១ ពង្សាវតារក្សត្រ 1:28-53

១ ពង្សាវតារក្សត្រ 1:28-53 ពគប

ខណ​នោះ ស្តេច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ហៅ​បាត‌សេបា​មក​នេះ ព្រះ‌នាង​ក៏​ចូល​មក​ឈរ​គាល់​នៅ​ចំពោះ​ស្តេច រួច​ស្តេច​ទ្រង់​មាន​បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ថា នៅ​ថ្ងៃ​នេះ យើង​នឹង​សំរេច​តាម​សេចក្ដី​ដែល​យើង​បាន​ស្បថ​នឹង​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ថា សាឡូម៉ូន​ជា​កូន​ឯង ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​យើង​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនួស​យើង ដូច្នេះ បាត‌សេបា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​បាន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ជានិច្ច​ត​ទៅ។ រួច​មក ស្តេច​ដាវីឌ ទ្រង់​មាន​បន្ទូល​ថា ចូរ​ហៅ​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ នឹង​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​មក​នេះ លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​នៅ​ចំពោះ​ស្តេច ទ្រង់​មាន​បន្ទូល​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​នាំ​យក​ពួក​ពល‌ទ័ព របស់​ចៅហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ជិះ​លើ​លា‌កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ ហើយ​ត្រូវ​ឲ្យ​សាដុក​ដ៏​ជា​សង្ឃ នឹង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ក្រោយ​មកត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​ដំរូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ក៏​ទូល​ឆ្លើយ​ថា អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដ៏​ជា​ម្ចាស់​នៃ​ទូលបង្គំ បាន​ព្រម​ដូច្នេះ​ដែរ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​នៅ​ជា​មួយ​នឹង​សាឡូម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូលបង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ​ទៅ​ទៀត​ផង។ ដូច្នេះ សាដុក ដ៏​ជា​សង្ឃ ណាថាន់ ជា​ហោរា​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ហើយ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូម៉ូន​នៅ​លើ​លា‌កាត់​របស់​ស្តេច​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន ឯ​សាដុក ដ៏​ជា​សង្ឃ លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូម៉ូន រួច​គេ​ផ្លុំ​ត្រែ​ឡើង ហើយ​បណ្តាជន​ទាំង‌ឡាយ​គេ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​បាន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ស្រេច​ហើយ បណ្តាជន​ទាំង​អស់​ក៏​ដង្ហែ​អង្គ​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្ដី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ផែនដី​ក៏​ខ្ទរ ដោយ​សូរ​សព្ទ​អឺង‌កង​របស់​គេ។ ឯ​អ័ដូ‌នីយ៉ា នឹង​ពួក​ភ្ញៀវ​ដែល​នៅ​ជា​មួយ គេ​ក៏​ឮ​ក្នុង​កាល​ដែល​គេ​ស៊ីលៀង​រួច កាល​យ៉ូអាប់​បាន​ឮ​សូរ​ផ្លុំ​ត្រែ នោះ​លោក​សួរ​ថា ហេតុ​អ្វី​បាន​ជា​មាន​សូរ​អឺង‌កង​នៅ​ក្នុង​ទី​ក្រុង​ដូច្នេះ កាល​លោក​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ក៏​ចូល​មក​ដល់ អ័ដូ‌នីយ៉ា​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ចូល​មក​ចុះ ដ្បិត​ឯង​ជា​មនុស្ស​ក្លាហាន​ពិត ក៏​នាំ​ដំណឹង​ល្អ​មក នោះ​យ៉ូណា‌ថាន​ក៏​ទូល​តប​ទៅ​អ័ដូ‌នីយ៉ា​ថា ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សាឡូម៉ូន​ឲ្យ​សោយ‌រាជ្យ​ឡើង​ជា​ពិត​ហើយ ទ្រង់​បាន​ចាត់​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម​ផង ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច ហើយ​សាដុក​ដ៏​ជា​សង្ឃ នឹង​ហោរា​ណាថាន់ បាន​ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​នៅ​ត្រង់​គីហុន រួច​គេ​ឡើង​ពី​នោះ​មក ដោយ​រីក‌រាយ​សាទរ ដល់​ម៉្លេះ​បាន​ជា​ឮ​សូរ​អឺង‌កង​នៅ​ទី​ក្រុង គឺ​សូរ​នោះ​ហើយ ដែល​អស់​លោក​អ្នក​បាន​ឮ ឯ​សាឡូម៉ូន​ទ្រង់​គង់​លើ​បល្ល័ង្ក‌រាជ្យ​ហើយ មួយ​ទៀត ពួក​លោក ជា​ជំនិត​ស្តេច បាន​មក​ចំរើន​ពរ​ដល់​ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​ដំកើង​ព្រះ‌នាម​សាឡូម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាមនៃ​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត ឯ​ស្តេច ទ្រង់​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ ហើយ​មាន​បន្ទូល​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្ក​នៃ​ទូលបង្គំ​នៅ​ថ្ងៃ​នេះ ឲ្យ​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ផង។ ឯ​ពួក​ភ្ញៀវ​របស់​អ័ដូ‌នីយ៉ា គេ​មាន​សេចក្ដី​តក់‌ស្លុត​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង​ចេញ​ទៅ​តាម​ផ្លូវ​គេ​រៀង​ខ្លួន​ទៅ អ័ដូ‌នីយ៉ា​ក៏​ភ័យ​ខ្លាច ដោយ​ព្រោះ​សាឡូម៉ូន​ដែរ ទ្រង់​ក្រោក​ឡើង​ទៅ​ចាប់​កាន់​ស្នែង​អាសនា មាន​គេ​ទៅ​ទូល​សាឡូម៉ូន​ថា មើល អ័ដូ‌នីយ៉ា​ខ្លាច​ដល់​ទ្រង់ ក៏​បាន​ទៅ​ចាប់​កាន់​ស្នែង​អាសនា ដោយ​ពាក្យ​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​ស្បថ​នឹង​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​មិន​សំឡាប់​ទូលបង្គំ​ជា​ខ្ញុំ​ដោយ​ដាវ​ឡើយ នោះ​សាឡូម៉ូន​មាន​បន្ទូល​ថា បើ​វា​នឹង​សំដែង​ខ្លួន​ថា​ជា​មនុស្ស​គួរ​គប្បី នោះ​សូម្បី​សក់​ក្បាល​១​សរសៃ​របស់​វា ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​បើ‌សិន​ជា​ប្រទះ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់​វិញ ដូច្នេះ ស្តេច​សាឡូម៉ូន​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​ចុះ​ពី​អាសនា​មក នោះ​អ័ដូ‌នីយ៉ា​ក៏​មក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ស្តេច​សាឡូម៉ូន រួច​ទ្រង់​មាន​បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ។