ទំនុកតម្កើង 88:1-9

ទំនុកតម្កើង 88:1-9 គខប

ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ​អើយ ពេល​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ពេល​យប់ ទូលបង្គំ​នៅ​តែ​រក​ព្រះអង្គ​ដដែល។ សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ បាន​ឡើង​ទៅ​ដល់​ព្រះអង្គ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​សម្រែក របស់​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ឥត​ឧបមា សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូលបង្គំ​ហើយ។ គេ​ចាត់​ទុក​ទូលបង្គំ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​ដែល​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ឬ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស ដែល​លែង​មាន​កម្លាំង​ទៀត។ ទូលបង្គំ​ដេក​ស្តូក​ដូច​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្នូរ ទូលបង្គំ​ប្រៀប​បាន​នឹង​អស់​អ្នក​ដែល​ព្រះអង្គ លែង​នឹក​នា និង​លែង​ជួយ​ទៀត។ ព្រះអង្គ​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​នៃ​សេចក្ដី​ស្លាប់។ ព្រះ‌ពិរោធ​របស់​ព្រះអង្គ​សង្កត់​មក​លើ​ទូលបង្គំ ដូច​ទឹក​រលក​បក់​បោក​មក​លើ​ទូលបង្គំ។ - សម្រាក ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ពើម​ទូលបង្គំ ទូលបង្គំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។ ភ្នែក​ទូលបង្គំ​ស្រវាំង ដោយ​កើត​ទុក្ខ​វេទនា​ខ្លាំង​ពេក ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ! ទូលបង្គំ​លើក​ដៃ​ឡើង​ទៅ​រក​ព្រះអង្គ!