសិទ្ធិ។ 12ឱព្រះនៃយើងខ្ញុំអើយ ម្ដេចក៏ព្រះអង្គមិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកងទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកព្រះអង្គប៉ុណ្ណោះ»។
13អ្នកស្រុកយូដាទាំងមូលឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដោយមានប្រពន្ធកូន និងទារក នៅជាមួយដែរ។
ព្រះអម្ចាស់ប្រទានជ័យជម្នះដល់ជនជាតិយូដា
14ពេលនោះ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ យាងមកក្នុងចំណោមអង្គប្រជុំ ដោយសណ្ឋិតលើលោកយ៉ាហាសៀល ក្នុងក្រុមលេវី គាត់ត្រូវជាកូនរបស់លោកសាការី ជាចៅរបស់លោកបេនណាយ៉ា ជាចៅទួតរបស់លោកយីអែល និងជាចៅលួតរបស់លោកម៉ាថានា ដែលជាពូជពង្សរបស់លោកអេសាភ។ 15#ទក. ២០.១-៤លោកយ៉ាហាសៀលប្រកាសថា៖ «បពិត្រព្រះករុណាយ៉ូសាផាត ព្រមទាំងអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម សូមត្រងត្រាប់ស្ដាប់! ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណា និងបងប្អូនដូចតទៅ: ចូរកុំភ័យខ្លាច និងតក់ស្លុត នៅចំពោះមុខកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះឡើយ ដ្បិតការប្រយុទ្ធមិនមែនសម្រេចលើអ្នករាល់គ្នាទេ តែសម្រេចនៅលើព្រះជាម្ចាស់។ 16ស្អែក ចូរនាំគ្នាចុះទៅតទល់នឹងពួកគេ ព្រោះពួកគេនឹងឡើងមកតាមផ្លូវស៊ីស។ អ្នករាល់គ្នានឹងជួបពួកគេនៅខាងចុងជ្រោះ ដែលបែរទៅរកវាលរហោស្ថានយេរួល។ 17#នក. ១៤.១៣-១៤អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញព្រះអម្ចាស់ប្រទានជ័យជម្នះ#២០.១៧ ពាក្យដើម «ការរំដោះ»។ដល់អ្នករាល់គ្នា។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ កុំភ័យខ្លាច និងតក់ស្លុតឲ្យសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះ ព្រះអម្ចាស់នឹងគង់ជាមួយអ្នករាល់គ្នា!»។
18ព្រះបាទយ៉ូសាផាតក្រាបចុះ ឱនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម ក៏នាំគ្នាឱនកាយ ក្រាបថ្វាយបង្គំព្រះអម្ចាស់ដែរ។ 19ក្រុមលេវីដែលមកពីអំបូរកេហាត់ និងពូជពង្សលោកកូរេ#២០.១៩ អ្នកទាំងនេះសុទ្ធតែជាអ្នកចម្រៀង និងអ្នកប្រគំតន្ត្រីថ្វាយព្រះអម្ចាស់ (១របា. ៦.១៦-២៣)។ នាំគ្នាក្រោកឡើងសរសើរតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដោយបន្លឺសំឡេងយ៉ាងរំពង។
20ប្រជាជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោស្ថានត្កូអា។ មុនពេលចេញដំណើរ ព្រះបាទយ៉ូសាផាតក្រោកឈរឡើង ហើយមានរាជឱង្ការថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរស្ដាប់យើង! ចូរទុកចិត្តទាំងស្រុងលើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើព្យាការីរបស់ព្រះអង្គ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។ 21បន្ទាប់មក ព្រះរាជាពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចម្រៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ព ដោយច្រៀងតម្កើងព្រះអម្ចាស់ថា «ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។ 22ក្នុងពេលដែលពួកគេបន្លឺសំឡេងចម្រៀងសរសើរតម្កើង ព្រះអម្ចាស់បានធ្វើឲ្យកើតវឹកវរនៅក្នុងជួរទ័ពរបស់ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ និងអ្នកស្រុកភ្នំសៀរ ធ្វើឲ្យពួកគេវាយគ្នាឯង។ 23មុនដំបូង កងទ័ពអាំម៉ូនព្រួតគ្នាជាមួយកងទ័ពម៉ូអាប់ វាយកម្ទេច និងបំផ្លាញអ្នកស្រុកភ្នំសៀរឲ្យវិនាសសូន្យ រួចហើយពួកគេកាប់សម្លាប់គ្នាឯង។ 24ពេលជនជាតិយូដាទៅដល់កន្លែង ដែលសម្រាប់ពិនិត្យមើលវាលរហោស្ថាន ពួកគេក្រឡេកមើលទៅទីតាំងទ័ពរបស់ខ្មាំងសត្រូវ ឃើញមានសុទ្ធតែសាកសពនៅពាសពេញដី ឥតមាននរណាម្នាក់រួចជីវិតឡើយ។ 25ព្រះបាទយ៉ូសាផាត និងប្រជាជនរបស់ស្ដេច នាំគ្នារឹបអូសយកអ្វីៗទាំងប៉ុន្មានដែលមាននៅទីនោះ។ គេឃើញមានហ្វូងសត្វ សម្លៀកបំពាក់ ព្រមទាំងវត្ថុដ៏មានតម្លៃជាច្រើន ដែលនៅជាប់នឹងសាកសព។ ដោយជយភណ្ឌទាំងនោះមានច្រើនពេក ទោះបីគេចំណាយពេលអស់បីថ្ងៃ ក៏នៅតែប្រមូលមិនអស់ដែរ។ 26នៅថ្ងៃទីបួន ពួកគេជួបជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ហើយអរព្រះគុណព្រះអម្ចាស់។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំបេរ៉ាកា#២០.២៦ ភាសាហេប្រឺ «បេរ៉ាកា» មានន័យថា សរសើរតម្កើង ឬអរព្រះគុណ។ រហូតដល់សព្វថ្ងៃ។ 27អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល វិលមកក្រុងយេរូសាឡឹមវិញយ៉ាងសប្បាយ ដោយមានព្រះបាទយ៉ូសាផាតយាងនាំមុខពួកគេ។ ព្រះអម្ចាស់ប្រទានអំណរដ៏លើសលុបដល់ពួកគេ ដោយធ្វើឲ្យខ្មាំងសត្រូវបរាជ័យ។ 28ពួកគេចូលទៅក្នុងក្រុងយេរូសាឡឹម តាមចង្វាក់ឃឹម ពិណ និងត្រែ រហូតដល់ព្រះដំណាក់របស់ព្រះអម្ចាស់។ 29ពេលនគរឯទៀតៗទាំងអស់ឮដំណឹងថា ព្រះអម្ចាស់បានវាយប្រហារខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែល ពួកគេភ័យខ្លាចជាខ្លាំង។ 30រាជ្យរបស់ព្រះបាទយ៉ូសាផាតបានសុខក្សេមក្សាន្ត ដ្បិតព្រះជាម្ចាស់ប្រទានឲ្យស្ដេចមានសន្តិភាព នៅគ្រប់ទិសទី។
ចុងរជ្ជកាលរបស់ព្រះបាទយ៉ូសាផាត
(១ ពង្សាវតារក្សត្រ ២២.៤១-៥១)
31ព្រះបាទយ៉ូសាផាតឡើងគ្រងរាជ្យលើស្រុកយូដា ក្នុងពេលដែលទ្រង់មានជន្មាយុសាមសិបប្រាំព្រះវស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាអស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។ 32ព្រះបាទយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអេសា ជាបិតា ដោយឥតងាករេឡើយ។ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 33ប៉ុន្តែ ស្ដេចពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជនពុំជំពាក់ចិត្តទាំងស្រុងលើព្រះនៃបុព្វបុរសខ្លួនឡើយ។ 34រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកយេហ៊ូវ ជាកូនរបស់លោកហាណានី ដែលគេបញ្ចូលទៅក្នុងក្រាំងរបស់ស្ដេចស្រុកអ៊ីស្រាអែល។ 35មួយវិញទៀត ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានរួមសហការជាមួយព្រះបាទអហាស៊ីយ៉ា ស្ដេចស្រុកអ៊ីស្រាអែល ជាស្ដេចប្រព្រឹត្តអំពើអាក្រក់។ 36ស្ដេចទាំងពីរអង្គឲ្យគេសង់សំពៅ សម្រាប់ដើរផ្លូវឆ្ងាយ#២០.៣៦ ពាក្យដើម ជាភាសាហេប្រឺ សរសេរថា «សំពៅទៅស្រុកតើស៊ីស»។ គេសង់សំពៅទាំងនោះនៅក្រុងអេស៊ាន-គេប៊ើរ។ 37ពេលនោះ ព្យាការីអេលាស៊ើរ ជាកូនរបស់លោកដូដាវ៉ា អ្នកស្រុកម៉ារីសា ថ្លែងព្រះបន្ទូលទាស់នឹងព្រះបាទយ៉ូសាផាតដូចតទៅ៖ «ដោយព្រះករុណារួមសហការជាមួយព្រះបាទអហាស៊ីយ៉ា នោះព្រះអម្ចាស់នឹងរំលាយអ្វីៗដែលព្រះករុណាបានធ្វើជាមិនខាន!»។ សំពៅទាំងនោះក៏ត្រូវបាក់បែក មិនអាចចេញដំណើរទៅបានឡើយ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 20: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.