១ ពង្សាវ‌តារ‌ក្សត្រ 1:28-53

១ ពង្សាវ‌តារ‌ក្សត្រ 1:28-53 គកស១៦

ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ចូរ​ហៅ​បាត‌សេ‌បា​មក​នេះ» ព្រះ‌នាង​ក៏​ចូល​មក​គាល់​ស្តេច។ រួច​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​គ្រប់​យ៉ាង ដូច​ដែល​យើង​បាន​ស្បថ​នឹង​នាង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា "ត្រូវ​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​នាង សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង" ដូច្នេះ យើង​នឹង​សម្រេច​នៅ​ថ្ងៃ​នេះ»។ ពេល​នោះ បាត‌សេ‌បា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​មាន​ព្រះជន្ម​យឺន​យូរ​ជា‌និច្ច​ត​ទៅ»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ហៅ​សង្ឃ​សាដុក ហោរា​ណាថាន់ និង​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា​មក​នេះ» លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ស្តេច ស្ដេច​មាន​រាជ‌ឱង្ការ​បង្គាប់​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នាំ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​របស់​យើង ឲ្យ​ជិះ​លើ​លា​កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ ហើយ​ត្រូវ​ឲ្យ​សង្ឃ​សាដុក និង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា "សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!"។ ក្រោយ​មក អ្នក​រាល់​គ្នា​ត្រូវ​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​តម្រូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា»។ បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ក៏​ទូល​ឆ្លើយ​ថា៖ «អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ បាន​ព្រម​ដូច្នេះ​ដែរ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​ជា‌មួយ​សាឡូម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា‌មួយ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ទៅ​ទៀត​ផង»។ ដូច្នេះ សង្ឃ​សាដុក ណាថាន់ ជា​ហោរា​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ហើយ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូម៉ូន​នៅ​លើ​លា‌កាត់​របស់​ព្រះបាទ​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន ឯ​សង្ឃ​សាដុក លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូម៉ូន រួច​គេ​ផ្លុំ​ត្រែ ហើយ​ប្រជាជន​បន្លឺ​ឡើង​ថា៖ «សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!»។ ប្រជាជន​ទាំង​អស់​បាន​ដង្ហែ​ស្ដេច​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្ដី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង សំឡេង​សូរ​សព្ទ​អឺង‌កង​របស់​គេ បាន​លាន់​ឮ​ខ្ទរ​ផែនដី។ ឯ​អ័ដូ‌នីយ៉ា និង​ពួក​ភ្ញៀវ​ដែល​នៅ​ជា‌មួយ បាន​ជប់លៀង​រួច​ហើយ គេ​ក៏​បាន​ឮ​ដែរ។ ពេល​យ៉ូអាប់​បាន​ឮ​សូរ​ផ្លុំ​ត្រែ នោះ​លោក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សូរ​អឺង‌កង​នៅ​ក្នុង​ទី​ក្រុង​ដូច្នេះ?»។ ខណៈ​ដែល​លោក​កំពុង​និយាយ​នៅ​ឡើយ នោះ​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ដែល​ជា​សង្ឃ ក៏​ចូល​មក​ដល់ អ័ដូ‌នីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «ចូរ​ចូល​មក​ចុះ ដ្បិត​លោក​ជា​មនុស្ស​ក្លាហាន ហើយ​លោក​ច្បាស់​ជា​នាំ​ដំណឹង​ល្អ​មក​មិន​ខាន»។ យ៉ូណា‌ថាន​ទូល​តប​ទៅ​អ័ដូ‌នីយ៉ាថា៖ «ព្រះបាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សាឡូម៉ូន​ឲ្យ​ឡើង​សោយ‌រាជ្យ​ធ្វើ​ជា​ស្ដេច​ហើយ ទ្រង់​បាន​ចាត់​សង្ឃ​សាដុក ហោរា​ណាថាន់ បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ដែរ ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច ហើយ​សង្ឃ​សាដុក និង​ហោរា​ណាថាន់ បាន​ចាក់​ប្រេង​តាំង​លោក​ជា​ស្តេច​នៅ​ត្រង់​គីហុន រួច​គេ​ឡើង​ពី​នោះ​មក ដោយ​រីក‌រាយ​សាទរ ដល់​ម៉្លេះ​បាន​ជា​ឮ​សូរ​អឺង‌កង​នៅ​ទី​ក្រុង គឺ​សូរ​នោះ​ហើយ ដែល​អស់​លោក​អ្នក​បាន​ឮ។ ឯ​សាឡូម៉ូន​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​ហើយ។ មួយ​ទៀត ពួក​លោក​ជា​ជំនិត​ស្តេច បាន​មក​ចម្រើន​ពរ​ដល់​ព្រះបាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា "សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​តម្កើង​ព្រះ‌នាម​សាឡូម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាម​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត"។ ឯ​ព្រះរាជា​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ ហើយ​មាន​រាជ‌ឱង្ការ​ថា "សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ប្រកប​ដោយ​ព្រះពរ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​មាន​ម្នាក់ អង្គុយ​លើ​បល្ល័ង្ក​របស់​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ ឲ្យ​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ"»។ បន្ទាប់​មក ពួក​ភ្ញៀវ​របស់​អ័ដូ‌នីយ៉ា​មាន​សេចក្ដី​តក់‌ស្លុត​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង​ចេញ​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន។ អ័ដូ‌នីយ៉ា​ក៏​ភ័យ​ខ្លាច ដោយ​ព្រោះ​សាឡូម៉ូន​ដែរ ទ្រង់​ក្រោក​ឡើង​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា មាន​គេ​ទៅ​ទូល​សាឡូម៉ូន​ថា៖ «អ័ដូ‌នីយ៉ា​ខ្លាច​ទ្រង់ ក៏​បាន​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា ដោយ​ពោល​ថា "សូម​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​នឹង​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​មិន​សម្លាប់​ទូល‌បង្គំ​ដោយ​ដាវ​ឡើយ"»។ ព្រះបាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន‌បើ​គេ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​គួរ​គោរព នោះ​សូម្បី​សក់​ក្បាល​មួយ​សរសៃ​របស់​គេ ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​ប្រសិន‌បើ​ប្រទះ​ឃើញ​មាន​អំពើ​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់»។ ពេល​នោះ ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​ចុះ​ពី​អាស‌នា​មក នោះ​អ័ដូ‌នីយ៉ា​ក៏​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌បាទ​សាឡូម៉ូន រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ផ្ទះ​វិញ​ចុះ»។