ទំនុកតម្កើង 5:1-12

ទំនុកតម្កើង 5:1-12 គខប

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​ឈឺ​ចាប់ របស់​ទូលបង្គំ​ផង។ ឱ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សូរ​សម្រែក របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​អធិស្ឋាន​រក​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ! នៅ​ពេល​ព្រឹក ព្រះអង្គ​ព្រះ‌សណ្ដាប់​សំឡេង របស់​ទូលបង្គំ ទូលបង្គំ​ចូល​មក​គាល់ ហើយ​នៅ​រង់‌ចាំ​ព្រះអង្គ តាំង​ពី​ព្រលឹម។ ព្រះអង្គ​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫទ័យ នឹង​អំពើ​ទុច្ចរិត​នោះ​ទេ អំពើ​អាក្រក់​ពុំ​អាច​នៅ​ក្បែរ​ព្រះអង្គ​បាន​ឡើយ។ ព្រះអង្គ​មិន​ចង់​ឃើញ​មនុស្ស​ព្រហើន ចូល​មក​ជិត​ព្រះអង្គ​ទេ ព្រះអង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ពួក​កុហក​វិនាស​សាប‌សូន្យ។ ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម​អ្នក​បង្ហូរ​ឈាម និង​អ្នក​មាន​ល្បិច‌កល។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​បាន ដោយ‌សារ​តែ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស យ៉ាង​ខ្លាំង​ចំពោះ​ទូលបង្គំ ទូលបង្គំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ព្រះ‌វិហារ​ដ៏វិសុទ្ធ របស់​ព្រះអង្គទាំង​គោរព​កោត​ខ្លាច។ ឱ​ព្រះ‌អម្ចាស់​អើយ! មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ទូលបង្គំ! សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ សូម​ពង្រាប​ផ្លូវ​របស់​ព្រះអង្គ​នៅ​មុខ​ទូលបង្គំ​ផង។ អ្នក​ទាំង​នោះ​មាន​ពាក្យ​សម្ដី​មិន​ទៀង​ទេ គេ​គិត​តែ​ចង់​បំផ្លិច‌បំផ្លាញ អណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើច‌បញ្ចើ តែ​មាន​បង្កប់​ទៅ​ដោយ​ពិស‌ពុល សម្រាប់​ប្រហារ​ជីវិត។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ដាក់​ទោស​គេ​ទៅ! សូម​ឲ្យ​គេ​វិនាស​អន្តរាយ ដោយ‌សារ​គម្រោង‌ការ​របស់​ខ្លួន គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​រាប់​មិន​អស់ ព្រោះ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ដូច្នេះ សូម​កាត់‌កាល់​គេ​ចោល​ទៅ។ រីឯ​អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ គេ​នឹង​មាន​អំណរ គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​នឹង​រក្សា​ការពារ​គេ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះអង្គ នឹង​សប្បាយ​រីក‌រាយ​រួម​ជា​មួយ​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។