ទំនុកតម្កើង 88:1-9

ទំនុកតម្កើង 88:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌សង្គ្រោះ​របស់​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែកអំពាវ​នាវ​នៅ​ចំពោះ​ព្រះ‌អង្គ ទាំង​យប់​ទាំង​ថ្ងៃ។ សូម​ឲ្យពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ បាន​ចូលឡើង​ទៅ​ដល់​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សម្រែក របស់​ទូល‌បង្គំ​ផង។ ដ្បិត​ព្រលឹង​ទូល‌បង្គំ​មាន​ពេញ ដោយ​សេចក្ដី​វេទនា ហើយ​ជីវិត​ទូល‌បង្គំ​ខិត​ទៅ​ជិត ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ។ គេ​រាប់​ទូល‌បង្គំ​ក្នុង​ចំណោម​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ ទូល‌បង្គំ​ជា​មនុស្ស​ដែល​គ្មាន​កម្លាំង ដូច​ជា​អ្នកដែល​ត្រូវ​គេ​បោះ‌បង់​ចោល នៅ​កណ្ដាល​ពួក​មនុស្ស​ស្លាប់ ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ដែល​ដេក​នៅ​ក្នុង​ផ្នូរ ដូច​ជា​អស់​អ្នក​ដែល​ព្រះ‌អង្គ​លែង​នឹក​នា ហើយ​ត្រូវ​បាន​កាត់​ចេញ ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ផ្តេក​ទូល‌បង្គំ​នៅ​ក្នុង​រណ្តៅ​ដ៏​ជ្រៅ នៅ​ក្នុង​ទី​ងងឹត និង​ទី​ជម្រៅ។ សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សង្កត់​លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ហើយ​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ទូល‌បង្គំ ដោយ​អស់​ទាំង​រលក​របស់​ព្រះ‌អង្គ។ –បង្អង់ ៙ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យគូកន​របស់​ទូល‌បង្គំ គេច​មុខ​ពីទូល‌បង្គំ ក៏​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ត្រឡប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​គេ ទូល‌បង្គំ​ត្រូវ​បង្ខាំង មិន​អាច​គេច​ចេញ​បាន​ឡើយ។ ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​សារ​ទុក្ខ​ព្រួយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​អំពាវនាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ ទូល‌បង្គំ​បាន​ប្រទូល​ដៃ​ទៅ​រក​ព្រះ‌អង្គ។

ទំនុកតម្កើង 88:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ​អើយ ពេល​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ពេល​យប់ ទូលបង្គំ​នៅ​តែ​រក​ព្រះអង្គ​ដដែល។ សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ បាន​ឡើង​ទៅ​ដល់​ព្រះអង្គ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​សម្រែក របស់​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ឥត​ឧបមា សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូលបង្គំ​ហើយ។ គេ​ចាត់​ទុក​ទូលបង្គំ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​ដែល​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ឬ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស ដែល​លែង​មាន​កម្លាំង​ទៀត។ ទូលបង្គំ​ដេក​ស្តូក​ដូច​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្នូរ ទូលបង្គំ​ប្រៀប​បាន​នឹង​អស់​អ្នក​ដែល​ព្រះអង្គ លែង​នឹក​នា និង​លែង​ជួយ​ទៀត។ ព្រះអង្គ​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​នៃ​សេចក្ដី​ស្លាប់។ ព្រះ‌ពិរោធ​របស់​ព្រះអង្គ​សង្កត់​មក​លើ​ទូលបង្គំ ដូច​ទឹក​រលក​បក់​បោក​មក​លើ​ទូលបង្គំ។ - សម្រាក ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ពើម​ទូលបង្គំ ទូលបង្គំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។ ភ្នែក​ទូលបង្គំ​ស្រវាំង ដោយ​កើត​ទុក្ខ​វេទនា​ខ្លាំង​ពេក ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ! ទូលបង្គំ​លើក​ដៃ​ឡើង​ទៅ​រក​ព្រះអង្គ!

ទំនុកតម្កើង 88:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​នៅ​ចំពោះ​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ បាន​ចូល​មក​នៅ​ចំពោះ​ទ្រង់ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូលបង្គំ​ទូល‌អង្វរ​ផង ដ្បិត​ព្រលឹង​នៃ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្ដី​វេទនា ជីវិត​នៃ​ទូលបង្គំ​ក៏​កាន់​តែ​ជិត​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គេ​រាប់​ទូលបង្គំ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​កំពុង​តែ ចុះ​ទៅ​ក្នុង​រណ្តៅ ទូលបង្គំ​ក៏​ដូច​ជា​មនុស្ស​ដែល​គ្មាន​កំឡាំង ត្រូវ​បោះ‌បង់​ចោល​នៅ​កណ្តាល​ពួក​មនុស្ស​ស្លាប់​ហើយ ដូច​ជា​អ្នក​១​ដែល​ត្រូវ​គេ​កាប់​សំឡាប់ ដែល​ដេក​នៅ​ក្នុង​ផ្នូរ ជា​អ្នក​ដែល​ទ្រង់​មិន​នឹក​ចាំ​ទៀត​សោះ ហើយ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់​ទៅ ទ្រង់​បាន​ផ្តេក​ទូលបង្គំ​នៅ​ក្នុង​រណ្តៅ​ជ្រៅ​បំផុត គឺ​ក្នុង​ទី​ងងឹត នៅ​ទី​ជំរៅ សេចក្ដី​ក្រោធ​របស់​ទ្រង់​កំពុង​តែ​សង្កត់​លើ​ទូលបង្គំ​ជា​ធ្ងន់ ទ្រង់​បាន​ធ្វើ​ទុក្ខ​ទូលបង្គំ ដោយ​អស់​ទាំង​រលក​ទ្រង់។ –បង្អង់ ៙ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​មិត្ត‌ភក្តិ​របស់​ទូលបង្គំ​ឃ្លាត​ឆ្ងាយ​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ត្រឡប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​គេ ទូលបង្គំ​ត្រូវ​បង្ខាំង​នៅ នឹង​ចេញ​មក​មិន​រួច ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​រាល់​តែ​ថ្ងៃ​ជានិច្ច ទូលបង្គំ​បាន​ប្រទូល​ដៃ​ចំពោះ​ទ្រង់