១ ពង្សាវតារក្សត្រ 1:28-53

១ ពង្សាវតារក្សត្រ 1:28-53 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ចូរ​ហៅ​បាត‌សេ‌បា​មក​នេះ» ព្រះ‌នាង​ក៏​ចូល​មក​គាល់​ស្តេច។ រួច​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​គ្រប់​យ៉ាង ដូច​ដែល​យើង​បាន​ស្បថ​នឹង​នាង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា "ត្រូវ​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​នាង សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង" ដូច្នេះ យើង​នឹង​សម្រេច​នៅ​ថ្ងៃ​នេះ»។ ពេល​នោះ បាត‌សេ‌បា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​មាន​ព្រះជន្ម​យឺន​យូរ​ជា‌និច្ច​ត​ទៅ»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ហៅ​សង្ឃ​សាដុក ហោរា​ណាថាន់ និង​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា​មក​នេះ» លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ស្តេច ស្ដេច​មាន​រាជ‌ឱង្ការ​បង្គាប់​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នាំ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​របស់​យើង ឲ្យ​ជិះ​លើ​លា​កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ ហើយ​ត្រូវ​ឲ្យ​សង្ឃ​សាដុក និង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា "សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!"។ ក្រោយ​មក អ្នក​រាល់​គ្នា​ត្រូវ​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​តម្រូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា»។ បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ក៏​ទូល​ឆ្លើយ​ថា៖ «អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ បាន​ព្រម​ដូច្នេះ​ដែរ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​ជា‌មួយ​សាឡូម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា‌មួយ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ទៅ​ទៀត​ផង»។ ដូច្នេះ សង្ឃ​សាដុក ណាថាន់ ជា​ហោរា​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ហើយ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូម៉ូន​នៅ​លើ​លា‌កាត់​របស់​ព្រះបាទ​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន ឯ​សង្ឃ​សាដុក លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូម៉ូន រួច​គេ​ផ្លុំ​ត្រែ ហើយ​ប្រជាជន​បន្លឺ​ឡើង​ថា៖ «សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!»។ ប្រជាជន​ទាំង​អស់​បាន​ដង្ហែ​ស្ដេច​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្ដី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង សំឡេង​សូរ​សព្ទ​អឺង‌កង​របស់​គេ បាន​លាន់​ឮ​ខ្ទរ​ផែនដី។ ឯ​អ័ដូ‌នីយ៉ា និង​ពួក​ភ្ញៀវ​ដែល​នៅ​ជា‌មួយ បាន​ជប់លៀង​រួច​ហើយ គេ​ក៏​បាន​ឮ​ដែរ។ ពេល​យ៉ូអាប់​បាន​ឮ​សូរ​ផ្លុំ​ត្រែ នោះ​លោក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សូរ​អឺង‌កង​នៅ​ក្នុង​ទី​ក្រុង​ដូច្នេះ?»។ ខណៈ​ដែល​លោក​កំពុង​និយាយ​នៅ​ឡើយ នោះ​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ដែល​ជា​សង្ឃ ក៏​ចូល​មក​ដល់ អ័ដូ‌នីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «ចូរ​ចូល​មក​ចុះ ដ្បិត​លោក​ជា​មនុស្ស​ក្លាហាន ហើយ​លោក​ច្បាស់​ជា​នាំ​ដំណឹង​ល្អ​មក​មិន​ខាន»។ យ៉ូណា‌ថាន​ទូល​តប​ទៅ​អ័ដូ‌នីយ៉ាថា៖ «ព្រះបាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សាឡូម៉ូន​ឲ្យ​ឡើង​សោយ‌រាជ្យ​ធ្វើ​ជា​ស្ដេច​ហើយ ទ្រង់​បាន​ចាត់​សង្ឃ​សាដុក ហោរា​ណាថាន់ បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ដែរ ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច ហើយ​សង្ឃ​សាដុក និង​ហោរា​ណាថាន់ បាន​ចាក់​ប្រេង​តាំង​លោក​ជា​ស្តេច​នៅ​ត្រង់​គីហុន រួច​គេ​ឡើង​ពី​នោះ​មក ដោយ​រីក‌រាយ​សាទរ ដល់​ម៉្លេះ​បាន​ជា​ឮ​សូរ​អឺង‌កង​នៅ​ទី​ក្រុង គឺ​សូរ​នោះ​ហើយ ដែល​អស់​លោក​អ្នក​បាន​ឮ។ ឯ​សាឡូម៉ូន​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​ហើយ។ មួយ​ទៀត ពួក​លោក​ជា​ជំនិត​ស្តេច បាន​មក​ចម្រើន​ពរ​ដល់​ព្រះបាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា "សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​តម្កើង​ព្រះ‌នាម​សាឡូម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាម​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត"។ ឯ​ព្រះរាជា​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ ហើយ​មាន​រាជ‌ឱង្ការ​ថា "សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ប្រកប​ដោយ​ព្រះពរ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​មាន​ម្នាក់ អង្គុយ​លើ​បល្ល័ង្ក​របស់​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ ឲ្យ​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ"»។ បន្ទាប់​មក ពួក​ភ្ញៀវ​របស់​អ័ដូ‌នីយ៉ា​មាន​សេចក្ដី​តក់‌ស្លុត​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង​ចេញ​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន។ អ័ដូ‌នីយ៉ា​ក៏​ភ័យ​ខ្លាច ដោយ​ព្រោះ​សាឡូម៉ូន​ដែរ ទ្រង់​ក្រោក​ឡើង​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា មាន​គេ​ទៅ​ទូល​សាឡូម៉ូន​ថា៖ «អ័ដូ‌នីយ៉ា​ខ្លាច​ទ្រង់ ក៏​បាន​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា ដោយ​ពោល​ថា "សូម​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​នឹង​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​មិន​សម្លាប់​ទូល‌បង្គំ​ដោយ​ដាវ​ឡើយ"»។ ព្រះបាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន‌បើ​គេ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​គួរ​គោរព នោះ​សូម្បី​សក់​ក្បាល​មួយ​សរសៃ​របស់​គេ ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​ប្រសិន‌បើ​ប្រទះ​ឃើញ​មាន​អំពើ​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់»។ ពេល​នោះ ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​ចុះ​ពី​អាស‌នា​មក នោះ​អ័ដូ‌នីយ៉ា​ក៏​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌បាទ​សាឡូម៉ូន រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ផ្ទះ​វិញ​ចុះ»។

១ ពង្សាវតារក្សត្រ 1:28-53 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អញ្ជើញ​នាង​បាត‌សេ‌បា​មក!»។ នាង​បាត‌សេ‌បា​ចូល​មក​គាល់​ព្រះ‌រាជា។ ពេល​នោះ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​គ្រោះ​អាសន្ន​គ្រប់​យ៉ាង! ថ្ងៃ​នេះ យើង​សម្រេច​តែង‌តាំង​សាឡូម៉ូន ជា​បុត្រ​របស់​នាង ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​យើង ដូច​យើង​បាន​សន្យា​ជា​មួយ​នាង ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។ នាង​បាត‌សេ‌បា​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច ឱន​មុខ​ដល់​ដី ទាំង​ទូល​ថា៖ «សូម​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់ ប្រកប​ដោយ​ព្រះ‌ជន្មាយុ​យឺន‌យូរ!»។ បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អញ្ជើញ​បូជា‌ចារ្យ*​សាដុក ព្យាការី*​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ចូល​មក»។ អស់​លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌រាជា។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ប្រមូល​រាជ​បម្រើ​របស់​យើង​មក ហើយ​លើក​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ឡើង​ជិះ​លា​របស់​យើង រួច​ដង្ហែ​ទៅ​ប្រភព​ទឹក​គីហុន។ នៅ​ទី​នោះ លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន ត្រូវ​ចាក់​ប្រេង​អភិសេក​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ព្រះ‌បាទ​សាឡូម៉ូន!” ចូរ​ដង្ហែ​សាឡូម៉ូន​ចូល​មក​ក្នុង​ក្រុង​វិញ ឲ្យ​គង់​លើ​បល្ល័ង្ក​របស់​យើង។ សាឡូម៉ូន​នឹង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​យើង​តែង‌តាំង​បុត្រ​នេះ​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍​លើ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា»។ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ទូល​ស្ដេច​ថា៖ «អាម៉ែន! ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ទុក​ដូច្នេះ​មែន។ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ព្រះ‌បាទ​សាឡូម៉ូន ដូច​ព្រះអង្គ​បាន​គង់​ជា​មួយ​ព្រះ‌ករុណា​ដែរ! សូម​ព្រះអង្គ​ប្រទាន​ឲ្យ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​បាន​រុងរឿង លើស​រាជ្យ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់​ទៅ​ទៀត!»។ លោក​បូជា‌ចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម នាំ​គ្នា​លើក​សម្ដេច​សាឡូម៉ូន ឲ្យ​ឡើង​គង់​លើ​ខ្នង​លា​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហុន។ លោក​បូជា‌ចារ្យ​សាដុក​យក​ស្នែង​ដាក់​ប្រេង​ពី​ក្នុង​ព្រះ‌ពន្លា​មក រួច​ចាក់​ប្រេង​អភិសេក​សម្ដេច​សាឡូម៉ូន​ជា​ស្ដេច។ ពេល​នោះ គេ​ក៏​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​ទាំង​មូល​ស្រែក​ឡើង​ថា៖ «ជយោ! ព្រះ‌បាទ​សាឡូម៉ូន!»។ ប្រជា‌ជន​ទាំង​មូល​ដង្ហែ​ស្ដេច​ចូល​មក​ក្នុង​ក្រុង​វិញ ទាំង​ផ្លុំ​ខ្លុយ ហើយ​នាំ​គ្នា​អបអរ​សាទរ​សប្បាយ​រីក‌រាយ​ក្រៃ‌លែង។ សូរ‌ស័ព្ទ​របស់​ពួក​គេ​បាន​លាន់​ឮ​រំពង​កក្រើក​ផែនដី។ ពេល​សម្ដេច​អដូ‌នី‌យ៉ា ព្រម​ទាំង​ភ្ញៀវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ជប់‌លៀង​រួច​ហើយ ក៏​បាន​ឮ​សូរ‌ស័ព្ទ។ លោក​យ៉ូអាប់​ឮ​ស្នូរ​សំឡេង​ត្រែ​ច្បាស់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំឡេង​ត្រែ​លាន់​រំពង​នៅ​ក្នុង​ទីក្រុង​ដូច្នេះ?»។ លោក​យ៉ូអាប់​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ មក​ដល់។ សម្ដេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «សូម​អញ្ជើញ​ចូល​មក មនុស្ស​គួរ​គោរព​ដូច​លោក​នេះ​ពិត​ជា​នាំ​ដំណឹង‌ល្អ​មិន​ខាន»។ លោក​យ៉ូណា‌ថាន​ទូល​សម្ដេច​អដូ‌នី‌យ៉ា​វិញ​ថា៖ «មិន​មែន​ដូច្នេះ​ទេ ក្រាប​ទូល! ព្រះ‌បាទ​ដាវីឌ​ជា​អម្ចាស់​នៃ​យើង បាន​តែង‌តាំង​សម្ដេច​សាឡូម៉ូន​ជា​ព្រះ​មហា‌ក្សត្រ​ហើយ។ ព្រះ‌រាជា​ចាត់​លោក​បូជា‌ចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពេលេ‌ធីម​ឲ្យ​លើក​សម្ដេច​សាឡូម៉ូន​ឡើង​គង់​លើ​ខ្នង​លា​របស់​ស្ដេច ហើយ​ដង្ហែ​ចេញ​ទៅ។ លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន បាន​ចាក់​ប្រេង​អភិសេក​សម្ដេច​សាឡូម៉ូន​ជា​ស្ដេច នៅ​ត្រង់​ប្រភព​ទឹក​គីហុន។ ពួក​គេ​ឡើង​ពី​ទី​នោះ​មក​វិញ ដោយ​អំណរ​សប្បាយ ហើយ​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​បន្លឺ​សំឡេង​លាន់​ឮ​រំពង ដូច​អស់​លោក​បាន​ឮ​ស្រាប់។ លើស​ពី​នេះ សម្ដេច​សាឡូម៉ូន​ឡើង​គង់​លើ​រាជ​បល្ល័ង្ក ហើយ​ពួក​នាម៉ឺន​មន្ត្រី​នាំ​គ្នា​មក​ថ្វាយ​ពរ​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង ដោយ​ទូល​ថា“សូម​ព្រះ​របស់​ព្រះ‌ករុណា​ប្រទាន​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌នាម​ល្បី‌ល្បាញ ជាង​ព្រះ‌នាម​របស់​ព្រះ‌ករុណា​ទៅ​ទៀត។ សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​បាន​រុង​រឿង​ជាង​រាជ្យ​របស់​ព្រះ‌ករុណា!”។ ពេល​នោះ ព្រះ‌រាជា​ក៏​ក្រាប​ថ្វាយ‌បង្គំ នៅ​ក្នុង​ក្រឡា‌បន្ទំ ហើយ​មាន​រាជ‌ឱង្ការ​ថា: “សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ស្នង​រាជ្យ​បន្ត​ពី​ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​បាន​ឃើញ​ព្រឹត្តិ‌ការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក”»។ ឮ​ដូច្នេះ ភ្ញៀវ​ទាំង​ប៉ុន្មាន​របស់​សម្ដេច​អដូ‌នី‌យ៉ា​នាំ​គ្នា​ភ័យ​ញ័រ ហើយ​ប្រញាប់‌ប្រញាល់​បែក‌ខ្ញែក​គ្នា​អស់​ទៅ។ សម្ដេច​អដូ‌នី‌យ៉ា​ភ័យ​ខ្លាច​ព្រះ‌បាទ​សាឡូម៉ូន​យ៉ាង​ខ្លាំង សម្ដេច​ក៏​ប្រញាប់​រត់​ទៅ​តោង​ស្នែង​អាសនៈ។ មាន​គេ​មក​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «សម្ដេច​អដូ‌នី‌យ៉ា​ភ័យ​ខ្លាច​ព្រះ‌ករុណា​ណាស់ សម្ដេច​បាន​រត់​ទៅ​តោង​ស្នែង​អាសនៈ ទាំង​ពោល​ថា: សូម​ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ទ្រង់​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​មុខ​ដាវ​ទេ!»។ ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​គេ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​គួរ​ឲ្យ​គោរព​មែន សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​មិន​ជ្រុះ​ពី​ក្បាល​គេ​ដែរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ចិត្ត​អាក្រក់ នោះ​គេ​នឹង​ត្រូវ​ស្លាប់!»។ ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ ឲ្យ​ទៅ​យាង​សម្ដេច​អដូ‌នី‌យ៉ា​ចុះ​ពី​អាសនៈ។ សម្ដេច​ក៏​យាង​ចូល​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ម្ចាស់​បង​យាង​ត្រឡប់​ទៅ​ដំណាក់​វិញ​ចុះ»។

១ ពង្សាវតារក្សត្រ 1:28-53 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណ​នោះ ស្តេច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ហៅ​បាត‌សេបា​មក​នេះ ព្រះ‌នាង​ក៏​ចូល​មក​ឈរ​គាល់​នៅ​ចំពោះ​ស្តេច រួច​ស្តេច​ទ្រង់​មាន​បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ថា នៅ​ថ្ងៃ​នេះ យើង​នឹង​សំរេច​តាម​សេចក្ដី​ដែល​យើង​បាន​ស្បថ​នឹង​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ថា សាឡូម៉ូន​ជា​កូន​ឯង ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​យើង​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនួស​យើង ដូច្នេះ បាត‌សេបា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​បាន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ជានិច្ច​ត​ទៅ។ រួច​មក ស្តេច​ដាវីឌ ទ្រង់​មាន​បន្ទូល​ថា ចូរ​ហៅ​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ នឹង​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​មក​នេះ លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​នៅ​ចំពោះ​ស្តេច ទ្រង់​មាន​បន្ទូល​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​នាំ​យក​ពួក​ពល‌ទ័ព របស់​ចៅហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ជិះ​លើ​លា‌កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ ហើយ​ត្រូវ​ឲ្យ​សាដុក​ដ៏​ជា​សង្ឃ នឹង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ក្រោយ​មកត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​ដំរូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ក៏​ទូល​ឆ្លើយ​ថា អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដ៏​ជា​ម្ចាស់​នៃ​ទូលបង្គំ បាន​ព្រម​ដូច្នេះ​ដែរ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​នៅ​ជា​មួយ​នឹង​សាឡូម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូលបង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ​ទៅ​ទៀត​ផង។ ដូច្នេះ សាដុក ដ៏​ជា​សង្ឃ ណាថាន់ ជា​ហោរា​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ហើយ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូម៉ូន​នៅ​លើ​លា‌កាត់​របស់​ស្តេច​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន ឯ​សាដុក ដ៏​ជា​សង្ឃ លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូម៉ូន រួច​គេ​ផ្លុំ​ត្រែ​ឡើង ហើយ​បណ្តាជន​ទាំង‌ឡាយ​គេ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​បាន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ស្រេច​ហើយ បណ្តាជន​ទាំង​អស់​ក៏​ដង្ហែ​អង្គ​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្ដី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ផែនដី​ក៏​ខ្ទរ ដោយ​សូរ​សព្ទ​អឺង‌កង​របស់​គេ។ ឯ​អ័ដូ‌នីយ៉ា នឹង​ពួក​ភ្ញៀវ​ដែល​នៅ​ជា​មួយ គេ​ក៏​ឮ​ក្នុង​កាល​ដែល​គេ​ស៊ីលៀង​រួច កាល​យ៉ូអាប់​បាន​ឮ​សូរ​ផ្លុំ​ត្រែ នោះ​លោក​សួរ​ថា ហេតុ​អ្វី​បាន​ជា​មាន​សូរ​អឺង‌កង​នៅ​ក្នុង​ទី​ក្រុង​ដូច្នេះ កាល​លោក​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ក៏​ចូល​មក​ដល់ អ័ដូ‌នីយ៉ា​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ចូល​មក​ចុះ ដ្បិត​ឯង​ជា​មនុស្ស​ក្លាហាន​ពិត ក៏​នាំ​ដំណឹង​ល្អ​មក នោះ​យ៉ូណា‌ថាន​ក៏​ទូល​តប​ទៅ​អ័ដូ‌នីយ៉ា​ថា ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សាឡូម៉ូន​ឲ្យ​សោយ‌រាជ្យ​ឡើង​ជា​ពិត​ហើយ ទ្រង់​បាន​ចាត់​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម​ផង ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច ហើយ​សាដុក​ដ៏​ជា​សង្ឃ នឹង​ហោរា​ណាថាន់ បាន​ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​នៅ​ត្រង់​គីហុន រួច​គេ​ឡើង​ពី​នោះ​មក ដោយ​រីក‌រាយ​សាទរ ដល់​ម៉្លេះ​បាន​ជា​ឮ​សូរ​អឺង‌កង​នៅ​ទី​ក្រុង គឺ​សូរ​នោះ​ហើយ ដែល​អស់​លោក​អ្នក​បាន​ឮ ឯ​សាឡូម៉ូន​ទ្រង់​គង់​លើ​បល្ល័ង្ក‌រាជ្យ​ហើយ មួយ​ទៀត ពួក​លោក ជា​ជំនិត​ស្តេច បាន​មក​ចំរើន​ពរ​ដល់​ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​ដំកើង​ព្រះ‌នាម​សាឡូម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាមនៃ​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត ឯ​ស្តេច ទ្រង់​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ ហើយ​មាន​បន្ទូល​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្ក​នៃ​ទូលបង្គំ​នៅ​ថ្ងៃ​នេះ ឲ្យ​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ផង។ ឯ​ពួក​ភ្ញៀវ​របស់​អ័ដូ‌នីយ៉ា គេ​មាន​សេចក្ដី​តក់‌ស្លុត​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង​ចេញ​ទៅ​តាម​ផ្លូវ​គេ​រៀង​ខ្លួន​ទៅ អ័ដូ‌នីយ៉ា​ក៏​ភ័យ​ខ្លាច ដោយ​ព្រោះ​សាឡូម៉ូន​ដែរ ទ្រង់​ក្រោក​ឡើង​ទៅ​ចាប់​កាន់​ស្នែង​អាសនា មាន​គេ​ទៅ​ទូល​សាឡូម៉ូន​ថា មើល អ័ដូ‌នីយ៉ា​ខ្លាច​ដល់​ទ្រង់ ក៏​បាន​ទៅ​ចាប់​កាន់​ស្នែង​អាសនា ដោយ​ពាក្យ​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​ស្បថ​នឹង​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​មិន​សំឡាប់​ទូលបង្គំ​ជា​ខ្ញុំ​ដោយ​ដាវ​ឡើយ នោះ​សាឡូម៉ូន​មាន​បន្ទូល​ថា បើ​វា​នឹង​សំដែង​ខ្លួន​ថា​ជា​មនុស្ស​គួរ​គប្បី នោះ​សូម្បី​សក់​ក្បាល​១​សរសៃ​របស់​វា ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​បើ‌សិន​ជា​ប្រទះ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់​វិញ ដូច្នេះ ស្តេច​សាឡូម៉ូន​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​ចុះ​ពី​អាសនា​មក នោះ​អ័ដូ‌នីយ៉ា​ក៏​មក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ស្តេច​សាឡូម៉ូន រួច​ទ្រង់​មាន​បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ។